ជនភៀសសឹកកម្ពុជា ១៦ម៉ឺននាក់ បានចេញពីផ្ទះយ៉ាងបន្ទាន់ ដើម្បីគេចពីគ្រាប់ផ្លោងធំៗរបស់ថៃដែលបាញ់មកដោយគ្មានការជូនដំណឹងជាមុន និងធានាសុវត្ថិភាពខ្លួនឯង គ្រួសារ និងទ្រព្យសម្បត្តិ នៅពេលប្រទេសថៃឈ្លានពានប្រទេសកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជា រត់ចេញពីផ្ទះរបស់ខ្លួនក្នុងកំឡុងម៉ោង១០ នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានវិដេអូ រូបភាព ផ្សព្វផ្សាយយ៉ាងផុសផុលតាមបណ្តាញសង្គម ដោយសារមានសំឡេងគ្រប់ផ្លោងយ៉ាងខ្លាំងនៅតំបន់របស់ខ្លួន។ ការរត់ចេញពីផ្ទះនេះ គឺជាការភ្លៀសពីលំនៅឋានរបស់ខ្លួនទៅរកតំបន់មានសុវត្ថិភាព ដោយមានផ្លោងគ្រាប់ធ្ងន់ៗពីទៅមកតំបន់មានជម្លោះ និងក្រៅតំបន់មានជម្លោះ។
ពលរដ្ឋកម្ពុជាភៀសសឹករួមមាន ស្ត្រីមានផ្ទៃពោះ ជនមានពិកា មនុស្សចាស់ក្មេង និងមានការនាំយកសម្ភារៈសំខាន់ៗតិចតួបប៉ុណ្ណោះតាមខ្លួន ដើម្បីទៅរកតំបន់មានសុវត្តិភាព គេចេញពីគ្រោះថ្នាក់គ្រប់ផ្លោងរបស់ថៃ ដែលបាញ់មកកម្ពុជាដោយគ្មានការប្រកាសឱ្យដឹងជាមុន។ ជនភៀសសឹកកម្ពុជា ច្រើនចេញពីតំបន់ព្រំដែនកម្ពុជានិងថៃនៃខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ យ៉ាងប្រញាប់ ភិតភ័យ ទៅស្នាក់នៅបណ្តោះអាសន្នខេត្តដដែលតែឆ្ងាយពីតំបន់មានបាញ់ផ្លោង និងទៅខេត្តសៀមរាប ជាដើម។
តាមសារព័ត៌មានថ្មីៗ នៅថ្ងៃឈ្លានពានទី១ គឺថ្ងៃទី២៤ កក្កដា បង្ហាញថាមាន៖ «ពលរដ្ឋជាង ២ ៤០០គ្រួសារ កំពុងស្ថិតនៅទីតាំងសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ»។ ចំណែកវិទ្យុបារាំង (RFI ខេមរភាសា) លើកឡើងថា៖ «យ៉ាងហោចណាស់មានជនស៊ីវិលចំនួន ១នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស ក្រោយកងទ័ពថៃបានបើកការវាយប្រហារមកកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ»។
ចំពោះបញ្ហាជនភៀសសឹក លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ លោកនាយករដ្ឋមន្ត្រីបន្តថា ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ។
មួយវិញក៏មានកម្មវិធីសប្បុរសជនជាច្រើន តាមទម្រង់ផ្សេងៗ ផ្តល់នូវជំនួយមនុស្សធម៌ទៅតំបន់ជនភៀសសឹកផងដែរ និងមានការបង្ហាញអំពីការលំបាកមួយចំនួនផងដែរ។
តាមសារព័ត៌មានថ្មីៗ លើកឡើងនៅថ្ងៃទី៣០ ខែកក្កដា ថា៖ «ជនភៀសសឹកកម្ពុជាមានចំនួន ១៦៨ ៩៤៦នាក់ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែកក្កដា ខេត្តឧត្តរមានជ័យ មានចំនួន ៣៨ ៤៤៧នាក់ ខេត្តព្រះវិហារ មានចំនួន ២៩ ៧១៧នាក់ ខេត្តបន្ទាយមានជ័យ មានចំនួន ៣៤ ២៦៤នាក់ ខេត្តពោធិ៍សាត់ មានចំនួន ៣ ០២៦នាក់ ខេត្តសៀមរាប មានចំនួន ៦៣ ៤៩២នាក់»។ ម្យ៉ាងទៀតនៅថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីមានបទឈប់បាញ់រវាងកម្ពុជានិងថៃ គឺជនភៀសខ្លួនមួយចំនួនបានទៅផ្ទះរបស់ខ្លួនវិញ និងមានមួយចំនួនពុំទាន់បានទៅផ្ទះរបស់ខ្លួនឡើយ ប៉ុន្តែចំនួននីមួយៗពុំទាន់មានទិន្នន័យណាមួយកំណត់បានឡើយ។
ការឈ្លានពានរបស់ថៃមកលើកម្ពុជា គឺរាប់ចាប់គិតពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង ០៦:៣០ នាទីព្រឹក ថៃចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលូសបន្លាតាមជើងប្រាសាទ និងម៉ោង ០៨:៤៦ នាទីព្រឹក ថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។ គួរបញ្ជាក់ថាការឈ្លានពានកម្ពុជានេះ ពីថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥ គឺជាបាញ់ផ្លោកមកកម្ពុជាយ៉ាងខ្លាំង ហើយដល់ថ្ងៃទី២៩ ការចូលជាធរមានកិច្ចព្រមព្រៀងបទឈប់បាញ់របស់កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ទើបលែងមានការបាញ់ផ្លោក តែជនភៀសសឹកកម្ពុជា នៅតែបន្តនៅតំបន់ភៀសសឹកយ៉ាងច្រើននិងមានមួយចំនួនក៏បានទៅផ្ទះវិញផងដែរ។
ការដោះស្រាយជនភៀសសឹកឱ្យទទួលបានសិទ្ធិគ្រប់គ្រាន់ អាហារ កន្លែងស្នាក់នៅសមរម្យ ទទួលបានវិធានការសង្គ្រោះបន្ទាន់ ការយកចិត្តទុកដាក់ និងមានលទ្ធភាពបង្កសកម្មភាពមានប្រយោជន៍ ដែលត្រូវមានការចូលរួមពីគ្រប់ភាគីពាន់ព័ន្ធជួយ ជាពិសេសត្រូវមានគម្រោង និងសកម្មភាពលម្អិតនីមួយៗរហូតដល់ស្ថានភាពល្អទាំងស្រុងឡើងវិញ។ ការយកចិត្តទុកដាក់លើជនភៀសសឹក គឺកាតព្វកិច្ច និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់។