យោធាថៃឈ្លានពានដោយអាវុធធ្ងន់ៗមកលើកម្ពុជា លើកទី២ ក្នុងឆ្នាំ២០២៥


រូបភាព៖ ស្ពានមេទឹកក្នុងស្រុកថ្មដា ខេត្តពោធិ៍សាត់ បំផ្លាញដោយយន្តហោះចម្បាំង F-16 របស់ថៃ នៅថ្ងៃទី១៣ ធ្នូ ២០២៥ (ទំព័រហ្វេសប៊ុកលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា)


យោធាប្រទេសថៃ បានបើកការឈ្លានពានដោយអាវុធធ្ងន់ៗគ្រប់ប្រភេទមកលើខេត្តទាំង ៧ របស់ប្រទេស​កម្ពុជាដែលមាននៅជិតព្រំដែនថៃ​ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល ១០ថ្ងៃ បង្កឱ្យមានអំពើអមនុស្សធម៌ និងប៉ះពាល់ស្ថេរភាពតំបន់អាស៊ាន។ ការឈ្លានពានរបស់​យោធាថៃ​មកលើ​កម្ពុជានៅថ្ងៃទី៧ ខែធ្នូ នេះ, គឺជាការឈ្លានពានលើកទី២ បន្ទាប់ពីការឈ្លានពាន​លើកទី១ កាលពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយថៃបានបាញ់ផ្លោកមក​កម្ពុជា​​យ៉ាងខ្លាំង។

ផ្អែកតាមសកម្មភាពឈ្លានពានដោយយោធារបស់ថៃមកលើកម្ពុជា និងព័ត៌មានពាក់ព័ន្ធផ្សេងៗ គិតត្រឹម​ថ្ងៃទី១៦ ខែធ្នូ នេះ, ថៃអាច​បន្តឈ្លានពានកម្ពុជាលើសពី ១០ថ្ងៃ នេះបន្តទៀត បើទោះបីមានការស្នើសុំឱ្យ​មាន​ការចរចារ​បង្កើត​ឱ្យមាន​បទឈប់បាញ់ជាលើកទី២ ដោយប្រទេសម៉ាឡេស៊ី អាមេរិក ចិន និងប្រទេស​ផ្សេងៗ​ទៀត​ក៏ដោយ។ សម្រាប់​កម្ពុជាអាចទទួលយកការសម្រុះសម្រួលពីប្រទេសជាមិត្តដើម្បីមាន​បទឈប់​បាញ់​លើកទី២ ដើម្បីការពារការខូចខាតកាន់តែធ្ងន់សម្រាប់ប្រទេសទាំងពីរ ប៉ុន្តែថៃបន្ត​បដិសេធ​ដោយមូលហេតុផ្ទាល់​ខ្លួននិងចង់បន្តវាយបំបាក់កម្ពុជាឱ្យដល់គោលដៅរបស់ថៃ។ បើផ្អែកតាមស្ថានភាព​នយោបាយអន្តរជាតិ ការឈ្លានពានរបស់​ថៃមកលើកម្ពុជា នឹងត្រូវតែមានការសម្រុះសម្រួលដោយបទ​ឈប់បាញ់​នៅពេលណា​មួយ។

ខេត្តទាំង ៧ ដែល​កងទ័ព​ថៃ​ឈ្លានពាន មានដូចជា ខេត្តព្រះវិហារ, ឧត្តមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិសាតិ៍ កោះកុង និងសៀមរាប។ ចំពោះខេត្តប៉ៃលិន ដែលមានព្រំប្រទល់ជាប់​ព្រំដែនថៃនោះ ពុំមានការឈ្លាន​ពានពីកងទ័ពថៃ។ ចម្ងាយដែលថៃឈ្លានពានចូលក្នុងដែនដី​អធិតេយ្យភាព​របស់កម្ពុជាមានចម្លាយពីព្រំដែនកម្ពុជា-ថៃ ៧០ គីឡូម៉ែត្រ ត្រង់ចំណុចភូមិសាស្ត្រ​ស្រុកស្រីស្នំ ខេត្តសៀមរាប។ ចំពោះទីតាំងរបស់កម្ពុជាដែលក្តៅខ្លាំងដោយការយោធាថៃឈ្លានពាន មានដូចជា ភូមិព្រៃចាន់ ភូមិជោគជ័យ ថ្មដារ ប្រាសាទព្រះវិហារ ស្រុកសំរោង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ថ្មដូន អូរស្មាច់ និងផ្សេងទៀតដែលនៅលើដែនដីរបស់កម្ពុជាទាំងអស់។

ការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា មានទម្រង់រូបភាពដូចជា កម្លាំងថ្មើរជើង, ថក្រោះ, រថក្រោះបាញ់បំបុក, បាញ់ផ្លោងកាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់, ដ្រូនស៊ើបការណ៍, ដ្រូន​បាញ់​ផ្សែងពុល, និងជាយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកដែលបំពានដែនអាកាសកម្ពុជា​ជាខ្លាំង។ ចំណែកអាវុធដែលកម្ពុជាប្រើទប់ទល់នឹងការឈ្លានពានរបស់ថៃ រួមមាន យោធាការពារព្រំដែន អាវុធប្រភេទBM-21 និងផ្សេងៗទៀត។

គិតត្រឹមរយៈពេល ១០ថ្ងៃ នៃការឈ្លានពានរបស់យោធាថៃលើកទី២ មកលើប្រទេសកម្ពុជា​នាពេលនេះ បានបង្កឱ្យប្រជាជនកម្ពុជា ដែលមានជនស៊ីវិលស្លាប់ ១៥នាក់, របួស ៧៣នាក់ និងជនភៀសសឹកចំនួន ៤០៩២៩៣នាក់ ផ្លាស់ប្តូរទីលំនៅដោយបង្ខំ។ សម្រាប់ថៃវិញក៏ជួបបញ្ហាដូចគ្នាខាងលើ គ្រាន់តែថៃបាន​ផ្សាយ​​អំពីចំនួនយោធាស្លាប់​ ១៧នាក់

មូលហេតុដែលថៃឈ្លានពានកម្ពុជាលើកទី២ ត្រូវបានពលរដ្ឋកម្ពុជាមើលឃើញជាទូទៅថាដោយសារ វបត្តិនយោបាយ​ផ្ទៃក្នុងថៃ ប្រជាប្រិយភាពមុនពេលបោះឆ្នោត ឥទ្ធពលអំណាចព្រះមហាក្សត្រថៃ ប្រជាជនថៃ​មាន​ភាពជាតិនិយមជ្រុលខ្លាំង និងអាចមានមូលហេតុផ្សេងៗទៀត។ ចំណែកកម្ពុជាវិញ ពុំមានបង្ហាញមូលហេតុចង់ឈ្លានពានថៃឡើយ ដោយអះអាងតែអំពីការការពារដែនដីរបស់ខ្លួនប៉ុណ្ណោះ និងស្នើសុំឱ្យអន្តរជាតិជួយអន្តរាគមន៍ចំពោះការឈ្លានពានរបស់ថៃមកលើខ្លួន។

ក្នុងរយៈពេល១០ មកនេះ ការឈ្លានពាររបស់ថៃក្នុងគោលដៅដណ្ដើមយកដែនដីរបស់កម្ពុជាក្នុង​ភូមិសាស្រ្ត​​ណាមួយនៃខេត្តទាំង ៧ ខាងលើ ពុំទាន់មានរបាយការណ៍ច្បាស់លាស់ថា ថៃដណ្ដើម​បានទីតាំង​ណាមួយឱ្យបានច្បាស់លាស់ឡើយ ខណៈដែលកម្ពុជាផ្សាយថារក្សាបានគ្រប់ទីតាំងរបស់ខ្លួន​ការពារក្នុងដែនដីរបស់ខ្លួន និងបន្តទប់ទល់ចំពោះការឈ្លានពានរបស់ថៃបន្ត។

ការឈ្លានពានរបស់ថៃមកដែនអធិបតេយ្យភាពរបស់កម្ពុជាកម្លងមកនេះ ត្រូវបានមើលឃើញថា​ការរំលោភ​ច្បាប់អន្តរជាតិ អំពើភេរវកម្ម អំពើអមនុស្សធម៌ និងអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាមឈ្លាន​ពាន។ ក្នុងពេលឈ្លានពានរបស់ថៃមកលើកម្ពុជា ក៏មានសេចក្តីថ្លែងការណ៍ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចោទថាការវាយប្រហាររបស់យោធាថៃជាទម្រង់នៃឧក្រិដ្ឋកម្មសង្រ្គាម ដោយ និងកំពុងប្រមូលភស្តុតាងឲ្យបានគ្រប់គ្រាន់ ដើម្បីប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។

ដោយ៖ ហេង រិទ្ធ

Post a Comment

Previous Post Next Post