កាតព្វកិច្ចយោធា ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាណែនាំឱ្យសិក្សា​

ពិធីសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ (រូបភាព ៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការសិក្សាស្រាវជ្រាវពីកាតព្វកិច្ចយោធាឱ្យបាន​​ម៉តចត់ ​​ ដើម្បីអាចអនុវត្តច្បាប់កាតព្វកិច្ចយោធា ឱ្យបានជា​ជំហានៗ នៅពេលវេលាសមស្របខាងមុខ។

ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន (នាទី1:32:13)​ នៅសាកលវិទ្យាល័យ​ការពារជាតិ នៅ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវពីច្បាប់​កាតព្វកិច្ចយោធា និងឯកសារផ្សេងៗឱ្យបានបានម៉តចត់ ​ដើម្បីអាច​អនុវត្ត​ច្បាប់​កាតព្វកិច្ច​​យោធា នៅ​ពេល​វេលា​​សមស្រប​ខាងមុខ។

លោក ហ៊ុន ម៉ាណែត​ បានបញ្ជាក់ថា៖ «ត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានម៉តចត់​នូវច្បាប់​កាតព្វកិច្ច​យោធា និងបញ្ហាឯកសារគតិយុត្តពាក់ព័ន្ធ​ដែលមាន​រួចមក ហើយពិចារណាកែសម្រួលបំពេញ​បន្ថែមឱ្យ​បាន​ពេញ​លេញ ដើម្បីស្នើសុំធ្វើវិសោធនកម្ម និងកសាងបន្ថែមនូវឯកសារគតិយុត្តពាក់ព័ន្ធចាំបាច់ ឆ្ពោះទៅ​អនុវត្ត​ច្បាប់​កាតព្វកិច្ចយោធាឱ្យបានជា​ជំហានៗ ស្របតាមសភាពការណ៍ និងភារកិច្ចការពារ​ជាតិ នៅ​ពេល​វេលា​សមស្របខាងមុខ»។

លោក ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងថា កម្ពុជាគួររៀនសូត្របទពិសោធន៍​ពីសិង្ហបុរីពាក់ព័ន្ធ​វិស័យ​ការពារ​ជាតិ និង​ជាពិសេស​ការអនុវត្តកាតព្វកិច្ច​យោធា

នៅប្រទេសខ្លះ បុរសជាគោល ឬស្ត្រី ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ឬអាយុលើស១៨ ត្រូវ​តម្រូវ​ឱ្យ​បំពេញកាតព្វកិច្ច​យោធារយៈពេល ១ឆ្នាំ ឬច្រើន ឬត្រូវទទួលការបណ្តុះបណ្តាលសមមូល ក្នុងអំឡុងពេល​ណា​មួយ​សមស្រប។

ដូចនៅ​រុស្ស៊ី​​អាយុ​សម្រាប់​បុរស​ដែល​ត្រូវ​មានកាតព្វកិច្ចយោធា​ពី២៧ឆ្នាំ ទៅ៣០ឆ្នាំ។ នៅ​មីយ៉ាន់ម៉ា បុរស​អាយុ​ចាប់ពី១៨ ដល់៣៥ឆ្នាំ និងជាស្រ្តីអាយុចាប់ពី១៨ដល់២៧ឆ្នាំ អាចចូល​បំពេញកាតព្វកិច្ច​យោធា ក្នុងរយៈពេលយ៉ាងហោច ២ឆ្នាំ។

នៅកម្ពុជាពលរដ្ឋទាំង២ភេទ ដែលមានអាយុពី១៨ឆ្នាំ ដល់ ៣០ឆ្នាំ ត្រូវ​បំពេញ​យោធាន តែស្ត្រីបំពេញ​តាម​ការស្ម័គ្រចិត្ត ហើយបំពេញរយៈពេល ១៨ខែ។ ជនដែល​គេចវេះ រឹងរូស មិនបំពេញ​កាតព្វកិច្ច​យោធា អាច​ជាប់​ពន្ធនាគារចន្លោះពី១ឆ្នាំ ដល់ ៣ឆ្នាំ។

នៅកម្ពុជា ពុំទាន់មានការបំពេញកាតព្វកិច្ចយោធាឱ្យបានពេញលេញនៅឡើយទេ ព្រោះខ្វះនូវឯកសារ​គតិយុត្តគាំទ្របន្ថែម ដូចជាព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ដែលមានន័យខ្លឹមសារណែនាំបន្ថែម។ ត្រង់​នេះ​ហើយទើបលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យមាន​ការសិក្សាស្រាវជ្រាវ​ពី​កាតព្វកិច្ចយោធាឱ្យបាន​​ម៉តចត់។

ជុំវិញឯកសារពាក់កាតព្វកិច្ចយោធា ឃើញថាមាន ដូចជា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ចេញ​ឆ្នាំ២០០៦, អនុក្រឹត្យលេខ ២០០ ស្តីពីលក្ខខណ្ឌ និងបែបបទនៃការធ្វើជំរឿនការជ្រើសរើស ការអញ្ជើញ ការពន្យា​ពេលសំរាប់យុវជនកំពុងជាប់សិក្សា ប្រជាពលរដ្ឋដែលស្ថិតក្នុងករណីពិសេស និងការអនុវត្ត​ច្បាប់ស្តីពី​កាតព្វកិច្ចយោធា ចេញឆ្នាំ២០០៩, សេចក្តីសម្រេចលេខ ០៦ ស្តីពី ការតែងតាំង​សមាស​ភាព​គណៈកម្មាធិ​ការជាតិ កាតព្វកិច្ចយោធា ចេញឆ្នាំ២០១០ និងប្រកាសរួមលេខ ០៥១ ស្តីពី លក្ខខណ្ឌ​កាយសម្បទាន និង សុខភាពប្រជាពលរដ្ឋជាប់កាតព្វកិច្ចយោធា ចេញឆ្នាំ២០១០។

បច្ចុប្បន្ន​ប្រទេស​​ដែលមានការអនុវត្តកាតព្វកិច្ចយោធា មានដូចជា សិង្ហបុរី មីយ៉ាន់ម៉ា ចិន អ៊ីស្រាអែល រុស្ស៊ី កោះតៃវ៉ាន់ កូរ៉េខាងត្បូង កូរ៉េខាងជើង និងផ្សេងទៀត។ ពលរដ្ឋនៅប្រទេសទាំងនោះ មានការលើកឡើង​មួយថា ការអនុវត្តកាតព្វកិច្ចយោធា ទាមទារឱ្យ​មាន​តម្លាភាព និងស្មើភាពគ្នារវាង​ពលរដ្ឋ​ទាំង​អស់។

Post a Comment

Previous Post Next Post