![]() |
ពិធីសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ (រូបភាព ៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន) |
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថាសាកលវិទ្យាល័យការពារជាតិ មានទិសដៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលយុទ្ធសាស្ត្រយោធា នយោបាយការពារជាតិ សន្តិសុខជាតិ សម្រាប់មន្ត្រីជាន់ខ្ពស់ស្ថាប័នផ្សេងៗ ដើម្បីប្រយោជន៍សង្គមជាតិ។
ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត លើកឡើងថា កិច្ចការការពារជាតិ ជាកិច្ចការត្រូវធ្វើជាប់ជាប្រចាំ ហើយកងកម្លាំងជាកម្លាំងស្នូលលើកិច្ចការការពារជាតិ។ ហើយដើម្បីពង្រឹងសមត្ថភាពនាយទាហានលើកិច្ចការការពារជាតិ ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលទាំងផ្នែកយុទ្ធសាស្ត្រយោធា នយោបាយការពារជាតិ ។
លោក ហ៊ុន ម៉ាណែត បន្តថា សាកលវិទ្យាល័យការពារជាតិ មានតួនាតីបណ្តុះបណ្តាលជាគោល ហើយក៏ត្រូវមានតួនាទីស្រាវជ្រាវយុទ្ធវិធី យុទ្ធសាស្ត្រថ្មី តាក់តិចថ្មីៗ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ត្រូវសហការគ្នាស្អិតល្មួតប្រែក្លាយសាលាទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំ សិក្សាស្រាវជ្រាវ កសាងរាល់ឯកសារយោធា គ្រប់ជំនាញឲ្យឯកភាពគ្នា រួមទាំងឯកសារបច្ចេកវិទ្យា វិទ្យាសាស្ត្រយោធា ឯកសារសេដ្ឋកិច្ច នយោបាយយោធា និងអប់រំចិត្តសាស្ត្រ»។
លោក ហ៊ុន ម៉ាណែត បន្តថាកងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង សមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការ និងវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ។
លោក ហ៊ុន ម៉ាណែត បន្តថា ត្រូវគិតគូរពីការជ្រើសរើសនាយទាហាន និងពលទាហាន ឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងស្ថានភាពសង្គម។
លោកឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លើកឡើងអំពី ប្រវត្តិ ចក្ខុវិស័យ បេសកម្ម រចនាសម្ព័ន្ធនៃសាកលវិទ្យាល័យការពារជាតិ។
លោកឧត្តមសេនីយ៍ឯក ដោក សុផា បញ្ជាក់ថាអំពីចក្ខុវិស័យរបស់សាកលវិទ្យាល័យការពារជាតិថា៖ «សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ ដោយសិក្សាលើផ្នែកវិភាគស្ថានការណ៍សន្តិសុខ វាយតម្លៃការគំរាមកំហែងមកលើសន្តិសុខ គោលនយោបាយកិច្ចការពារជាតិ កិច្ចការពារព្រំដែន កិច្ចការពារសន្តិសុខជាតិ កំណែទម្រង់យោធា ការចូលរួមក្នុងវិស័យការពារជាតិ និងសន្តិសុខលើឆាកអន្តរជាតិ សិក្សាផ្នែកវិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសាបរទេសជូនដល់កងយោធពលខេមរភូមិន្ទ»។
លោកឧត្តមសេនីយ៍ឯក ដោក សុផា បន្តលើកឡើងអំពី លទ្ធផលការងារហ្វឹកហ្វឺន ការងារកំណែទម្រង់កិច្ចការបង្រៀន ការងារកសាងអង្គភាព ការងារទំនាក់ទំនងអន្តរជាតិ ការការពាររដ្ឋាភិបាលពង្រឹងការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យការពារជាតិ ចូលរួមយុទ្ធនាការប្រឆាំងគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍។
ជុំវិញវិស័យការពារជាតិ ការបណ្តុះបណ្តាលយោធា ការពារឯករាជ្យជាតិ អធិបតេយ្យ ការពង្រឹងនីតិរដ្ឋ ការអភិវឌ្ឍប្រទេសជាតិ និងការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការ លោក ហ៊ុន ម៉ាណែត បានណែនាំវិធានការណ៍ចំនួន ៩ ចំណុច មានដូចជា ទី១-ត្រូវបន្តធ្វើការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យក្នុងកងយោធពលខេមរភូមិន្ទ ទី២-ការកសាងពង្រឹងខឿនការពារជាតិ ទី៣-ការកែទម្រង់រចនាសម្ព័ន្ធចាត់តាំង។
ទី៤-ការងារហ្វឹកហ្វឺន បណ្តុះបណ្តាល កសាងធនធានមនុស្ស ទី៥-ត្រូវបន្តធ្វើទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយដៃគូបរទេស ទី៦-ការងារអប់រំចិត្តសាស្ត្រ ព័ត៌មាន និងគោលនយោបាយ។
ទី៧-ការកែទម្រង់គ្រឿងបំពាក់គ្រប់ប្រភេទសម្រាប់គ្រប់ប្រភេទទ័ព ទ័ពជំនាញ ទី៨-ការងារធានាភស្តុភារហិរញ្ញវត្ថុ និងទី៩-ត្រូវត្រៀមលក្ខណៈជានិច្ចក្នុងការបំពេញភារកិច្ចនានា តាមបទបញ្ជារបស់រាជរដ្ឋាភិបាល នៅគ្រប់កាលៈទេសៈ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចទី៩ នៃការណែនាំថា៖ «ត្រូវត្រៀមលក្ខណៈជានិច្ចនៅក្នុងការបំពេញភារកិច្ចនានា តាមបទបញ្ជារបស់រាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ យកចិត្តទុកដាក់ត្រៀមកម្លាំងមធ្យោបាយ សម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធ»។
លោក ហ៊ុន ម៉ាណែត បន្ថែមជាចុងក្រោយថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និងប្រកាន់ខ្ជាប់នូវអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ មេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រង ក្តាប់ឲ្យជាប់នូវសតិអារម្មណ៍យោធិន ដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា។