ព្រឹទ្ធសាភានៃព្រះរាជាណាក្រកម្ពុជា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា។ (រូបភាព ៖ គេហទំព័រ ព្រឹទ្ធសភាកម្ពុជា)
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានគោលបំណងអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា ដើម្បីបម្រើប្រយោជន៍ពាណិជ្ជកម្ម រក្សាសណ្តាប់ធ្នាប់ បានឆ្លងផុតការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា ខណៈសេចក្តីព្រាងច្បាប់នេះ ពុំមានការផ្សព្វផ្សាយជាមុនខ្លាំងដូចក្រមព្រហ្មទណ្ឌឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មានខ្លឹមសារថា សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាអនុម័តយល់ព្រមបង្កើតច្បាប់នេះឡើយ ដើម្បីបម្រើប្រយោជន៍ពាណិជ្ជកម្ម រក្សាសណ្តាប់ធ្នាប់ការដឹកជញ្ជូនតាមផ្លូវទឹក ការពារបរិស្ថាន និងអភិវឌ្ឍវិស័យដឹកជញ្ជូននៅកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក នឹងក្លាយទៅជាច្បាប់ពេញលេញនៅពេលប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន១៨ជំពូក និង២៧៥មាត្រា។ជំពូកទី១ បទប្បញ្ញត្តិទូទៅ ជំពូកទី២ សមត្ថកិច្ច ជំពូកទី៣ គោលការណ៍ ជំពូកទី៤ ការគ្រប់គ្រងនាវា ជំពូកទី៥ នាវិក ជំពូកទី៦ នាវាចរណ៍ ជំពូកទី៧ ការលួចរត់តាមនាវា ជំពូកទី៨ ការឃាត់នាវាសមុទ្រ ជំពូកទី៩ ការដឹកជញ្ជូន និងសំណង ជំពូកទី១០ ការគ្រប់គ្រងកំពង់ផែ ជំពូកទី១១ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ជំពូកទី១២ កន្ធារកិច្ច ជំពូកទី១៣ យានដ្ឋាននាវា ជំពូកទី១៤ អធិការកិច្ច ជំពូកទី១៥ សហវិវាទ ជំពូកទី១៦ ទោសបញ្ញត្តិជំពូកទី១៧ អន្តរប្បញ្ញត្តិ និងជំពូកទី១៨ អវសានប្បញ្ញត្តិ។
ត្រង់ជំពូកទី១៨ អវសានប្បញ្ញត្តិ មាត្រា២៧៥ ចែងថា ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវប្រកាសជាការប្រញាប់ ដែលសំដោដល់ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេស ក្រោយថ្ងៃប្រកាសឱ្យប្រើ។
ពិនិត្យទៅលើទិដ្ឋាភាពជាក់ស្តែង ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ពេលព្រះមហាក្សត្រប្រកាសឱ្យប្រើនៅថ្ងៃណាមួយ នោះថ្ងៃបន្ទាប់នឹងអាចយកមកបកស្រាយ និងអនុវត្តបានភ្លាមៗ ដោយមិនមានការផ្សព្វផ្សាយដូចក្រមព្រហ្មទណ្ឌឡើយ។ មានន័យថា ពុំមានរយៈពេលផ្សព្វផ្សាយមុនពេលច្បាប់ចូលជាធរមាន ឬមានអនុភាព។
លោកស្រី និន សាផុន ប្រធានគណៈកម្មទី៩នៃរដ្ឋសភា លើកឡើងក្នុងពេលកិច្ចប្រជុំរដ្ឋសភា ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ថាច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មានប្រយោជន៍ដូចជាការគ្រប់គ្រងនាវា នាវិក កំពង់ផែ ជំរុញការវិនយោគវិស័យផ្លូវទឹក សម្រាលបន្ទុកការប្រើផ្លូវថ្នល់ និងបំពេញកាតព្វកិច្ចអន្តរជាតិ។
លោកស្រី និន សាផុន បញ្ជាក់ពីប្រយោជន៍យ៉ាងសំខាន់នៃច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកថា៖ «ធានាឱ្យមានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំងផ្នែកពាក់ព័ន្ធវិស័យដឹកជញ្ជូនផ្លូវទឹក ប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផល និងចីរភាព»។
លោក សេរី កុសល តំណាងរាស្ត្រមណ្ឌខេត្តបន្ទាយមានជ័យ លើកឡើងថាគាំទ្រជាខ្លាំងឱ្យចំពោះច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកដោយមើលឃើញពីប្រយោជន៍ជាច្រើន។ ហើយលោកបង្ហាញពីប្រវត្តិសាស្ត្រខ្លះកាលដែលកម្ពុជាពុំមានច្បាប់ដឹកជញ្ជូនតាមផ្លូវទឹក និងចង់ឃើញច្បាប់នេះមានប្រសិទ្ធិភាពទាំងផ្លូវទឹកខាងក្នុង ផ្លូវទឹកខាងក្រៅ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងក្នុងពេលកិច្ចប្រជុំរដ្ឋសភាថា ប្រវត្តិនៃច្បាប់ដឹកជញ្ជូនផ្លូវទឹកពីសម័យសង្គមរាស្ត្រិនិយមមកដល់បច្ចុប្បន្ន បង្ហាញពីគោលបំណងនៃច្បាប់ ច្បាប់នេះពិភាក្សាកម្រិតជំនាញនិងកម្រិតនយោបាយ និងប្រយោជន៍យ៉ាងច្រើនកើតចេញពីច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។
ផ្អែកទៅលើការផ្សព្វផ្សាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បង្ហាញថា សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន១៨ជំពូក និង ២៨០មាត្រា ហើយមកដល់រដ្ឋសភា និងព្រឹទ្ធសភា គឺនៅសល់ ១៨ជំពូក និង ២៧៥មាត្រា ដែលមានន័យថាត្រូវបានលុបចោល ៥មាត្រា។
ការផ្សព្វផ្សាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រីខាងលើ បានបង្ហាញពីគោលដៅនៃសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកថា៖ «ដើម្បីឆ្លើយតបទៅនឹងដំណើរវិវត្តន៍ឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»៕
Tags:
រឿងច្បាប់