ការណែនាំ៧ចំណុច លើមន្ត្រីក្នុងវិស័យយុត្តិធម៌


ក្រសួងយុត្តិធម៌ ធ្វើការណែនាំ ៧ចំណុចទៅ​មន្ត្រីក្នុងវិស័យយុត្តិធម៌ឱ្យមានការចូលរួម ការពង្រឹង​វិន័យ អភិបាលកិច្ច សមត្ថភាព​ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព​នៃ​ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ នេះបើ​យោង​តាម សេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ ចេញថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤

ការណែនាំទាំង ៧ចំណុចរបស់ក្រសួងយុត្តិធម៌ទៅលើមន្ត្រីរបស់ខ្លួន និងមន្ត្រីតុលាការ​មាន​ខ្លឹមសារ​ដូចជា ១,បន្តចូលរួមការអនុវត្តយុទ្ធនាការ និងសំណុំរឿងអាទិភាពទាំង៣ ២,ពង្រឹងវិន័យការងារ និង​ក្រមសីលធម៌ ៣,ការផ្តល់ព័ត៌មាន និងសាធារណមតិ ៤,ការដោះស្រាយ​សំណុំរឿង​ប៉ះពាល់​សង្គម ៥,ពង្រឹងអភិបាលកិច្ចផ្ទៃក្នុង ៦,ពង្រឹង​គុណភាពសរសេរឯកសារ និង៧,ពង្រឹងសមត្ថភាពមន្ត្រីក្នុង​វិស័យ​យុត្តិធម៌។

ចំពោះការណែនាំទី១ បន្តចូលរួមការអនុវត្តយុទ្ធនាការ និងសំណុំរឿងអាទិភាពទាំង៣ ៖ សំដៅទៅលើការ​អនុវត្តកិច្ចយុទ្ធនាការជំរុញការដោះស្រាយរឿងក្តីនៅតាមតុលាការ យុទ្ធនាការដោះស្រាយភាព​មិនប្រក្រតី​នៅ​​តាមតុលាការ និងការដោះស្រាយសំណុំរឿងអាទិភាពទាំងបី គឺសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ អត្រានុកូលដ្ឋាន ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ការណែនាំទី២ ពង្រឹងវិន័យការងារ និងក្រមសីលធម៌ ៖ ពេលមានមន្ត្រីតុលាការល្មើសវិន័យ ឧត្តមក្រុមប្រឹក្សា​​នៃអង្គចៅក្រម ត្រូវពិនិត្យការអនុវត្តទណ្ឌកម្មវិន័យថ្នាក់ទី២ ការផ្លាស់ប្តូរដោយបង្ខំ, ការព្យួរ​ការងារ ការបញ្ឈប់ពីមុខងារ​ដោយ​បង្ខំ និងការបណ្តេញចេញពីក្របខ័ណ្ឌ។​ ការផ្សព្វផ្សាយជា​សាធារណៈ អំពីការដាក់​វិន័យ ដោយគ្រាន់តែមិនបញ្ជាក់ឈ្មោះចៅក្រម ឬព្រះរាជអាជ្ញាដែលរងវិន័យ ប៉ុន្តែត្រូវ​ឱ្យដឹង​ពី​ចំនួនសំណុំរឿង ចំនួនចៅក្រម ព្រះរាជអាជ្ញា និងប្រភេទទណ្ឌកម្មវិន័យ។

ការណែនាំទី៣ ការផ្តល់ព័ត៌មាន និងសាធារណមតិ ៖ ​សំដៅទៅលើការប្តូរពីការនាំពាក្យដែល ឆ្លើយតប​នៅ​ពេលមានការចោទប្រកាន់ ទៅជាការនាំពាក្យដែលមានលក្ខណៈបុរេសកម្ម និងលក្ខណៈជា​ប្រតិកម្ម​ឆ្លើយតប។

ការណែនាំទី៤ ការដោះស្រាយ​សំណុំរឿង​ប៉ះពាល់​សង្គម ៖ ត្រូវបន្ថែមការយកចិត្តទុកដាក់ជា អាទិភាព​លើសំណុំរឿងដែលកើតមានញឹកញាប់ដូចជា គ្រឿងញៀន, ក្មេងទំនើង, ឆក់, ប្លន់ ជាដើម។ ការបណ្តេញ​ចេញពីកម្ពុជាចំពោះទណ្ឌិតជាជនបរទេស ក្រោយបញ្ចប់ការអនុវត្ត​ទោស​ជាប់ពន្ធនាគារ។ មួយវិញទៀត ចៅក្រមត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង​រដ្ឋប្បវេណី ដើម្បីស្វែង​រកយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ការណែនាំទី៥ ពង្រឹងអភិបាលកិច្ចផ្ទៃក្នុង ៖ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ កិច្ចសហប្រតិបត្តិការល្អ ការអនុវត្ត​តួនាទីឱ្យបានខ្ជាប់ខ្ជួន ស្មារតីបុរេសកម្ម ភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់។

