គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ត្រៀមចេញផែនការយុទ្ធសាស្ត្រ​សម្រាប់​​ការកែទម្រង់ប្រព័ន្ធ​​យុត្តិធម៌

ហេង រិទ្ធ hengrith heng rith
កិច្ចប្រជុំលើកទី១​ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅក្រសួងយុត្តិធម៌ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (រូបភាព ៖ ទំព័រហ្វេសប៊ុក ក្រសួងយុត្តិធម៌)

គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ កំពុងត្រួតពិនិត្យ និងគ្រោងដាក់​ឱ្យអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​​សម្រាប់ការកែទម្រង់ប្រព័ន្ធ​​យុត្តិធម៌ ដើម្បីពង្រឹង និងលើក​កម្ពស់គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធយុត្តិ​ធម៌​កម្ពុជា។

សេចក្តីប្រកាសព័ត៌មានលេខ​០០២ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ មានខ្លឹមសារថា គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បានពិនិត្យ និង​ពិភាក្សា​ជា​មួយ​សមាជិក​ជា​ច្រើន​មក​ពីក្រសួង​យុត្តិធម៌ និងស្ថាប័នតុលាការ ចំពោះសេចក្តីព្រាងដំបូងនៃផែនការយុទ្ធសាស្ត្រសម្រាប់​ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយគ្រោងយកទៅអនុវត្ត​លើ​វិស័យ​យុត្តិធម៌​នៅ​​កម្ពុជា​ រយៈពេល​១០ឆ្នាំ​(២០២៤-២០៣៤)។

គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ លើកឡើងថា ដើម្បីអាចអនុវត្តនូវផែនការយុទ្ធសាស្ត្រសម្រាប់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ត្រូវពិគ្រោះជាមួយក្រសួងស្ថាប័នមួយចំនួន ហើយសុំការ​អនុម័ត​យល់ព្រមពីគណៈរដ្ឋមន្ត្រី។

គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បញ្ជាក់អំពីការកែទម្រង់ប្រព័ន្ធយុត្តិធម៌ខ្លះៗកន្លងមក​ថា៖ «យុទ្ធនាការ​ជំរុញនិងពន្លឿនការដោះស្រាយសំណុំរឿងនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ គឺជាផ្នែកមួយដ៏សំខាន់នៃការងារកែទម្រង់ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»

យុទ្ធនាការ​ជំរុញការដោះស្រាយសំណុំរឿងនៅតាមតុលាការ និងយុទ្ធនាការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ គឺជាការដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពីដើមឆ្នាំ​២០២៤។

សូមបញ្ជាក់ផងដែលថា គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ​បង្កើតឡើងតាមព្រះរាជក្រឹត្យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២៣ ដែល​​មានសហប្រធាន២រូប គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល និងមាន​​​​សមាជិកសរុប ២៥រូប ក្នុង​គោលបំណង​ដឹកនាំ សម្របសម្រួល ជំរុញការអនុវត្តការកែទម្រង់ប្រព័ន្ធយុត្តិធម៌ តាម​កម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល សំដៅពង្រឹង លើកកម្ពស់គោលការណ៍នីតិរដ្ឋ គុណភាព ប្រសិទ្ធភាព​នៃប្រព័ន្ធយុត្តិធម៌​នៅកម្ពុជា។

ព្រះរាជក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០២៣ ត្រង់មាត្រា៧ ចែង​ថា សាលាជម្រះក្តី អង្គការអយ្យការគ្រប់ជាន់ថ្នាក់ ស្ថាប័ន អង្គភាព​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ការងារ​កែទម្រង់​​ប្រព័ន្ធយុត្តិធម៌ អាចបង្កើតក្រុមការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌។

ក្រុមការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ មានតួនាទី ភារកិច្ច និងសមាសភាពយ៉ាងណា ត្រូវ​កំណត់​ដោយ​​សេចក្តី​សម្រេចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយប្រធានតុលាការកំពូល។

ព្រះរាជក្រឹត្យខាងលើ ត្រង់មាត្រា ១៣ ចែងថា៖ «គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ មានប្រភពធនធានផ្គត់ផ្គង់ដោយថវិកាជាតិជាកញ្ចប់ថវិកាដោយឡែក នៅ​ក្នុង​ក្រប​ខ័ណ្ឌថ​វិកា​​ប្រចាំឆ្នាំ​របស់ក្រសួងយុត្តិធម៌»

ជុំវិញការ​កែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺរយៈពេល​ ១០ឆ្នាំមុន នៅឆ្នាំ​២០១៣ រដ្ឋាភិបាល​ធ្លាប់បានចេញអនុក្រឹត្យ​លេខ ៤៩១ បង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ដើម្បីដឹកនាំការងារកែ​ទម្រង់​ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមកម្មវិធីនយោបាយរបស់​រដ្ឋាភិបាល ដែលមានរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ជាប្រធាន និងសមាជិកមួយចំនួនទៀត។

ចាប់ពីឆ្នាំ២០២៤នេះទៅ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌​ ត្រូវបានបែងចែកជា២ ដោយការ​កែទម្រង់​ច្បាប់ ស្ថិតក្រោមសមត្ថកិច្ចទីស្តីការគណៈរដ្ឋមន្ត្រី និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ មានក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការ ជាអ្នកមានសមត្ថកិច្ច៕ 

ហេង រិទ្ធ hengrith heng rithសហប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី១រួច។ (រូបភាព ៖ ទំព័រហ្វេសប៊ុក ក្រសួងយុត្តិធម៌)

Post a Comment

Previous Post Next Post