ប្រទេសថៃឈ្លានពានដែនអធិបតេយ្យប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥

រូបភាព៖ khmertimeskh


ប្រទេសថៃឈ្លាន​ពាន​យោធាយ៉ាងសាហាវឃោរឃៅមកលើប្រទេសកម្ពុជា រយៈពេល ៥ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចព្រមព្រៀង​បទឈប់​បាញ់​របស់កម្ពុជា-ថៃ នៅ​ប្រទេស​ម៉ាឡេស៊ី ដោយមានការចូលរួមតាមដានពីប្រទេសអាមេរិក និងប្រទេសចិន ថ្ងៃទី២៩ ខែឆ្នាំដដែល។

ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បង្ហាញថានៅពេលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោស​ជា​សាធារណៈចំពោះទង្វើឈ្លាន​ពានយ៉ាង​សាហាវឃោរឃៅរបស់យោធាប្រទេសថៃ មកលើអធិបតេយ្យរបស់​កម្ពុជា ដោយការរាយលួសបន្លាតាម​ជើង​ប្រាសាទ ការបង្ហោះដ្រូន ការបាញ់ឡើងលើ និងការបាញ់​ប្រហារ​មុន​មក​លើកងទ័ពកម្ពុជា ព្រមទាំង​ប្រើប្រាស់យន្តហោះចម្បាំងប្រភេទF-16​ចូលទៅតំបន់ប្រាសាទ​តាមាន់ធំ ប្រាសាទតាក្របី ភ្នំខ្មោច មុំបី និងបានពង្រីកការវាយប្រហារទៅតំបន់​ផ្សេងទៀត។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានបញ្ជាក់ពីការឈ្លានរបស់ប្រទេសថៃមកលើប្រទេស​កម្ពុជាថា៖ «ដោយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ០៦:៣០នាទី ភាគីថៃ​បាន​ចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើ​ប្រាសាទ​តាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង 0៧:០៤នាទី ភាគីថៃ​បាន​បង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ។»

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានបន្តថា៖ «បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹក​នេះ កងទ័ពឈ្លានពានថៃបានបើកការបាញ់​ប្រហារមុន​មក​លើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅ​បាញ់​ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារ​ទៅ​ដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងប្រភេទF-16 បានទម្លាក់ចំនួន០២ គ្រាប់ នៅផ្លូវវត្ត​កែវសិក្ខគីរីស្វារៈវេលាម៉ោង១០:៤០នាទី ដែលបាននិងកំពុង​ឈរ​ជើង​​ការពារបូរណភាព​ទឹកដីរបស់ខ្លួនក្នុង​ភូមិសាស្ត្រ​ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ […]។»

នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើក៏បានបញ្ជាក់ថា នៅ​វេលាម៉ោង ៨:៤៧នាទីព្រឹក ​​ប្រទេសកម្ពុជា បាន​​ប្រើប្រាស់​​សិទ្ធិ​ការពារ​ខ្លួនក្នុងដែនអធិបតេយ្យដែនដីរបស់​ខ្លួន និងបានប្រឆាំង​ការឈ្លាន​ពាន​​​របស់​ទាហាន​ថៃ ​ដែល​បានបំពានលើ​ទឹកដី​ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា​បង្ហាញពី​រក្សា​សិទ្ធិ​ស្រប​ច្បាប់​របស់ខ្លួន​ក្នុងការការពារ​ខ្លួន និងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់​ចំពោះអំពើឈ្លានពានយ៉ាង​កម្រោល​របស់​ថៃ ដោយ​ផ្អែកតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ​។

ចំពោះតំបន់របស់ប្រទេសកម្ពុជា ដែលត្រូវបានថៃយោធាវាយប្រហា និងបាញ់ផ្លោងដាក់មានដូចជា តំបន់មុំ៣, ប្រាសាទតា​ក្របី, ភ្នំខ្មោច, ប្រាសាទតាមាន់ធំ, វាលឥន្ទ្រី, តំបន់ភ្នំទ្រព្យ, ភ្នំអានសេះ-អូរផ្កា​ស្នេហ៍, ថ្មដា, ច្រកចាក់ប្រែង, តំបន់ជាំតែ, តាមាន់តូច ភ្នំតាចារ, និងអាចមានផ្សេងទៀត។

រយៈពេល ៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ គឺជម្លោះព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេសថៃ បានបើកការបាញ់ផ្លោកដាក់គ្នាទៅវិញទៅមក ហើយកម្ពុជាបានចោទទៅថៃជាអ្នក​បង្ករជម្លោះ​មុន។ ប្រទេសកម្ពុជា មានពីរខេត្ត គឺខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ ចំណែកប្រទេសថៃ មាន​​ពីរខេត្ត គឺ​ខេត្ត​អ៊ូប៊ុន និងខេត្តស៊ីសាកេត ដែលប្រឈមមុខ និងប៉ះទង្គិចគ្នាខ្លាំង។ ចំណែកខេត្តរបស់​ប្រទេសកម្ពុជា​ជាប់​ព្រំដែនប្រទេសថៃ ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកោះកុង ក៏ត្រូវ​បាន​យោធាថៃបំពានមុនផងដែរ ដោយការបង្ហោះត្រូនចូល និងយកអាវុធធ្ងន់ៗដាក់ក្បែព្រំដែន តែពុំធ្ងន់ធ្ងរ​ដល់​ការបាញ់ផ្លោកដាក់គ្នាខ្លាំងឡើយ។

ការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិ​កម្ពុជា​​លើក​ឡើង ក្នុងរយៈពេល ៥ថ្ងៃនោះ ថានៅក្នុងថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៥ ម៉ោង08:46ព្រឹក យោធាថៃ បានបើកការបាញ់​ប្រហារ​មុនមកលើកងទ័ពកម្ពុជា​នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទ​តាក្របី ភ្នំខ្មោច និងមុំបី។ បន្ទាប់មកម៉ោង10:40ព្រឹក ថៃ​ប្រើប្រាស់យន្តហោះ​ចម្បាំងប្រភេទ F-16 បានទម្លាក់ចំនួន ០២គ្រាប់​​នៅ​ផ្លូវវត្ត​កែវសិក្ខគីរីស្វារៈ ក្នុងភូមិសាស្ត្រ​ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

អ្នកនាំពាក្យក្រសួងការពារជាតិ​កម្ពុជា បន្តថានៅក្នុងថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២៥ ថៃបើកការវាយ​ប្រហារ នៅតំបន់ភ្នំខ្មោច តាថាវ ភ្នំបីសាមបី ប្រាសាទតាមាន់ តាក្របី តំបន់មុំបី តំបន់ជាំតែ ដោយគួរឱ្យធ្ងន់ធ្ងរ​នោះ​ គឺថៃប្រើគ្រាប់បែកចង្កោម​វាយប្រហារ​លើតំបន់ភ្នំខ្មោច។ ដល់ម៉ោង 12:30 ថ្ងៃ គឺថៃប្រើប្រាស់យន្តយោះ F-16 ទំម្លាក់គ្រប់​បែក​ចំនួន ៤លើក ដោយត្រង់វត្ត កែវសិក្ខាគិរីស្វារៈចំនួន ៣លើក និងតំបន់ប្រាសាទតាក្របី ១លើក។

អ្នកនាំពាក្យក្រសួងការពារជាតិ​កម្ពុជា បន្តថានៅក្នុង ថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៥ ថៃផ្តើមវាយប្រហារ​តំបន់ តាថាវ ជាំតែ និង វាលឥន្ទ្រី ថ្មដា ភ្នំខ្មោច ដោយ​គួរ​ឱ្យធ្ងន់ធ្ងរនោះគឺ យន្តហោះថៃបាន​ទម្លាក់គ្រាប់​បែក​ចំនួន ២គ្រាប់ នៅលើផ្លូវឡើងទៅ​ប្រាសាទ​ព្រះវិហារ និង ទម្លាក់គ្រប់បែកចង្កោម​នៅភ្នំខ្មោច។ បន្ទាប់មក​នៅ​ម៉ោង02:30ថ្ងៃ ថៃ វៃដោយប្រើរថក្រោះត្រង់តំបន់វាយឥន្ទ្រី។

អ្នកនាំពាក្យក្រសួងការពារជាតិ​កម្ពុជា បន្តថានៅក្នុងថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២៥ ថៃបាញ់​ផ្លោង ទម្លាក់​គ្រាប់បែក កងទ័ពថ្មើរជើង រថក្រោះ បង្ហោះត្រូន ចូល​ទៅ​ក្នុងតំបន់ វាលឥន្រ្ទី ៥មករា ភ្នំខ្មោច អានសេះ តាថាវ ភ្នំ៣០៣ ប្រាសាទ​តាមាន់ធំ និង​ប្រាសាទតាក្របី។ បន្ទាប់​មក​​ម៉ោង 01:10ថ្ងៃ ដល់ ម៉ោង04:00ថ្ងៃ ថៃ បានប្រើ​យន្តហោះចម្បាំងបាញ់គ្រប់រ៉ូកែត​ជាច្រើន​គ្រាន់ទៅតំបន់ ប្រាសាទ​តាមាន់ធំ ប្រាសាទតាក្រី​ និងតំបន់មួយចំនួន​ទៀតរបស់​កម្ពុជា។ ដល់ម៉ោង03:17ថ្ងៃ យន្តហោះថៃបានបាញ់ផ្សែង​ពុល​តំបន់​អានសេះ។ ក្នុងម៉ោង​04:12ថ្ងៃ ថៃបានបាញ់ផ្លោងរង្វើរៗ​ចូលតំបន់​ជប់គគី ថ្មរដូង, ចំណែកតំបន់​​ប្រាសាទ​តាមាន់ធំ ប្រាសាទតាក្រី ថៃបានផ្លោងចូលដូចភ្លឿងរលឹម, ចំពោះតំបន់​៥មករា អានសេះ ភ្នំខ្មោច ថៃវាយ​ប្រហាកាន់តែខ្លាំងក្លាឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិ​កម្ពុជា បន្តថានៅក្នុងថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២៥ ថៃបាញ់​កាំភ្លើងធំ និងប្រើទ័ពថ្មើជើងថៃ ទៅតំបន់ប្រាសាទ​តាមាន់ធំ ប្រាសាទតាក្រី។ មកដល់ម៉ោង 08:15ព្រឹក យន្តហោះថៃ F-16 បាញ់គ្រប់រ៉ូកែតទៅតំបន់ប្រាសាទតាក្រី។ បន្ទាប់មកនៅ​ម៉ោង10:25ព្រឹក ទ័ពថ្មើជើងថៃ បានវាយ​នៅ​តំបន់ថ្មរដូង គាំទ្រដោយកាំភ្លើងធំ យ៉ាងខ្លាំង ចំណែកកម្លាំងកម្ពុជា​​​នៅឈរ​រក្សាបានយ៉ាងរឹងមាំ។

