![]() |
| លោក កើត រិទ្ធ (កណ្តាល) ប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ កំពុងដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពការងារនៃយុទ្ធនាការ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុក ក្រសួងយុត្តិធម៌) |
សាលាដំបូងរាជធានីខេត្ត ដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋរួចចំនួនជិត៨ពាន់សំណុំរឿង ដោយប្រើពេល៦៣ថ្ងៃ ខណៈដែលលទ្ធផលនេះស្របពេលជាមួយនឹងយុទ្ធនាការដែលក្រសួងយុត្តិធម៌បានដាក់ចេញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ចេញថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានខ្លឹមសារថា សាលាដំបូងរាជធានីខេត្តទាំងអស់ ដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋានជូនពលរដ្ឋបានចំនួន ៧៨៤០សំណុំរឿង។ ក្នុងចំណោម ៧៨៤០សំណុំរឿង ដែលបានដោះស្រាយរួចនោះ គឺមានសំណុំរឿងចាស់ចំនួន ៦៨០០សំណុំរឿង (រឿងកើតមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤) ចំណែកសំណុំរឿងថ្មីមានចំនួន ១០៤០សំណុំរឿង (រឿងកើតពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤)។
សេចក្តីប្រកាសព័ត៌មានខាងលើបន្តថា ក្រសួងយុត្តិធម៌ ក្នុងនាមគណៈបញ្ជាការដឹកនាំយុទ្ធនាការ កោតសរសើរការប្រឹងប្រែងរបស់ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរាជការទាំងអស់ ចំពោះការចូលរួមយ៉ាងសកម្ម និងសម្រេចលទ្ធផលខាងលើ ដើម្បីប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។
លទ្ធផលដែលតុលាការ និងក្រុមយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ ដោះស្រាយរឿងអត្រានុកូលដ្ឋានបានក្បែ៨ពាន់សំណុំរឿង ឃើញថាមានការអរគុណ ការគាំទ្រ ការសរសើរ ពីពលរដ្ឋយ៉ាងច្រើន ដែលបង្ហាញថារឿងរបស់ពលរដ្ឋមិនត្រូវបានទុកយូរ។
រឿងអត្រានុកូលដ្ឋាន គឺជារឿងពាក់ព័ន្ធការចុះបញ្ជីកំណើតរស់ ការចុះបញ្ជីមរណភាព ការចុះបញ្ជីអាពាហ៍ពិពាហ៍ ការចុះបញ្ជីអំពីការលែងលះ លុបចោលអាពាហ៍ពិពាហ៍ និងការចុះបញ្ជីអត្រានុកូលដ្ឋានផ្សេងៗដូចជា ការទទួលស្គាល់ញ្ញាតិ ស្មុំកូនជាដើម។ នេះបើយោតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឆ្នាំ២០២៣។
ចំពោះការកែតម្រូវរឿងអត្រានុកូលដ្ឋាន គឺមាន២ទម្រង់ គឺការកែដោយមន្ត្រីអត្រានុកូលដ្ឋាន និងការកែតម្រូវដោយតុលាការ ដោយគោរពតាមលក្ខខណ្ឌតម្រូវ។ តាមសេចក្តីប្រកាសព័ត៌មានខាងលើ បង្ហាញលទ្ធផលការដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋាននៅតុលាការបានចំនួន ៧៨៤០សំណុំរឿង ពុំមានកំណត់លម្អិតពីប្រភេទសំណុំរឿង និងកត្តាផ្សេងៗទៀតឡើយ។
មាត្រា៥១ថ្មី នៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានកំណត់ថា៖ «អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ»។ រដ្ឋធម្មនុញ្ញកម្ពុជាបន្តចែងថា អំណាចតុលាការ ជាអំណាចឯករាជ្យ ហើយគ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាច ទទួលអំណាចតុលាការអ្វីបានឡើយ។
សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ បានដាក់ចេញឱ្យអនុវត្តនូវយុទ្ធនាការចំនួន២ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្នុងគោលបំណងលើកកម្ពស់សេវាយុត្តិធម៌ ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និងគោលការណ៍នីតិរដ្ឋ។
យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ត្រូវធ្វើទាំងរឿងព្រហ្មទណ្ឌ និងរឿងរដ្ឋប្បវេណី គឺជាលើកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនពលរដ្ឋ ហើយអនុវត្តរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ចំណែកយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ គឺជាការពិនិត្យភាពមិនប្រក្រតីលើផ្នែកអភិបាលកិច្ចតាមតុលាការ ភាពមិនប្រក្រតីលើដំណើរសំណុំរឿង និងការសម្រេចសេចក្តីរបស់តុលាការ ហើយអនុវត្តរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
ជុំវិញយុទ្ធនាការទាំង២ខាងលើ ក្រសួងយុត្តិធម៌បានដាក់គោលការណ៍ទៅមន្ត្រីរបស់ខ្លួនទាំងអស់ថា ត្រូវអនុវត្តកិច្ចការដោយច្បាស់លាស់ ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ ហើយជាពិសេសមិនត្រូវធ្វើឱ្យប៉ះពាល់ឯករាជ្យអំណាចតុលាការ និងមិនត្រូវធ្វើបុរេវិនិច្ឆ័យលើការសម្រេចសេចក្ដីរបស់តុលាការថាមិនប្រក្រតី ឬអយុត្តិធម៌។
ចំពោះលទ្ធផល នៃការដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋបានក្បែ៨ពាន់សំណុំរឿងខាងលើ ឃើញថាប្រភេទសំណុំរឿង២ផ្សេងទៀត គឺរឿងគ្រឿងញៀន និងរឿងគ្រោះថ្នាក់ចរាចណ៍ ពុំទាន់ចេញលទ្ធផលជាតួលេខនៅឡើយទេ ខណៈមានការផ្សាយសេចក្តីប្រកាសព៍ត៌មានរបស់តុលាការជាច្រើនតែប៉ុណ្ណោះ នៃរយៈពេល៦៣ថ្ងៃ។
ផ្នែកតាមឯកសារស្តីពី ខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ ទំព័រ១៧ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ថា៖ «ការបន្តពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ត្រូវបានគ្រោងថវិកាចំនួន ១០,៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ២,៥ លានដុល្លារអាម៉េរិក»៕
Tags:
រឿងតុលាការ
%20%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%92%E1%9E%B6%E1%9E%93%E1%9E%82%E1%9E%8E%E1%9F%88%E1%9E%94%E1%9E%89%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%99%E1%9E%BB%E1%9E%91%E1%9F%92%E1%9E%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%20.jpg)