មហាសន្និបាតយុត្តិធម៌ ​បង្ហាញដំណោះស្រាយលើបញ្ហានៃការអនុវត្តក្រមទាំង៤

មហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌
ពិធីមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និង កំណត់​ទិសដៅ​​ការងារអាទិភាពបន្ត
នៅ​ថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៤។ (រូបភាព៖ ហ្វេសប៊ុក ក្រសួងយុត្តិធម៌)

មហាសន្និបាតវិស័យយុត្តិធម៌ រៀបចំដោយក្រសួងយុត្តិធម៌ និងមានការចូលពីមន្ត្រីតុលាការ បានកំណត់​​បញ្ហា​​ប្រឈម​​ចំនួន៨ មកពិភាក្សា និងសម្រេច​ជា​ដំណោះ​ស្រាយ​​រួម ដើម្បីពង្រឹង លើកកម្ពស់ប្រសិទ្ធ​ភាពនៃការផ្ដល់​សេវា​យុត្តិធម៌នៅកម្ពុជា។

បញ្ហា​ប្រឈម​​ចំនួន៨​ ដែលកំណត់ដោយ​មហាសន្និបាតបូកសរុបលទ្ធផលការងារ​វិស័យយុត្តិធម៌​ទូទាំង​ប្រទេស​ឆ្នាំ២០២៣ និង កំណត់​ទិសដៅ​​ការងារអាទិភាពបន្ត រួមមាន ទី១-ការអនុវត្ត​ក្រម​រដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណី ទី២-ការចេញ​ដីកា​សម្រេច​រក្សាការពារ ទី៣-ការលើកកម្ពស់​ប្រសិទ្ធភាព និង ជំនឿ​ទុក​ចិត្តលើការលក់​ដោយបង្ខំ​នូវ​អចលនវត្ថុ ទី៤-ការជូនដំណឹង និង ការបញ្ជូន​សេចក្តី​សម្រេច​របស់​តុលាការ។ បើពិនិត្យបញ្ហាប្រឈមទាំងនេះ គឺពាក់ព័ន្ធការដោះស្រាយសំណុំរឿង​រដ្ឋប្បវេណី​នៅ​តុលាការ។

ចំណែកទី៥-ការអនុវត្តក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ ទី៦-ការជូនដំណឹង​អំពីសាលក្រម​កំបាំង​មុខ ទី៧-បទល្មើសប្រព្រឹត្តដោយអនីតិជន និងទី៨-បណ្តឹងឧទ្ធរណ៍ និង បណ្តឹង​សាទុក្ខរបស់​ដើម​បណ្តឹង​រដ្ឋប្បវេណីចំពោះសេចក្តីសម្រេចព្រហ្មទណ្ឌ។ បើពិនិត្យបញ្ហាប្រឈមទាំងនេះ គឺពាក់ព័ន្ធ​​ការដោះស្រាយ​​សំណុំរឿងព្រហ្មទណ្ឌ​នៅតុលាការ។

ការដោះស្រាយបញ្ហាប្រឈមទី១-ការអនុវត្ត​ក្រម​រដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណី គឺមហាសន្និបាត យល់​ថាត្រូវពិចារណា​ធ្វើវិសោធនកម្ម​ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ពាក់ព័ន្ធការប្រើប្រាស់​ពាក្យ​ពេចន៍ ចំណុចដែលមិនអាចអនុវត្ត​បាន ឬដែលខ្វះខាត ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត។

ការដោះស្រាយបញ្ហាប្រឈមទី២-ការចេញ​ដីកា​សម្រេច​រក្សាការពារ គឺមហាសន្និបាត យល់ថាត្រូវមានការ ប្រើប្រាស់ទម្រង់រួមនៃដីកាសម្រេចរក្សាការពារ ដែលបង្កើតដោយក្រុមការងារ ដើម្បីអាចយក ទៅអនុវត្ត​បាន​ដោយ​ប្រសិទ្ធភាព។ ហើយត្រូវមានទណ្ឌកម្មវិន័យទៅលើចៅក្រម ដែលប្រើ​ឆន្ទានុសិទ្ធិដោយរំលោភ​បំពាន​ចេញដីកា​សម្រេចរក្សា​ការពារ។

ការដោះស្រាយបញ្ហាប្រឈមទី៣-ការលើកកម្ពស់​ប្រសិទ្ធភាព និង ជំនឿទុកចិត្តលើការលក់​ដោយបង្ខំ​នូវ​អចលនវត្ថុ គឺមហាសន្និបាត យល់ថាអចលនវត្ថុដែលត្រូវលក់ដោយបង្ខំ ត្រូវផ្សព្វផ្សាយជា​សាធារណៈ​ឱ្យបានទូលំទូលាយ។ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ត្រូវមានការទទួលស្គាល់ពីក្រសួងយុត្តិធម៌។ កិច្ចការនេះក្រសួង និងស្ថាប័នតុលាការ នឹងចេញសេចក្តីណែនាំរួមបន្ថែមក្នុងការអនុវត្ត។

