ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក​ ដាក់ឱ្យប្រើចាប់ពីខែមីនា ២០២៤ តទៅ

ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ (រូបភាព ៖ គេហទំព័រ ព្រះមហាក្សត្រកម្ពុជា)

ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានគោលបំណងគ្រប់គ្រង អភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹក និង​កំពង់ផែ​នៅ​កម្ពុជា បម្រើប្រយោជន៍ពាណិជ្ជកម្ម ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើ​ចាប់​ពីថ្ងៃទី២៣​ ខែមីនា ឆ្នាំ២០២៤ នេះតទៅ ខណៈដែលច្បាប់នេះការផ្សព្វផ្សាយអំពីខ្លឹមសារលម្អិតនៅពុំច្រើន។

ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន១៨ជំពូក និង២៧៥មាត្រា។​ជំពូកទី១ បទប្បញ្ញត្តិ​ទូទៅ​ ជំពូកទី២ សមត្ថកិច្ច ជំពូកទី៣ គោលការណ៍ ជំពូកទី៤ ការគ្រប់គ្រងនាវា ជំពូកទី៥ នាវិក ជំពូកទី៦ នាវាចរណ៍ ជំពូកទី៧ ការលួចរត់តាមនាវា ជំពូកទី៨ ការឃាត់នាវាសមុទ្រ ជំពូកទី៩ ការដឹកជញ្ជូន និងសំណង ជំពូកទី១០ ការគ្រប់គ្រងកំពង់ផែ ជំពូកទី១១ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ជំពូកទី១២ កណ្ណធារកិច្ច ជំពូកទី១៣ យានដ្ឋាននាវា ជំពូកទី១៤ ​ធិការកិច្ច ជំពូកទី១៥ សហវិវាទ ជំពូកទី១៦ ទោសប្បញ្ញត្តិ​ ជំពូកទី១៧​ អន្តរប្បញ្ញត្តិ​ និងជំពូកទី១៨ អវសានប្បញ្ញត្តិ។

យោងតាមទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ផ្សាយ​​ថាច្បាប់ស្តីពីការ​ដឹក​ជញ្ជូនតាម​ផ្លូវទឹក កំណត់អំពីការគ្រប់គ្រង ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនិង​កំពង់ផែ​នៅ​កម្ពុជា, ការពារ​បរិស្ថាន រក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក, ផ្តល់​ឱកាស​វិនិយោគ​និង​ការ​ប្រកួត​ប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ តម្លាភាព, បម្រើពាណិជ្ជកម្ម​​ជាតិនិង​អន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងក្នុងពេលកិច្ចប្រជុំរដ្ឋសភាអំពី ប្រវត្តិនៃច្បាប់ដឹកជញ្ជូនផ្លូវទឹកពីសម័យសង្គមរាស្ត្រិនិយមមកដល់បច្ចុប្បន្ន បង្ហាញពីគោលបំណងនៃច្បាប់ ច្បាប់នេះពិភាក្សាកម្រិតជំនាញនិងកម្រិតនយោបាយ និងប្រយោជន៍យ៉ាងច្រើនកើតចេញពីច្បាប់ស្តីពីការ​ដឹក​ជញ្ជូន​តាមផ្លូវទឹក។

លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា​លើកឡើងក្នុងពេលកិច្ចប្រជុំរដ្ឋសភា ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ថាច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មានប្រយោជន៍ដូចជា​​ ការគ្រប់គ្រងនាវា នាវិក កំពង់ផ ជំរុញការវិនយោគវិស័យផ្លូវទឹក សម្រាលបន្ទុក​ការប្រើផ្លូវថ្នល់ និងបំពេញកាតព្វកិច្ចអន្តរជាតិ។

លោកស្រី និន សាផុន បញ្ជាក់ពីប្រយោជន៍យ៉ាងសំខាន់នៃច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកថា៖ «ធានា​ឱ្យ​មានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំង​ផ្នែក​ពាក់ព័ន្ធ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវទឹក ប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផល និងចីរភាព»។

ផ្អែកទៅលើការផ្សព្វផ្សាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី​នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បង្ហាញថា សេចក្តី​ព្រាង​ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន១៨ជំពូក និង ២៨០មាត្រា ហើយពេលច្បាប់នេះ​ត្រូវបាន​ប្រកាសឱ្យប្រើជាសាធារណៈនៅសល់​ ១៨ជំពូក និង ​២៧៥មាត្រា ដែលមានន័យថាត្រូវបាន​លុប​ចោល ៥មាត្រា។​

គួរកត់សម្គល់ថានៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ មាត្រា៩៣ថ្មី កំណត់ថា៖ «ច្បាប់ដែល​ព្រះមហាក្សត្រ​​​ទ្រង់បាន​ឡាយ​ព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ច និងផ្សព្វផ្សាយនៅ​ទូទាំង​​ប្រទេស ឱ្យ​ទាន់​តាម​ពេល​កំណត់​ខាងលើ»។ ពាក្យថា ​ពេលវេលាកំណត់ខាងលើ សំដោទៅលើ​ពេល​ចូល​ធរមាន​នៃ​ច្បាប់ ដែលមាន ១០ថ្ងៃនៅរាជធានីភ្នំពេញ ២០ថ្ងៃនៅតាមបណ្តាលខេត្ត និងការចូល​ជាប្រញាប់។

ហើយពាក្យថា ផ្សព្វផ្សាយនៅទូទាំងប្រទេស ក៏មានលក្ខណៈទូលាយ។ ប្រទេស បែងចែកជា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ ឃុំ សង្កាត់ និងភូមិ។ នៅកម្ពុជាមានរាជធានីចំនួន១ ខេត្តចំនួន២៤ ក្រុងចំនួន២៧ ស្រុកចំនួន១៦២ ខណ្ឌចំនួន១៤ ឃុំចំនួន១.៤០៥ សង្កាត់ចំនួន២៥១ និងភូមិចំនួន១៤.៤០៥ យោង​តាម សៀភៅកម្រងទិន្នន័យឈ្មោះ និងចំនួនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ឆ្នាំ២០២១

មុនពេល និងក្រោយពេល​ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានដាក់ឱ្យអនុវត្តទូទាំងប្រទេស គឺច្បាប់​នេះពុំមានការផ្សព្វផ្សាយលម្អិតខ្លាំងដូចជាក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណីឡើយ។ មួយវិញទៀត​ច្បាប់​ស្តីពី​ការ​ដឹកជញ្ជូនតាមផ្លូវទឹក ត្រូវ​ចូលជាធរមាន ដោយការប្រញាប់ផងដែរ នេះបើយោងតាម​មាត្រា​២៧៥ នៃច្បាប់នេះ។

Post a Comment

Previous Post Next Post