ព្រះមហាក្សត្រប្រកាសឱ្យប្រើច្បាប់ចំនួន ២ កាលពីដើមខែមីនា ឆ្នាំ២០២៥



ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និង ច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ដែលរៀបចំដោយក្រសួងយុត្តិធម៌ ត្រូវ​បានព្រះមហាក្សត្រ ប្រកាសឱ្យប្រើទូទាំងប្រទេស កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មានគោលបំណងទប់ស្កាត់កុំឱ្យ​ឧក្រិដ្ឋ​កម្ម​នៃ​របប​នេះត្រឡប់​មក​វិញ, ​ផ្តន្ទាទោសបុគ្គលមិន​ទទួលស្គាល់ និង ដើម្បីជំនួស​ច្បាប់ស្ដីពី​ការប្រឆាំង​ការមិន​ទទួលស្គាល់​ឧក្រិដ្ឋកម្មដែល​ប្រព្រឹត្ត​ឡើង​ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែល​ប្រកាស​ឱ្យ​ប្រើ​កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។

ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មាន ៧មាត្រាប៉ុណ្ណោះ បានកំណត់បទល្មើសព្រហ្មទណ្ឌ ១បទល្មើស ត្រង់មាត្រា ៣ កំណត់ឈ្មោះ “

បទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ”។ ហើយបទល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី, ដប់លាន រៀល ទៅ ហាសិបលាន រៀល។


ច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

ច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក បង្កើតឡើងក្នុងគោលបំណង កំណត់អំពី​លក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុ ចាប់យកនៅក្នុងរឿងក្តី​ព្រហ្មទណ្ឌ ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំង ការពារផលប្រយោជន៍រ​បស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។

និយមន័យពាក្យ ការចាត់ចែងជាបណ្តោះអាសន្ន ត្រូវបានកំណត់ក្នុងមាត្រា ៣ នៃច្បាប់ថា សំដៅដល់​ការលក់ឡាយឡុងនូវវត្ថុចាប់យកដែលអាចជាកម្មវត្ថុ នៃការចាត់ចែងជាបណ្តោះអាសន្ន ឬការចាត់ចែងក្នុង​ទម្រង់ណាមួយផ្សេងទៀតក្រៅពីការលក់ ឡាយឡុង តាមការកំណត់ក្នុងច្បាប់នេះ នៅមុនពេលមានការសម្រេចនៅក្នុងសាលក្រម ឬសាលដីកា ស្ថាពររបស់តុលាការ។

​ច្បាប់​ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក មាន ៤ ជំពូក និង ១៥មាត្រា អនុវត្ត​ចំពោះវត្ថុ​ទាំង​អស់​ដែលត្រូវបានចាប់យកនៅគ្រប់ដំណាក់កាលនៃនីតិវិធីនៅក្នុងរឿងក្តីព្រហ្មទណ្ឌ។ ដំណាក់កាល​នៃនីតិវិធីព្រហ្មទណ្ឌ មាន៤ ដំណាក់កាលដូចជា ដំណាក់កាលមន្ត្រីស៊ើបអង្កេត (នគរបាលយុត្តិធម៌ ឬប៉ូលិស) ដំណាក់កាលអយ្យការ(ព្រះរាជអាជ្ញា) ដំណាក់កាល​ស៊ើបសួរ​(ចៅក្រមស៊ើបសួរ) ដំណាក់កាលជំនុំជម្រះ (ចៅក្រមជំនុំជម្រះ) ដែលជាដំណាក់កាលនៅ​តលាការជាក់ទាម ឬសាលាការខេត្តក្រុង។ ប៉ុន្តែផ្អែកតាម មាត្រា ៧, មាត្រា ៨ និងមាត្រា ៩ នៃច្បាប់នេះ គឺ ដំណាក់កាលមន្ត្រីស៊ើបអង្កេត (នគរបាលយុត្តិធម៌ ឬប៉ូលិស) ពុំអាចអនុវត្ត ការចាត់ចែងជាបណ្តោះអាសន្ន។