ការដោះស្រាយបញ្ហាប្រឈមទី៤-ការជូនដំណឹង និងការបញ្ជូន​សេចក្តី​សម្រេច​របស់តុលាការ គឺមហាសន្និបាត យល់ថាត្រូវបង្កើតក្រុមរយៈពេលខ្លីដែលទទួលបន្ទុកបញ្ជូនការជូនដំណឹង និងឯកសារ​ផ្សេង​ទៀត។ ក្រសួង​យុត្តិធម៌​ នឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងផ្សេង ដើម្បី អនុវត្ត​កិច្ចការ​បញ្ជូនឱ្យបានឆាប់រហ័ស។ ហើយធ្វើ​វិសោធនកម្មក្រមនីតិវិធីរដ្ឋប្បវេណី ដែលត្រូវបញ្ចូល​បន្ថែម​នូវ​របៀបនៃ​ការបញ្ជូន ដោយប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ឬប្រព័ន្ធទំនាក់ទំនងសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងភាពឆាប់រហ័ស។

ការដោះស្រាយបញ្ហាប្រឈមទី៥-ការអនុវត្តក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ គឺមហាសន្និបាត យល់ថាមានភាពចាំបាច់ក្នុងការធ្វើវិសោធនកម្ម ដោយហេតុថាបទប្បញ្ញត្តិមួយចំនួននៅមានភាពមិនទាន់​ច្បាស់លាស់ និងមិនទាន់អាចឆ្លើយតបទៅនឹងស្ថានភាពនៃសង្គមជាក់ស្តែង ហើយ​ដើម្បីធានាប្រសិទ្ធភាព​នៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា។

ការដោះស្រាយបញ្ហាប្រឈមទី៦-ការជូនដំណឹង​អំពីសាលក្រម​កំបាំង​មុខ គឺមហាសន្និបាត យល់ថា​ត្រូវ​វិសោធនកម្ម​មាត្រាមួយចំនួន ដើម្បីឱ្យការជូនដំណឹងអំពីសេចក្តីសម្រេចរបស់តុលាការ​ព្រហ្មទណ្ឌអាច​ធ្វើ​ការផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឬបណ្តាញទំនាក់​ទំនងសង្គម។ ហើយក្នុងករណី​ភាគី​ពាក់ព័ន្ធ​​​​អវត្តមានពីលំនៅឋាន ឬពុំមានលំនៅឋាន គឺអាចឱ្យដំណឹង​តាមរយៈការផ្សព្វផ្សាយ​តាម​សារព័ត៌មាន ឬតាមយន្តការផ្សព្វផ្សាយផ្សេង។ ក្រសួងយុត្តិធម៌ និងតុលាការកំពូលនឹងចេញការណែនាំអំពី​ការ​អនុវត្ត​បន្ថែម។

ការដោះស្រាយបញ្ហាប្រឈមទី៧-បទល្មើសប្រព្រឹត្តដោយអនីតិជន គឺមហាសន្និបាត យល់ថាច្បាប់ណា​មាន​ប្រយោជន៍សម្រាប់អនីតិជនត្រូវអនុវត្តជាអាទិភាព ដោយត្រូវពិចារណាថ្លឹងថ្លែង​អំពី​ផលប្រយោជន៍​របស់អនីតិជនទំនាស់នឹងច្បាប់នោះ និងផលប្រយោជន៍នៃសន្តិសុខសង្គម។

ការដោះស្រាយបញ្ហាប្រឈមទី៨-បណ្តឹងឧទ្ធរណ៍ និង បណ្តឹង​សាទុក្ខរបស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំពោះ​សេចក្តី​សម្រេចព្រហ្មទណ្ឌ គឺមហាសន្និបាត យល់ថា​​ត្រូវពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់ ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញាក្នុងការធ្វើបណ្ដឹង។ ​ហើយដើមបណ្តឹងរដ្ឋប្បវេណីមាន​សិទ្ធិ​ក្នុង​ការប្តឹង​ឧទ្ធរណ៍ និងប្តឹងសាទុក្ខនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីធានាសិទ្ធិទាមទារសំណងជំងឺចិត្តចំពោះ ការខូចខាតដែលខ្លួនបានទទួល។

