ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ជាចលនា​នយោបាយនៅក្រៅប្រទេស

ពិធីប្រកាសបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ (រូបភាព ៖ Facebook Mu Sochua)

ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ​ជាចលនា​នយោបាយមួយ បង្កើតក្នុងគោលបំណងឱ្យមាន​រួបរួម​រវាង​ពលរដ្ឋ ផ្តល់ការបណ្តោះ​បណ្តាល និងជំរុញឱ្យអនុវត្តលទ្ធិប្រជាធិបតេយ្យ ខណៈចលនានេះ​មាន​ការ​គាំទ្រខ្លះ និងគ្មានការ​គាំទ្រខ្លះ។

ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ជាក្រុមមួយដែលមាន​លោក​ស្រី មូរ សុខហួរ ជាប្រធាន និង​សមាជិក​ផ្សេងៗ​​ទៀតភាគច្រើន​មកពី​អតីត​គណបក្ស​​សង្គ្រោះជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០២៤​ ដើម្បីប្រមូលពលរដ្ឋគ្រប់សញ្ជាត​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​ចូលរួមគ្នាគិតគូរ​ពី​បញ្ហា​​ និងរកដំណោះស្រាយ។ ក្នុងសកម្មភាពរបស់ខ្លួន ចលនានេះ​អាចទទួលជំនួយពីស្ថាប័នផ្សេងៗ​ដោយស្របច្បាប់ ព្រោះស្ថិតនៅក្រោមឈ្មោះចលនា មិនមែនជាគណបក្សនយោបាយជំទាស់បក្សណាឡើយ។

លោក​ស្រី មូរ សុខហួរ ជាស្ត្រីនយោបាយ ​លើក​ឡើងថា ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ​ជាចលនា​នយោបាយមួយដែល​ផ្តល់ការអប់រំ បណ្តោះបណ្តាល និងជំរុញឱ្យអនុវត្តគោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ទៅ​ដៃគូមកពី​អង្គការ​ក្រៅ​រដ្ឋាភិបាល សង្គមស៊ីវិល សមាគមន និងក្រុមមួយចំនួនទៀត។

ក្នុងពិធីបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ឃើញមានវត្តលោក សម រង្ស៊ី នៅក្នុងនោះផងដែរ។ សម្រាប់​លោកស្រី មូរ សុខហួរ​ ថាវត្តមានលោក សម រង្ស៊ី ព្រោះជាអ្នកប្រជាធិបតេយ្យ ហើយទោះបីជាអ្នកណា​​ក៏ដោយ ឬគណបក្សណាឱ្យតែស្រលាញ់ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ លោកស្រីស្វាគមន៍។

លោក សេង សារី អ្នកវិភាគនយោបាយដែលមានវត្តមានក្នុងពិធីខាងលើផងនោះ លើកឡើងថា ចលនាខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ក៏ដើរតួនាទីស្របតាម​កិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងទិសដៅ​ជំរុញការអនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ ហើយប្រទេសទាំង១៩នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានកិច្ចត្រូវ​ចូលរួមចំណែក​លើក​ស្ទួយការរអនុវត្ត និងការការពារ​ផងដែរ។

ជុំវិញការបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកនៅកម្ពុជាមួយចំនួនយល់ថា ពុំមានឥទ្ធពលអ្វី​ឡើយ ដោយសារមានចលនាជាច្រើនបង្កើតតាមរូបភាពផ្សេងៗ ហើយ​ក៏​​បាត់សកម្មភាព​ទៅវិញ​ដោយ​ខ្លួនឯង គ្មានបន្សល់អ្វីសម្រាប់ប្រយោជន៍ជាតិឡើយយ។

ការបង្កើតចលនា​នេះ ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ តែឃើញមានជនរងគ្រោះពីការចូល​រួម​ចលនា​ផ្សេងៗ​​ជាច្រើនកន្លងមកហើយ។ ចលនា​នេះ ទោះបីជាមាន ឬគ្មាន ក៏នៅក្នុងប្រទេសដំណើរការធម្មតា គ្មាន​សញ្ញា​អ្វីគួរឱ្យកត់ស្គាល់ឡើយ។

ផ្អែកតាមមាត្រា៥១ថ្មី ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ចែងថា ព្រះរាជាណាចក្រ​កម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស៕

Post a Comment

Previous Post Next Post