រាជរដ្ឋាភិបាល ណែនាំ៥ចំណុចទៅក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

លោក ទៀ សីហា អង្គុយនៅកណ្តាលជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ (រូបភាព ៖ គេហទំព័រ រដ្ឋបាលខេត្តសៀមរាប)

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំ​​៥ចំណុច ទៅកាន់​​ក្រុម​ការងារ​​រាជរដ្ឋាភិបាល​​​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត​ ដើម្បី​ពង្រឹង​ការ​បំពេញ​ការងារ​​ ការធានា​ឱ្យ​បាន​ប្រសិទ្ធភាព​​នៃ​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់​​រាជរដ្ឋាភិបាល និង​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅមូលដ្ឋាន​ឱ្យ​ទាន់​ពេល​វេលា។

សេចក្តីណែនាំលេខ០២ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ចេញដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មាន​ខ្លឹមសារថា ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រាជរដ្ឋាភិបាលបានណែនាំចំណុចទី១ និងទី២ ដែលមានខ្លឹមសារដូចជា រាជធានី ខេត្ត ត្រូវរៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យ​បាន​មុន​ខែ​មេសា ឆ្នាំ២០២៤។ អភិបាលរាជធានី ខេត្ត រៀបចំសមាសភាពមន្ត្រីលេខាធិការដ្ឋាន នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់រាជធានី ខេត្តរបស់ខ្លួនឱ្យបានលឿន។

ចំណែកចំណុចទី៣ និងទី៤មានខ្លឹមសារថា ក្រុមការងារចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និង ជំរុញការដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ហើយ​ត្រូវ​រៀបចំ​សេចក្តីរាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានឱ្យបានទៀងទាត់មកទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

ទន្ទឹមនឹងនេះចំណុចទី៥មានខ្លឹមសារថា ទីស្ដីការគណៈរដ្ឋមន្ត្រីត្រូវណែនាំអំពីទម្រង់របាយការណ៍ និងសហការរៀបចំវេទិកាសាធារណៈ សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីសហការជំរុញ ការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានានៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

នៅក្នុងសេចក្តីណែនាំលេខ០២ ខាងលើបញ្ជាក់ថា៖ «ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ដែលក្រុមការងារនីមួយៗទទួលខុសត្រូវ ដើម្បីសហការផ្សព្វផ្សាយជំរុញការអនុវត្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការជាគន្លឹះរបស់រាជរដ្ឋាភិបាល ព្រមទាំងពង្រឹងកិច្ចសហការជំរុញការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បង្កើតឡើងក្នុងបំណងបម្រើប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាពលរដ្ឋ ជាពិសេសបញ្ហា​ប្រឈមពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកប​ដោយ​​​ការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។

ជុំវិញតួនាទី និងរបៀបការរបស់ក្រុមការងារ​រាជរដ្ឋាភិបាល​​ចុះមូលដ្ឋាន គឺ​មុនពេល​មាន​សេចក្តីណែនាំ​លេខ០២ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ខាងលើ គឺរាជរដ្ឋាភិបាលធ្លាប់ចេញ​​សេចក្តី​ណែនាំលេខ០៤ ចុះថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ​ដែលមាន​ខ្លឹមសារ​កំណត់ តួនាទី ភារកិច្ច ចំនួន៧​ចំណុច និងរបៀបរបបការងារ ចំនួន​៩ចំណុច របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដែលត្រូវអនុវត្ត។

នៅក្នុងសេចក្តី​ណែនាំលេខ០៤ មានកំណត់ លោក វង្សី វិស្សុត ទទួលសម្របសម្រួលកិច្ចការក្រុម​ការងារ​រាជរដ្ឋាភិបាល​​​ចុះមូលដ្ឋានថា៖ «រាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើជាសេនាធិការជូននាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួល​កិច្ចការរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន»។

ពិនិត្យទៅលើប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ឃើញថាគ្រប់ខេត្តនីមួយៗ ​មាន​ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះជួយទាំងអស់។ ចំណែកលោក សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត​ចំនួន៣ គឺខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងលោក ទៀ សីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តចំនួន២ គឺខេត្តសៀមរាប ខេត្តកោះកុង។

មុនពេលមានក្រុមការងារ​រាជរដ្ឋាភិបាល​​ចុះមូលដ្ឋាន រាជរដ្ឋាភិបាលធ្លាប់បង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល៕


ស្តាប់អត្ថបទ ៖ https://www.youtube.com/watch?v=E7f45aN6yxo

Post a Comment

Previous Post Next Post