សូមបញ្ជាក់ថា មហាសន្និបាតវិស័យយុត្តិធម៌ ក្នុងឆ្នាំ២០២៤ មានការចូលជាអធិបតីដោយ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក ជីវ កេង ប្រធានតុលាការកំពូល លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា​តុលាការកំពូល​ និង​មន្ត្រីក្រសួង​យុត្តិធម៌ មន្ត្រី​តុលាការ មន្ត្រីផ្សេងទៀត ប្រមាណជាង ៧០០នាក់ ប្រព្រឹត្ត​ទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ក្នុងពិធីមហាសន្និបាតវិស័យយុត្តិធម៌ ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លើកឡើងថា មានការយល់​ឃើញ​ជាច្រើនមកលើប្រព័ន្ធតុលាការក្នុងន័យមិនល្អ បើទោះបីជាមន្ត្រីតុលាការខំប្រឹងដោះស្រាយ​​បញ្ហា​បានជាច្រើនក៏ដោយ។ ​លោកបន្តថា ដើម្បីឱ្យពលរដ្ឋមានជំនឿទុកចិត្តលើប្រព័ន្ធតុលាការ គឺមន្ត្រីទាំង​អស់​ត្រូវ​ឯកភាពពង្រឹងលើវិន័យ នៅពេលមន្ត្រីណាធ្វើខុស គឺត្រូវដកមន្ត្រីនោះចេញ។

លោក កើត រិទ្ធ បញ្ជាក់ថា៖ «ចាប់ពីពេលនេះតទៅគឺម៉ោងវិន័យ។ ម៉ោងវិន័យ គឺដើម្បី​​ដកចេញបណ្តាសា​ដែល​ថា ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់។ យើងមិនអនុញ្ញាតឱ្យត្រីមួយនោះ មកស្អុយត្រី​មួយ​កន្ត្រកទេ [...] ត្រីណាមិនកែ គឺជាកម្មវត្ថុនៃក្របខណ្ឌយន្តការវិន័យ»

លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាតុលាការកំពូល​ លើកឡើងថា នៅពេលព្រះរាជអាជ្ញាអនុវត្តមុខ​ងារមានកំហុសវិជ្ជាជិវៈ ឬបំពានក្រមវិជ្ជាជីវៈ នឹងរងការដាក់វិន័យតាមនីតិវិធីច្បាប់ ដើម្បីពង្រឹង លើកម្ពស់​គុណភាព ប្រសិទ្ធិភាព នៃប្រព័ន្ធយុត្តិធម៌។

ជុំវិញការដាក់វិន័យលើមន្ត្រីតុលាការ លោក ជិន ម៉ាលីន លើកឡើងថា​នៅក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សា​វិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមប្រជុំដាក់វិន័យចំនួន ១៥លើក មានមន្ត្រីចំនួន ១៧រូប ហើយ អ្នក​ដែល​ត្រូវរកវិន័យមាន ៩រូប។ លទ្ធផលនៃការដាក់វិន័យទៅលើមន្ត្រីតុលាការ លោក ជិន ម៉ាលីន ថានៅ​ឆ្នាំ២០២៣នេះមិនប្រកាសឡើយ លុះចាប់ពីឆ្នាំ២០២៤ទៅ ទើបមានការប្រកាសជាសាធារណៈ តែការ​ប្រកាសនោះ​​ត្រឹម​ជាចំនួនប៉ុណ្ណោះ។

សម្រាប់ លោក ជីវ កេង ប្រធានតុលាការកំពូល លើកឡើងថា ក្រមទាំង៤ (ក្រម​រដ្ឋប្បវេណី ក្រមនីតិវិធី​រដ្ឋប្បវេណី​ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ) ត្រូវបានដាក់ឱ្យអនុវត្តជិត២០ឆ្នាំមកហើយ ប៉ុន្តែ​អ្នក​អនុវត្ត​ជាទូទៅ​​ទទួលស្គាល់ថា ច្បាប់មួយចំនួនពិបាកយល់ នាំឱ្យមានឧបសគ្គនៃការអនុវត្ត។ លោកបន្ត​ថា​ប្រសិនចាំបាច់អង្គសន្និបាតអាចស្នើសុំវិសោធនកម្មច្បាប់ ឬស្នើសុំសេចក្តីណែនាំ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈមទាំងនេះ។

ផ្នែកតាមឯកសារស្តីពី ខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ ទំព័រ១៧ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ថា៖ «ការបន្តពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ត្រូវបានគ្រោងថវិកាចំនួន ១០,៣ ប៊ីលាន​រៀល, សមមូលនឹងប្រមាណ ២,៥ លានដុល្លារអាមេរិក​»៕

ពិធីមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និង កំណត់​ទិសដៅ​​ការងារអាទិភាពបន្ត
នៅ​ថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៤។ (រូបភាព៖ ហ្វេសប៊ុក ក្រសួងយុត្តិធម៌)


Post a Comment

Previous Post Next Post