ក្រុមការងារ​រៀបចំវិសោធនកម្មក្រមទាំង ៤ ក្នុងវិស័យយុត្តិធម៌

ក្រុមការងារ​រៀបចំវិសោធនកម្មក្រមទាំង ៤ ក្នុងវិស័យយុត្តិធម៌
រូបភាព៖ ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌ បង្កើតក្រុមការងារចំនួនបួនសម្រាប់​​ការរៀបចំវិសោធនកម្ម ឬកែប្រែខ្លឹមសារក្រម​ព្រហ្មទណ្ឌ ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រម​នីតិវិធី​រដ្ឋប្បវេណី ដែល​សមាសភាព​ក្រុមការងារ​នីមួយៗ​មាន​ទាំង​មន្ត្រី​រដ្ឋាភិបាល និងចៅក្រម ព្រះរាជអាជ្ញា។ នេះបើយោងតាមសេចក្តីសម្រេលេខ ០១ របស់​ក្រសួងយុត្តិធម៌ ចេញថ្ងៃទី​១០ ខែមករា ឆ្នាំ២០២៥។

នៅក្នុងសេចក្តីសម្រេចនេះ មានបង្កើតគណៈកម្មការទទួលបន្ទុកដឹកនាំរៀបចំការធ្វើវិសោធនកម្មច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី សម្រាប់គ្រប់គ្រងលើក្រុមការងារបច្ចេកទេសចំនួន ៤ មានដូចជា ១.ក្រុមការងារ​រៀបចំការធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ, ២.ក្រុមការងាររៀបចំការធ្វើវិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ, ៣.ក្រុម​ការងារ​រៀបចំការធ្វើវិសោធនកម្មក្រមនីតិវិធីរដ្ឋប្បវេណី និង​៤.ក្រុមការងាររៀបចំ​ការ​ធ្វើវិសោធនកម្ម​ក្រមរដ្ឋប្បវេណី។​ ជាចំណុចពិសេស គឺក្រុមការងាររៀបចំវិសោធនកម្មនីមួយៗ គឺមាន​សហប្រធាន ២រូប ដែល១រូប តំណែងរដ្ឋលេខា​ធិការ និង១រូបទៀត តំណែងអង្គចៅក្រម។

សមាជិកនៅក្នុងគណៈកម្មការទទួលបន្ទុកដឹកនាំរៀបចំការធ្វើវិសោធនកម្មច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ និង​វិស័យរដ្ឋ​ប្បវេណី គឺមានសរុប ៣១រូប ដែលក្នុងនោះប្រធាន ១រូប គឺលោក កើត​ រិទ្ធ តំណែងជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ហើយគណៈកម្មការនេះត្រូវ​ធានាឱ្យការអនុវត្ត​ការងារ​ធ្វើ​វិសោធនកម្ម​ច្បាប់ក្នុងវិស័យ​ព្រហ្មទណ្ឌ និង​វិស័យរដ្ឋប្បវេណី ប្រកបដោយប្រសិទ្ធភាព។

ក្រុមការងាររៀបចំវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ មានសហប្រធាន ២រូប លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និងលោក ម៉ុង មុនីចរិយា ប្រធាសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងសមាជិកសរុប ២២រូប ត្រូវ​មានតួនាទី សិក្សា ស្រាវជ្រាវ ពិគ្រោះយោបល់ ផ្តល់យោបល់ រៀបចំរបាយការណ៍ ចូលរួមការពារ​​ពាក់ព័ន្ធសេចក្តីព្រាង​ច្បាប់ស្តីពី​វិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្រមនីតិវិធីព្រហ្មទណ្ឌ មាន​មាត្រា​សរុប ៦១២មាត្រា, ប្រកាសឱ្យ​ប្រើ​ក្នុងឆ្នាំ​២០០៧ គិតត្រឹមឆ្នាំ២០២៥ គឺមានរយៈពេល ១៨ឆ្នាំ ហើយក៏​ពុំទាន់មាន​ឯកសារផ្លូវការថាកែប្រែ ឬលុបចោល​ខ្លឹមសារមាត្រាណាមួយឡើយ។

ក្រុមការងាររៀបចំវិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ មានសហប្រធាន ២រូប លោក សេង ឌីណា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និងលោក​ ផូវ សំភី អគ្គនាយនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងសមាជិកសរុប ២១រូប ត្រូវមាន​តួនាទី សិក្សា ស្រាវជ្រាវ ពិគ្រោះយោបល់ ផ្តល់យោបល់ រៀបចំរបាយការណ៍ ចូលរួមការពារ​​ពាក់ព័ន្ធសេចក្តីព្រាង​ច្បាប់​ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ ក្រម​ព្រហ្មទណ្ឌ មាន​មាត្រា​សរុប ៦៧២​មាត្រា, ប្រកាសឱ្យ​ប្រើ​ក្នុងឆ្នាំ​២០០៩ (ពេល១ឆ្នាំផ្សព្វផ្សាយ) គិតត្រឹមឆ្នាំ២០២៥ គឺមានរយៈពេល ១៥ឆ្នាំ ហើយក៏​ពុំទាន់មាន​ឯកសារផ្លូវ​ការថាកែប្រែ ឬលុបចោលខ្លឹមសារ​មាត្រា​ណា​មួយ​ឡើយ។

ក្រុមការងាររៀបចំវិសោធនកម្មក្រមនីតិវិធីរដ្ឋប្បវេណី មានសហប្រធាន ២រូប លោក ញាន វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និងលោក តាំង ស៊ុនឡាយ អនុប្រធានតុលាការកំពូល និងសមាជិកសរុប ២១រូប ត្រូវមានតួនាទី សិក្សា ស្រាវជ្រាវ ពិគ្រោះយោបល់ ផ្តល់យោបល់ រៀបចំរបាយការណ៍ ចូលរួមការពារ​​ពាក់ព័ន្ធសេចក្តីព្រាង​ច្បាប់ស្តីពី​វិសោធនកម្មក្រមនីតិវិធីរដ្ឋប្បវេណី។​ក្រមនីតិវិធីរដ្ឋប្បវេណី មាន​មាត្រា​សរុប ៥៥៨​មាត្រា, ប្រកាសឱ្យ​ប្រើ​ក្នុងឆ្នាំ​២០០៦ (ពេល១ឆ្នាំផ្សព្វផ្សាយ) គិតត្រឹមឆ្នាំ២០២៥ គឺមាន​រយៈពេល ១៨ឆ្នាំ ហើយក៏​ពុំទាន់មាន​ឯកសារផ្លូវការ​ថាកែប្រែ ឬលុបចោលខ្លឹមសារ​មាត្រា​ណា​មួយ​ឡើយ។

ក្រុមការងាររៀបចំវិសោធនកម្មក្រមរដ្ឋប្បវេណី មានសហប្រធាន ២រូប លោក តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និងលោកស្រី ចាំង ស៊ីណាត អនុប្រធានតុលាការកំពូល និងសមាជិកសរុប ២៦រូប ត្រូវមានតួនាទី សិក្សា ស្រាវជ្រាវ ពិគ្រោះយោបល់ ផ្តល់យោបល់ រៀបចំ របាយការណ៍ ចូលរួមការពារ​​ពាក់ព័ន្ធ​សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមរដ្ឋប្បវេណី។ ក្រមរដ្ឋប្បវេណី មាន​មាត្រា​សរុប ១៣០៥​មាត្រា, ប្រកាសឱ្យ​ប្រើ​​ក្នុងឆ្នាំ២០០៧ គិតត្រឹមឆ្នាំ២០២៥ គឺមាន​រយៈពេល ១៨ឆ្នាំ ហើយក៏​ពុំទាន់មាន​ឯកសារផ្លូវការថាកែប្រែ ឬលុបចោលខ្លឹមសារ​មាត្រា​ណា​មួយ​ឡើយ។

គួរបញ្ជាក់ថាមុនពេលមានក្រុមការងារទាំង៤ រៀបចំវិសោធនកម្មក្រមទាំង៤ ខាងលើនេះ គឺនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ធ្លាប់បានបង្កើតក្រុមការងារសិក្សា ស្រាវជ្រាវ រៀបចំសេចក្តីព្រាងច្បាប់​សម្រាប់ការ​ធ្វើ​វិសោធនកម្ម​ក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី មានតែ ២ក្រុម គឺ​ក្រុមការងារទទួល​បន្ទុក​រៀបចំ​ការធ្វើ​វិសោធនកម្មច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ លោក កេង សុម៉ារិទ្ធ ជាប្រធាន និងក្រុម​ការងារ ទទួល​បន្ទុករៀបចំ​ការធ្វើ​វិសោធនកម្ម​ច្បាប់ក្នុង​វិស័យរដ្ឋប្បវេណី លោក តាន់ហ៊ាង ដាវ័ណ្ណ ជាប្រធាន។

អត្ថបទ៖ ហេង រិទ្ធ

Post a Comment

Previous Post Next Post