![]() |
បើយោងតាមសេចក្តីសម្រេចចិត្តរបស់ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការកំពូល ចេញថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មានខ្លឹមសារថា អង្គភាពរដ្ឋបាលតុលាការ ត្រូវពង្រឹងការអនុវត្តតួនាទីរបស់ខ្លួនក្នុងនាមជាក្រុមបម្រើការផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងបច្ចេកទេស ចំណុះឱ្យស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់។
សេចក្តីសម្រេចិត្តខាងលើបន្តថា អង្គភាពរដ្ឋបាលតុលាការ និងសាលាច្បាប់នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ត្រូវសហការគ្នារៀបចំផែនការពង្រឹងសមត្ថភាពមន្ត្រីអង្គភាពរដ្ឋបាលតុលាការ ដោយត្រូវចាប់ផ្តើមបណ្តុះបណ្តាលចាប់ពីឆមាសទី២ ឆ្នាំ២០២៤ តទៅ។
សេចក្តីសម្រេចិត្តខាងលើបន្ថែមថា ត្រូវប្រគល់ភារកិច្ចដល់ក្រុមការងារតាមដាន វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមលើការងារថវិកាក្នុងវិស័យយុត្តិធម៌របស់ក្រសួងយុត្តិធម៌ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដល់មន្ត្រីរដ្ឋបាលតុលាការ ។
ជុំវិញការរៀបចំវគ្គបណ្តុះបណ្តាលកិច្ចការហិរញ្ញវត្ថុ ឃើញថាក្រសួងយុត្ដិធម៌ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីរដ្ឋបាលតុលាការ បានបង្កើតវគ្គបណ្តុះបណ្តាលជាច្រើនកន្លងមក តួយ៉ាង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០, ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣, ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ និងមានផ្សេងៗទៀត។
នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ឃើញថា ក្រសួងយុត្តិធម៌ ចំណាយថវិកាសរុប ១៩៥៨៧៣លានរៀល ដែលការចំណាយនេះរួមមាន យុត្តិធម៌ចំនួន ៤៤៦៨៩លានរៀល, តុលាការកំពូលចំនួន ៧៧៦៤លានរៀល, សាលាឧទ្ធរណ៍ចំនួន ១៨៩៦៤លានរៀល, ក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ៤៨៨០លានរៀល និងមន្ទីរជំនាញរាជធានី ខេត្តចំនួន ១១១៨៥១លានរៀល។ បើធៀបការចំណាយថវិកាទៅនឹងឆ្នាំ២០២២ ក្រសួងយុត្តិធម៌ចំណាយថវិកាសរុប ១៧៣៥៣១លានរៀល គឺខុសគ្នា ២២៤៣២លានរៀល។