![]() |
រូបភាព ៖ ខេមបូចាព័ត៌មាន |
មានការផ្សព្វផ្សាយឱ្យឃើញពីអំពើអមនុស្សធម៌ អំពើខុសច្បាប់ ដែលឃើញថាជនជាតិថៃ បានប្រព្រឹត្តអំពើហិង្សា គំរាមកំហែង មកលើពលករកម្ពុជា កំពុងស្នាក់នៅប្រទេសថៃ ហើយកម្ពុជាបានស្នើឱ្យថៃចាប់ខ្លួនបុគ្គលល្មើសច្បាប់មកដាក់ទោស។ ផ្ទុយទៅវិញនៅកម្ពុជា ពុំមានពលរដ្ឋថៃ ពលករថៃ ណាមួយត្រូវបានពលរដ្ឋកម្ពុជាប្រព្រឹត្តអំពើហិង្សា ឬធ្វើអំពើមិនសមរម្យទៅលើឡើយ។
សម្រាប់ក្រសួងការងារកម្ពុជា បានបង្ហាញពីលិខិតចំហរជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលផ្គត់ផ្គង់ពីថៃ អ្នកប្រើប្រាស់ផលិតផល សេវាកម្មរបស់ថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករកម្ពុជានៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ។ មួយវិញទៀតក្រសួងការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅថៃ ឱ្យត្រឡប់មកកម្ពុជាវិញ ព្រោះឃើញថា មានការកើនឡើងនូវការរើសអើង ការដាក់សម្ពាធការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាព តាំងពីពេលមានការឈ្លានពានរបស់ថៃមកលើកម្ពុជា។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលត្រូវជាថ្ងៃទី១ នៃឈ្លានពានរបស់ថៃ ក៏បានអំពាវនាវឱ្យពលករ និងពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេសថៃ ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ក្នុងប្រទេសថៃ និងក្នុងករណីចាំបាច់ឱ្យទាក់ទងស្ថានទូត ឬ ស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ពលករខ្មែរមកពីប្រទេសថៃ រាជរដ្ឋាភិបាលបាន ចាប់វិធានការដោះស្រាយតាំងពីថ្ងៃផ្ទុះអាវុធទី២៤ កក្កដា ២០២៥ តាមរយៈសកម្មភាពឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រសួងការពារជាតិ កងទ័ពជើងគោក រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ត្រូវសហការគ្នាជួយសម្របសម្រួលក្នុងការទទួលប្រជាពលរដ្ឋ និងពលករ មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
លោក ហ៊ុន ម៉ាណែត បញ្ជាក់អំពីមធ្យោបាយដឹកពលករខ្មែរមកពីថៃថា៖ «ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តពាក់ព័ន្ធ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត»។
ឃើញថារដ្ឋបាលខេត្តនីមួយៗជាប់ព្រំដែន បានបំពេញសកម្មភាពទទួលពលករកម្ពុជាមកពីថៃបានយ៉ាងលឿន បើទោះបីជាពលករក្នុងមួយថ្ងៃៗមានការត្រឡប់មកកម្ពុជាវិញយ៉ាងច្រើនខ្លាំងតាមច្រកពំដែនថ្មើរជើង និងពលករបានយកមកនូវសម្ភារៈមួយចំនួនតាមខ្លួនផងដែរ មានធ្ងន់ មានស្រាល។
ផ្អែកតាមសារព័ត៌មានថ្មីៗ (ThmeyThmey) បង្ហាញថា៖ «គិតចាប់ពីថ្ងៃទី២៤ ដល់២៧ កក្កដាឆ្នាំ២០២៥ ពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃវិញ មានចំនួន ២០៣ ៧០៦ នាក់»។
នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងការងារ បានផ្សាយជាច្រើនអំពីតួលេខជាច្រើនដែលពលករមកពីថៃ ទទួលបានការងារ ដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជួយសម្រួល។
ក្រសួងការងា បង្ហាញទិន្នន័យសម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ថា៖ «ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារនៅទីតាំងផ្សេងៗគ្នាចំនួន ១៨ឃុំ ក្នុងខេត្តគោលដៅចំនួន៥ ដែលបាននាំយកឱកាសការងារសរុបចំនួន ៨៨៨២កន្លែង ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៥២៩៣នាក់ និងមានអ្នកទទួលបានការងារភ្លាមៗចំនួន ១០០៦នាក់»។
សង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការដោះស្រាយបញ្ហារបស់ពលករ ឱ្យទទួលបានការងារមានស្តង់ដារ សិទ្ធិការងារតាមច្បាប់ ប្រាក់ខែសមរម្យ និងជាពិសេសឆាប់ទទួលបានការងារ។រាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយ និងផែនការទទួលពលរដ្ឋខ្មែរចូលក្នុងក្រុមហ៊ុន សហគ្រាស រោងចក្រ សិប្បកម្មរបស់ខ្លួន។
បើពិនិត្យមើលការឈ្លានពានរបស់ថៃមកលើកម្ពុជា គឺរាប់ចាប់គិតពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង ០៦:៣០ នាទីព្រឹក ថៃចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលូសបន្លាតាមជើងប្រាសាទ និងម៉ោង ០៨:៤៦ នាទីព្រឹក ថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។ គួរបញ្ជាក់ថាថៃឈ្លានពានកម្ពុជានេះ ពីថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥ គឺជាបាញ់ផ្លោកមកកម្ពុជាយ៉ាងខ្លាំង ហើយដល់ថ្ងៃទី២៩ ចូលជាធរមានកិច្ចព្រមព្រៀងបទឈប់បាញ់របស់កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ទើបលែងមានការបាញ់ផ្លោក តែពលករខ្មែរបានចេញពីថៃតាំងពីមុនថ្ងៃទី២៤ កក្កដា ហើយជាពិសេសចាប់ពីថ្ងៃទី២៤ កក្កដា មានការចេញពីថ្ងៃយ៉ាងខ្លាំងខុសពីធម្មតា។