សម្រាប់ទម្រង់ បែបបទ និងនីតិវិធីនៃការចាត់ចែងជាបណ្តោះអាសន្ន គឺមានកំណត់នៅក្នុងមាត្រា ១១ នៃ ច្បាប់​ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក មានខ្លឹមសារថា ការចាត់ចែងជាបណ្តោះអាសន្ន​នូវវត្ថុ​ចាប់យកនេះ ជាគោលត្រូវធ្វើក្នុងទម្រង់ជាការលក់ឡាយឡុង ឬទម្រង់ផ្សេងក្រៅពី​ការ​លក់ឡាយឡុង ហើយបែបបទ និងនីតិវិធី ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។


ប្រៀបធៀបបទល្មើស និងទោសរវាងច្បាប់ទាំងពីរ

ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ គឺមានកំណត់បទល្មើសនៅត្រង់មាត្រា ៣ នៃច្បាប។ ចំណែក ច្បាប់​ស្តីពីការចាត់ចែងជាបណ្តោះ​អាសន្ននូវវត្ថុ​ចាប់យក ពុំមានកំណត់អំពើណាមួយជាបទល្មើសឡើយ ដោយច្រើនមានខ្លឹមសារពីបែបបទ​និងយន្តការនៃការអនុវត្ត។


នីតិវិធីបង្កើតច្បាប់ទូទៅ និងការចូលជាធរមាន

ពាក្យ សេចក្តីព្រាងច្បាប់ គឺជាអត្ថបទច្បាប់កំពុងរៀបរៀងចេញពីគំនិតផ្តើមរដ្ឋាភិបាល ដែលមាន​ក្រសួង ឬស្ថាប័នជាអ្នករៀបចំលម្អិត។ នៅកម្ពុជា ដើម្បីបង្កើតច្បាប់បាន នីតិករ ឬស្ថាប័នជំនាញ​ត្រូវរៀបចំ​ជា​សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់(ដំណាក់កាលទី១), ដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រី​(ដំណាក់​កាល​ទី២), បន្តទៅរដ្ឋសភា(ដំណាក់កាលទី៣), បន្តទៅព្រឹទ្ធសភា​(ដំណាក់កាលទី៤) និងបន្តទៅ​ព្រះមហាក្សត្រប្រកាសឱ្យប្រើ(ដំណាក់កាលទី៥) ជានីតិវិធីអនុម័តច្បាប់​ទូទៅ។

ដូច្នេះច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និង ច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក គឺស្ថិតនៅក្នុងដំណាក់កាល​ទី៥ នៃនីតិវិធីបង្កើតច្បាប់ ដែលត្រូវបានយកមកអនុវត្តនៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។

គួរបញ្ជាក់ការ​ផ្សព្វផ្សាយ​ខ្លឹមសារលម្អិត​នៃ​សេចក្តី​ព្រាងច្បាប់ទាំងពីរនេះ ពុំមាន​ដូចការតាក់តែង​សេចក្តីព្រាង​ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម​ កាលពី​ខែកក្កដា ឆ្នាំ២០២២ ឡើយ ហើយរងចាំរហូត​ដល់​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ទើបមានការផ្សព្វផ្សាយតាម​ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួង និង​ស្ថាប័នផ្សេងៗ។ ប្រសិន​បើ​ក្រសួងយុត្តិធម៌ ឬទីស្តីការគណរដ្ឋមន្ត្រី ឬរដ្ឋសភា បង្ហាញនូវខ្លឹមសារលម្អិត​ជាច្រើនជុំវិញវិញ​ការតាក់​តែង​សេចក្តីព្រាងច្បាប់​នេះ គឺពិត​ជាល្អ​សម្រាប់​ប្រជាពលរដ្ឋ និងអ្នកសិក្សា​ស្រាវជ្រាវ ក៏ដូចជាផ្នែកមួយដែលលើកកម្ពស់ការផ្សព្វផ្សាយ​ច្បាប់ជូនសាធារណជន។

Post a Comment

Previous Post Next Post