![]() |
ក្រសួងយុត្តិធម៌ និង តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល |
ការណែនាំ ៨ចំណុចបន្ថែមនេះ បន្ទាប់ពីកាលលើកមុន ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការធ្លាប់បានណែនាំម្តងរួចមកហើយ អំពីដំណោះស្រាយ៨ចំណុច ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាយុត្តិធម៌កម្ពុជា។
មកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក៏មានការណែនាំ ៨ចំណុចបន្ថែម គឺជាការណែនាំទៅលើចំណុចដដែល និងធ្លាប់បានណែនាំម្តងហើយ មានដូចជា ពាក់ព័ន្ធការដោះស្រាយរឿងក្តីរដ្ឋប្បវេណីមាន៖ (ទី១)-ការអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី៖ ប្រសិទ្ធភាព និងបញ្ហាប្រឈម, (ទី២)-ការចេញដីកាសម្រេចរក្សាការពារ, (ទី៣)-ការលើកកម្ពស់ប្រសិទ្ធភាព និងជំនឿទុកចិត្តលើការលក់ដោយបង្ខំនូវអចលនវត្ថុ និង (ទី៤)-ការជូនដំណឹង និងការបញ្ជូនសេចក្តីសម្រេចរបស់តុលាការ។
ចំណែកការណែនាំនៅក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌមាន៖ (ទី១)-ការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ៖ ប្រសិទ្ធភាព និងបញ្ហាប្រឈម, (ទី២)-ការជូនដំណឹងអំពីសាលក្រមកំបាំងមុខ (ការជូនដំណឹងអំពីសេចក្តីសម្រេចរបស់តុលាការ), (ទី៣)-បទល្មើសប្រព្រឹត្តដោយអនីតិជន និង (ទី៤)-បណ្ដឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខរបស់ដើមបណ្តឹងរដ្ឋប្បវេណីចំពោះសាលក្រម ឬសាលដីកាក្នុងរឿងព្រហ្មទណ្ឌ។
បើពិនិត្យទៅលើដែលមាននៅក្នុងការណែនាំ ៨ចំណុចបន្ថែមនេះ ឃើញថាមានលក្ខណៈច្រើនជាងមុន ច្បាស់លាស់ និងផែនការច្បាស់ទៅតាមចំណុចនីមួយៗខាងលើ។
ជាក់ស្តែង ការណែនាំពាក់ព័ន្ធការដោះស្រាយរឿងក្តីរដ្ឋប្បវេណី ចំពោះការអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី៖ ប្រសិទ្ធភាព និងបញ្ហាប្រឈម ឃើញថាមានបញ្ហាចំនួន ៤ រួមមាន ការប្រើពាក្យពេចន៍ និងឃ្លាឃ្លោង ដែលពិបាកយល់, សង្គតិភាពរវាងបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណីជាមួយច្បាប់ផ្សេងទៀត, កង្វះនូវបទប្បញ្ញត្តិមួយចំនួន និង ការមិនអាចអនុវត្តបាននូវបទប្បញ្ញត្តិមួយចំនួនក្នុងការជាក់ស្តែង។
ចំពោះការណែនាំជាដំណោះស្រាយអំពី ការអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី៖ ប្រសិទ្ធភាព និងបញ្ហាប្រឈម គឺត្រូវបង្កើតក្រុមការងារបច្ចេកទេសរៀបចំការធ្វើវិសោធនកម្មច្បាប់ក្នុងវិស័យរដ្ឋប្បវេណី, ការពិនិត្យនិងសិក្សាដើម្បីធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណីនិងក្រមនីតិវិធីរដ្ឋប្បវេណី និងត្រូវធ្វើការពិគ្រោះយោបល់ជាមួយអ្នកជំនាញការជប៉ុន។
ជុំវិញការវិសោធនកម្មក្រមរដ្ឋប្បវេណី ប្រធានតុលាការកំពូល លោក ជីវ កេង ធ្លាប់លើកឡើងថា ក្រមទាំង៤ (ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ) ត្រូវបានដាក់ឱ្យអនុវត្តជិត២០ឆ្នាំមកហើយ ប៉ុន្តែអ្នកអនុវត្តជាទូទៅទទួលស្គាល់ថា ច្បាប់មួយចំនួនពិបាកយល់ នាំឱ្យមានឧបសគ្គនៃការអនុវត្ត។
សម្រាប់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់លើកឡើងក្នុងពិធីមហាសន្និបាតវិស័យយុត្តិធម៌ ឆ្នាំ២០២៤ថា មានការយល់ឃើញជាច្រើនមកលើប្រព័ន្ធតុលាការក្នុងន័យមិនល្អ បើទោះបីជាមន្ត្រីតុលាការខំប្រឹងដោះស្រាយបញ្ហាបានជាច្រើនក៏ដោយ។លោកបន្តថា ដើម្បីឱ្យពលរដ្ឋមានជំនឿទុកចិត្តលើប្រព័ន្ធតុលាការ គឺមន្ត្រីទាំងអស់ត្រូវឯកភាពពង្រឹងលើវិន័យ នៅពេលមន្ត្រីណាធ្វើខុស គឺត្រូវដកមន្ត្រីនោះចេញ។
លោក កើត រិទ្ធ បញ្ជាក់ថា៖ «ចាប់ពីពេលនេះតទៅគឺម៉ោងវិន័យ។ ម៉ោងវិន័យ គឺដើម្បីដកចេញបណ្តាសាដែលថា ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់។ យើងមិនអនុញ្ញាតឱ្យត្រីមួយនោះ មកស្អុយត្រីមួយកន្ត្រកទេ [...] ត្រីណាមិនកែ គឺជាកម្មវត្ថុនៃក្របខណ្ឌយន្តការវិន័យ»។
ផ្នែកតាមឯកសារស្តីពី ខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ ទំព័រ១៧ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ថា៖ «ការបន្តពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ត្រូវបានគ្រោងថវិកាចំនួន ១០,៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ២,៥ លានដុល្លារអាមេរិក»។