សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​សមាជរដ្ឋសភានិងព្រឹទ្ធសភា អង្គុយដឹកនាំកិច្ចប្រជុំ​សមាជរដ្ឋសភានិងព្រឹទ្ធសភា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ (រូបភាព៖ រដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា)


សមាជរដ្ឋសភានិងព្រឹទ្ធសភា បង្ហាញថាសេចក្តីសម្រេចរបស់ខ្លួនទាំងបី អំពីប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និងវិស័យកសិកម្ម ជាមូលដ្ឋានក្នុងការអនុវត្តមានតម្លៃខ្ពស់បំផុត និងគាំទ្រ ជំរុញ រាជរដ្ឋាភិបាល​​ពង្រឹង​ការអនុវត្ត​របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចេញថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បង្ហាញថា​សមាជរដ្ឋសភានិងព្រឹទ្ធសភាពបានពិភាក្សា​យ៉ាងផុលផុស​លើ​ប្រធានបទ​​ប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និងវិស័យកសិកម្ម ដោយមានសមាជិករដ្ឋសភា និងព្រឹទ្ធសភា បាន​ឡើងពីការយល់ឃើញ ​រិះគន់​ស្ថាបនា និងជំរុញរាជរដ្ឋាភិបាលពង្រឹងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

សម្រាប់ សេចក្តីសម្រេចស្តីពីប្រព័ន្ធគាំពារសង្គមរបស់សមាជរដ្ឋសភានិងព្រឹទ្ធសភា បង្ហាញពីការគាំទ្រ​ទៅ​លើ​​ការអនុវត្ត​របស់រាជរដ្ឋាភិបាលថា​៖ «សមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គាំទ្រទាំង​​ស្រុង​នូវទិសដៅយុទ្ធសាស្ត្រ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដូច​បាន​កំណត់​ក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ និងក្របខណ្ឌ​គោលនយោបាយជាតិ​គាំពារសង្គម របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលស្របនឹងស្ថានភាពសេដ្ឋកិច្ច និង​សង្គម​កម្ពុជា ទាំង​បច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលនៃអាណត្តិទី៧។»

ក្នុងប្រធានបទប្រព័ន្ធគាំពាសង្គម លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ដើម្បី​កសាង​ប្រព័ន្ធគាំពារសង្គមឱ្យមានភាពរឹងមាំ ត្រូវផ្តោត​លើធាតុសំខាន់ៗចំនួន ៣ រួមមាន៖ ទី១.រៀបចំ​ក្របខណ្ឌ​គតិយុត្ត ឯកសារគោលនយោបាយ ទី២.ប្រព័ន្ធគាំពារសង្គមឌីជីថល យន្តការតាមដានវាយតម្លៃ និងទី៣.ការដាក់ចេញផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ សម្រាប់​អនុវត្តកម្ម​វិធី​ជាតិជំនួយសង្គម របបសន្តិសុខ​សង្គម និងអន្តរាគមន៍គាំពារសង្គមជាបន្តបន្ទាប់។ លោកបន្តថា ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជ​ថវិកា​ប្រមាណ ២៥៧លានដុល្លារអាមេរិក។

ចំពោះ សេចក្តីសម្រេចស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់សមាជរដ្ឋសភានិងព្រឹទ្ធសភា បង្ហាញពីការគាំទ្រ​ទៅលើ​​ការអនុវត្ត​របស់រាជរដ្ឋាភិបាលថា​៖ «សមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ​ទាំង​​ស្រុង​នូវយុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន និង​ទៅ​អនាគត ក្នុងរយៈពេលនៃអាណត្តិទី៧។»

ក្នុងប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ក្នុងការគោលដៅលើកទឹកចិត្ត​អ្នកប្រកបរបរ និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យល្អប្រសើរ និង ផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម។

បើយោងទៅតាមតួលេខអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩ គឺមានកម្លាំងពលកម្មប្រមាណ ៧,៩លាន​នាក់ ដោយនៅក្នុងនោះ ១,៧លាននាក់ ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង ៦,២ លាននាក់ ធ្វើការក្នុងវិស័យ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាហេតុនាំឱ្យអាច​ខ្វះលទ្ធភាពទទួលបានសេវាសំខាន់ៗ​ដែល​ធ្វើ​ឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធងាយរងគ្រោះដោយសារវិបត្តិ។

ចំណែក សេចក្តីសម្រេចស្តីពីវិស័យកសិកម្ម​របស់សមាជរដ្ឋសភានិងព្រឹទ្ធសភា បង្ហាញពីការគាំទ្រទៅលើ​ការអនុវត្ត​របស់រាជរដ្ឋាភិបាលថា​៖ «សមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ​ទាំង​ស្រុង​​នូវ​​គោលនយោបាយទូទៅ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយ​អាទិភាព​របស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្មដែលជាគោលនយោបាយដ៏ត្រឹមត្រូវ ស្របនឹងស្ថានភាព​សេដ្ឋកិច្ច និង​សង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលនីតិកាលទី៧ នៃរដ្ឋសភា។»

ក្នុងប្រធានបទកសិកម្ម លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល​មាន​កម្មវិធីគោលនយោបាយ ២ សំខាន់ ទាក់ទងនឹងវិស័យកសិកម្ម គឺទី១.យន្តការសម្របសម្រួល​និង​កម្មវិធី​ហិរញ្ញប្បទាន និងទី២.ការដាក់ពង្រាយមន្ត្រីកសិកម្មទៅគ្រប់ឃុំ សង្កាត់ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍​វិស័យ​កសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុងក ធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

មួយវិញទៀតគិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ ១៦,៧% ក្នុងផលិតផល​សរុប​ក្នុងស្រុក។

គួរបញ្ជាក់ថា មុនផ្តើមប្រជុំតាមរបៀបវារៈទាំងបី គឺអង្គសមាជ បានឯកភាពគ្នាជាឯកច្ឆន្ទ​គាំទ្រយន្តការ ដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលជាមួយប្រទេសថៃតាមរយៈការទូត ការចរចា ស្វ័យការពារខ្លួន ប្រើប្រាស់ច្បាប់អន្តរជាតិ និងគាំទ្រពេញទំហឹងចំពោះការនាំយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (I.C.J)។

មួយវិញទៀតមុនពេលមានកម្មវិធីសមាជរដ្ឋសភានិងព្រឹទ្ធសភាខាងលើ គឺមានលិខិតពីលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំកោះប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើ​ប្រធាន​បទ​សំខាន់​ចំនួន៣ របស់​ប្រទេស​ជាតិ។ នេះបើយោងតាមលិខិតលេខ ២៣៧ លស ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

អត្តបទដោយលោក ហេង រិទ្ធ

Post a Comment

Previous Post Next Post