សូមរំលឹកថា​មានការផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែល​ជាថ្ងៃចុងក្រោយ ចាប់ពីម៉ោង ៨:០០យប់ ដល់ម៉ោង​មុន​ម៉ោង១២:០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺប្រទេសថៃបាន​វាយប្រហារ និង​បាញ់ផ្លោក​មកលើប្រទេស​កម្ពុជា​យ៉ាងខ្លាំង រហូតចូល​ដល់​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ការចូលជាធរមានកិច្ចព្រមព្រៀង​បទឈប់​បាញ់​របស់កម្ពុជា-ថៃ នៅ​ប្រទេស​​ម៉ាឡេស៊ី ទើបលែង​មាន​ការបាញ់ផ្លោក។

ក្នុងរយៈពេល៥ថ្ងៃខាងលើ ដែលប្រទេសថៃឈ្លានពានយ៉ាងខ្លាំងមកលើប្រទេសកម្ពុជា ឃើញថាគ្រាប់​ផ្លោងធ្ងន់ៗបានធ្លាក់ចំទីតាំងក្នុងប្រទេសកម្ពុជា ប្រាសាទព្រះវិហារ ផ្ទះប្រជាពលរដ្ឋ សាលារៀន វត្តអារាម កន្លែងប្រកបអាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងទៀតដែលពុំមែនជាកន្លែងយោធាកម្ពុជា។

មួយវិញទៀតចាប់ពីពេលមានបទឈប់​បាញ់​របស់កម្ពុជា-ថៃយ៉ាងណាក្តី ក៏ប្រទេស​ថៃនៅបន្តបំពាន​ប្រទេស​កម្ពុជាតាមគ្រប់រូបភាព ដែលជាហេតុបង្កឱ្យមានបញ្ហាជាច្រើនជា​បន្ត​បន្ទាប់ តែពុំមានការបាញ់​បផ្លោង​គ្រប់ធ្ងន់ៗដាក់គ្នាឡើយ។ ប្រទេសកម្ពុជា គឺជាជនរងគ្រោះ​យ៉ាង​ពិត​ប្រាកដ​ដោយសារទង្វើរឈ្លាន​របស់​ប្រទេសថៃ ព្រោះស្ថានភាពប្រទេសកម្ពុជា គ្មានបំណងណាមួយចង់​ទៅ​បង្កជម្លោះប្រដាប់​អាវុធ​ជាប្រទេស​ថៃ​ដែលមានសេដ្ឋកិច្ចធំជាកម្ពុជាឡើយ។

គួរបញ្ជាក់ថាមុនថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥, មុនពេលថៃឈ្លានពានកម្ពុជា គឺមានហេតុការណ៍​ទាហាន​ថៃចំនួន ៥នាក់ រងរបួស​ដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រទេស​​កម្ពុជា។ ប្រទេសថៃបានចោទកម្ពុជាអំពីបញ្ហាទាហានរបស់ខ្លួនជាន់មីននេះ ចំណែកប្រទេស​កម្ពុជា​​បាន​ចេញបដិសេធទាំងស្រុងភ្លាមៗចំពោះការចោទប្រកាន់​ដោយ​គ្មានមូលដ្ឋានរបស់ភាគីថៃ នៅថ្ងៃ​ដដែល។ ប្រសិនបកស្រាយឱ្យវែងឆ្លាយជាងនេះទៀត គឺនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទាហានថៃ បាន​បាញ់​ប្រហារ​មុនមកលើលេណដ្ឋាន​ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា បណ្តាលឱ្យ​ទាហាន​ខ្មែរ​​ម្នាក់​ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ បាត់បង់ជីវិត នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់មុំបី។


អត្តបទថ្ងៃ២០ សីហា ២០២៥, ដោយ ហេង រិទ្ធ

Post a Comment

Previous Post Next Post