អគារទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្ថិតនៅតាមវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (រូបភាព ៖ ហេង រិទ្ធ)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានចំនួន ៥៨អាសនៈ គឺត្រូវបានគណបក្សប្រជាជនកម្ពុជាឈ្នះ ៥៥អាសនៈ គណបក្សឆន្ទៈខ្មែរឈ្នះ ០៣អាសនៈ និងគណបក្ស ០២ផ្សេងទៀតពុំទទួលបានអាសនៈ។
សេចក្តីសម្រេចលេខ១៦៦ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានខ្លឹមសារថា ទទួលស្គាល់ជាផ្លូវការបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ តាមមណ្ឌលភូមិភាគទាំង៨ ដែលមានចំនួន ៥៨រូប មកពីគណបក្សប្រជានជនកម្ពុជា ៥៥រូប និងគណបក្សឆន្ទៈខ្មែរ ០៣រូប។ ចំណែកគណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សកម្លាំងជាតិ ដែលបានចូលរួមបោះឆ្នោតផងដែលនោះ ពុំមានបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាឡើយ។
ក្នុងចំណោមបេក្ខជន ៥៥រូប ជាប់ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មកពីគណបក្សប្រជានជនកម្ពុជា គឺមានលោក ហ៊ុន សែន លោក ប្រាក់ សុខុន លោកស្រី ចាន់ សុទ្ធាវី លោក អ៊ុច បូររិទ្ធ លោក ប៉ុល លឹម លោក ខៀវ មុត លោក អ៊ុំ សារឹទ្ធ លោក ឈិត សុខុន លោក នាង ផាត លោក លី យ៉ុងផាត់ លោក ម៉ុង ឫទ្ធី និងបេក្ខជនផ្សេងទៀត។ ចំណែកបេក្ខជន ០៣រូប មកពីគណបក្សឆន្ទៈខ្មែរ មានលោក សុក ហាច លោក សេង ម៉ារឌី និងលោក គង់ មុនីកា។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង៣:០០រសៀល មានអ្នកចូលរួមបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខដំណែង និងតំណាងរាស្ត្រ សរុបចំនួន១១,៧៣០នាក់ នៃចំនួនសរុប១១,៧៤៧នាក់។ គណបក្សប្រជាជនកម្ពុជាទទួលបាន១០,០៥២សន្លឹក, គណបក្សឆន្ទៈខ្មែរទទួលបាន១,៣៩៤សន្លឹក, គណបក្សកម្លាំងជាតិទទួលបាន២៣៤សន្លឹក និងគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន១៩សន្លឹក។ នេះបើយោងតាមសេចក្តីសម្រេចលេខ១៦៤ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣។
យោងតាមមាត្រា៩៩ ថ្មី ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងថា ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ចំណែកមាត្រា១១ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ថា ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ។
ជុំវិញលទ្ធផលនៃការបោះឆ្នោតជ្រើតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ មានអត្ថន័យថា ជាការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ គោរព និងទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជាខាងលើបញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំថា ព្រឹទ្ធសភា នីតិកាលទី៥ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សដ៏ឧត្តុង្គឧត្ដម នឹងបន្តនូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់ព្រឹទ្ធសភា នីតិកាលទី៤ ក្នុងស្មារតីគោរពយ៉ាងម៉ឺងម៉ាត់ តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
លទ្ធផលឈ្នះយ៉ាងខ្លាំងក្នុងការបោះឆ្នោតជ្រើតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ របស់គណបក្សប្រជាជនកម្ពុជា នាំឱ្យភាពទៅរួចចំពោះលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្លាយទៅជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ នាពេលខាងមុខ។ នេះបើយោងតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍ពិសេស កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ចំពោះគណបក្សឆន្ទៈខ្មែរដែលបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ហើយទទួលបាន០៣អាសនៈ គឺជាសមាជិកនៃសម្ព័ន្ធភាពឆ្ពោះទៅអនាគត បង្កើតឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដែលមានគណបក្សចំនួន៤ដូចជា គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា។
ចំណែតគណបក្សកម្លាំងជាតិ ដែលទើបបង្កើតនៅខែតុលា ឆ្នាំ២០២៣ ទោះបីជាមិនបានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏ឃើញថាទទួលបានការគាំទ្រចំនួន ២៣៤សន្លឹក នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ។
គួរបញ្ជាក់ផងដែរថា ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ហើយសមាជិកព្រឹទ្ធសភា ០២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ, ០២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា និងសល់ប៉ុន្មានត្រូវអនុវត្តតាមច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
បច្ចុប្បន្នសមាជិករដ្ឋសភាមាន ១២៥រូប នាំឱ្យចំនួនសមាជិកព្រឹទ្ធសភាមាន ៦២រូប។ ការបោះជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ តាមច្បាប់បោះឆ្នោតជ្រើសបាន ៥៨រូប។ រដ្ឋសភាបានជ្រើសបេក្ខជន ០២រូប លោក សុខ ឥសាន និងលោក ហេង ហាលីម ទៅជាសមាជិកព្រឹទ្ធសភា។ ត្រូវរងចាំការចាត់តាំងរបស់ព្រះមហាក្សត្រនូវបេក្ខជន ០២រូបទៀត ដែលនឹងក្លាយជាសមាជិកព្រឹទ្ធសភា។
ពិនិត្យទៅលើប្រវត្តិនៃសមាជិកព្រឹទ្ធសភា ឃើញថា ព្រឹទ្ធសភានីតិកាលទី១ (១៩៩៩-២០០៦) បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ៣១រូប, គណបក្សហ៊្វុនស៊ីនប៉ិច ២១រូប, គណបក្សសមរង្ស៊ី ០៧រូប។ ព្រឹទ្ធសភានីតិកាលទី២ (២០០៦-២០១២) បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ៤៥រូប, គណបក្សហ៊្វុនស៊ីនប៉ិច ១០រូប និង គណបក្សសមរង្ស៊ី០២រូប។
ព្រឹទ្ធសភានីតិកាលទី៣ (២០១២-២០១៨) បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ៤៦រូប និងគណបក្សសមរង្ស៊ី ១១រូប។ ព្រឹទ្ធសភានីតិកាលទី៤ (២០១៨-២០២៤) បេក្ខជនមកពីបក្សប្រជាជនកម្ពុជា ៥៨រូប ទទួលបាននូវអាសនៈទាំងអស់។
មកដល់ព្រឹទ្ធសភានីតិកាលទី៥ (២០២៤-២០៣០) បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ៥៥រូប និងគណបក្សឆន្ទៈខ្មែរ ០៣រូប៕