រូបភាពតំណាងគណបក្សទាំង៥ ដែលចូលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤។ (រូបភាព ៖ ហេង រិទ្ធ) |
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មានឈ្មោះពេញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ដែលនឹងត្រូវបោះឆ្នោតនៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយអ្នកមានសិទ្ធិបោះឆ្នោត គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ជាការបោះឆ្នោតក្នុងគោលបំណងជ្រើសរើសក្រុមប្រឹក្សា ២ប្រភេទ។ ដោយប្រភេទី១ គឺជាការជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងប្រភេទី២ គឺជាការជ្រើសរើស ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
ដោយសារតែមាន ២ប្រភេទដែលត្រូវបោះឆ្នោតជូន ទើបសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបោះឆ្នោតពីរសន្លឹក និងត្រូវមានហិបឆ្នោតចំនួនពីរសម្រាប់ដាក់សន្លឹកឆ្នោតនីមួយៗ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់សន្លឹកឆ្នោតសម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ថាសន្លឹកឆ្នោតទី១ ពណ៌ផ្ទៃមេឃ ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដាក់ក្នុងហិបឆ្នោតមួយ។ ចំណែកសន្លឹកឆ្នោតទី២ ពណ៌ស ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ដាក់ក្នុងហិបឆ្នោតមួយផ្សេងទៀត។ នេះបើយោងតាមបណ្ណប្រកាសលេខ០២របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
ពាក់ព័ន្ធការឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ គឺគណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះប្រមាណ ៤០% គណបក្សកម្លាំងជាតិ ដាក់បេក្ខជនឈរឈ្មោះប្រមាណ ៥០% គណបក្សហ៊្វុនស៊ីនប៉ិច ដាក់បេក្ខជនឈរឈ្មោះប្រមាណ ៦០% គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឈរឈ្មោះប្រមាណ ៩០% និង គណបក្សប្រជានជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះ ១០០% នៃចំនួនមណ្ឌលដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលេខ ០៤២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
បើពិនិត្យទៅលើ អ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឃើញថាមានចំនួន ១១៦២២នាក់ ហើយត្រូវបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៤៤៩នាក់ និងត្រូវឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ចំនួន៣៦២១នាក់ ដែលជាអ្នកអនុវត្តកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេសកម្ពជា។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅពេលគណបក្សដែលទទួលបានស្លឹកឆ្នោតច្រើនតាមខ្បួនខ្នាតនៃការបោះឆ្នោត នាំឱ្យបេក្ខជន ឬសមាជិកនៃបក្សនោះក្លាយទៅជាសមាជិកណាមួយនៃក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាស្រ័យទៅលើគណបក្សកំណត់។ សមាជិកនៃក្រុមប្រឹក្សា ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០០៨ ដែលជាមូលដ្ឋាន។
នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០០៨ ត្រង់មាត្រា២០ ចែងថា៖ «ក្រុមប្រឹក្សានីមួយៗ ត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។
ហើយមាត្រា ១២ នៃច្បាប់ដដែល បានកំណត់អំពី ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ រួមមាន៖ «ភាពជាតំណាងសាធារណៈ, ស្វ័យភាពរបស់មូលដ្ឋាន, ការពិគ្រោះយោបល់ និងការចូលរួម,ការឆ្លើយតប និងគណនេយ្យភាព, ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅក្នុងមូលដ្ឋាន, ការលើកស្ទួយសមធម៌, តម្លាភាព និងសុចរិតភាព ,វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច»។