ការណែនាំទី៦ ពង្រឹង​គុណភាពសរសេរឯកសារ ៖ សាលក្រម សាលដីកា ឬដីកា​នានា ត្រូវ​សរសេរ​តាមក្បួនខ្នាត ងាយយល់ មានសំអាងហេតុ សំអាងច្បាប់ច្បាស់លាស់ គ្រប់គ្រាន់ ​ដើម្បីមានមូលដ្ឋាន​រឹងមាំ​ក្នុង​ការអនុវត្ត។ ចៅក្រម ព្រះរាជអាជ្ញា ដែលត្រូវផ្លាស់ប្តូ​រកន្លែងបំពេញការងារ ត្រូវរៀបចំចេញ​សាលក្រម ឬសាលដីកា ឬដីកាសម្រេចនៃសំណុំរឿងដែល​ខ្លួនកាន់ ឱ្យបានរួចរាល់​មុន​ទៅ​កន្លែងថ្មី។

ការណែនាំទី៧ ពង្រឹងសមត្ថភាពមន្ត្រីក្នុង​វិស័យ​យុត្តិធម៌ ៖ សាលាច្បាប់នៃ​បណ្ឌិត្យសភាភូមិន្ទ​យុត្តិធម៌​​កម្ពុជា អគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ និងតុលាការគ្រប់ជាន់ថ្នាក់ ត្រូវសហការគ្នាធ្វើ​ការសិក្សា វាយតម្លៃ​អំពីតម្រូវការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ជាពិសេស ការយល់ដឹងបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យា​ ដើម្បីពង្រឹង​ប្រសិទ្ធភាពនៃ​ការកែទម្រង់ប្រព័ន្ធយុត្តិធម៌។

ពាក្យថា មន្ត្រីក្នុងវិស័យយុត្តិធម៌ មានដូចជា មន្ត្រីបម្រើការនៅក្រសួងយុត្តិធម៌ ទាំងមន្ត្រីរដ្ឋបាល​តុលាការ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីតុលាការទាំងអស់។

សេចក្តីណែនាំចេញដោយក្រសួងយុត្តិធម៌ខាងលើ ក៏បានបញ្ជាក់ថា ការណែនាំទាំង ៧ចំណុចខាង​ ជា​ការបន្ថែម​លើសេចក្តីសម្រេចចិត្តរួមរបស់មហាសន្និបាត​វិស័យយុត្តិធម៌​ទូទាំង​ប្រទេស​ឆ្នាំ២០២៣ និង​កំណត់​ទិសដៅការងារជាអាទិភាពបន្ត ដែលបានប្រព្រឹត្ត​ទៅក្នុងខែមីនា ឆ្នាំ២០២៤។

ពិនិត្យក្នុងការណែនាំខាងលើ ឃើញថាការណែនាំទី១ ទី៣ ទី៤ ទី៥ និងទី៧ ពុំទាន់ភាពលម្អិត ប្រទាក់​ប្រទង​គ្នា​ខ្លាំង​នៅ​ឡើយ ដើម្បីធានាឱ្យមានការអនុវត្តនូវចំណុចនីមួយៗឱ្យបានពេញលេញបរិបូណ៍។

នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ឃើញថា ក្រសួងយុត្តិធម៌ ចំណាយថវិកាសរុប ១៩៥៨៧៣​លានរៀល ដែលការចំណាយនេះរួមមាន យុត្តិធម៌ចំនួន ៤៤៦៨៩លានរៀល, តុលាការ​កំពូល​ចំនួន ៧៧៦៤លានរៀល, សាលាឧទ្ធរណ៍ចំនួន ១៨៩៦៤លានរៀល, ក្រុមប្រឹក្សានៃអង្គចៅក្រម​ចំនួន​ ៤៨៨០លានរៀល និងមន្ទីរជំនាញរាជធានី ខេត្តចំនួន ១១១៨៥១លានរៀល។ បើធៀប​ការចំណាយ​​ថវិកាទៅនឹងឆ្នាំ២០២២ ក្រសួងយុត្តិធម៌ចំណាយថវិកា​សរុប ​១៧៣៥៣១លានរៀល គឺមាន​​ការកើនថវិកាចំនួន ២២៤៣២លានរៀល។

ផ្នែកតាមឯកសារស្តីពី ខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ ទំព័រ១៧ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ថា៖ «ការបន្តពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ត្រូវបានគ្រោងថវិកាចំនួន ១០,៣ ប៊ីលាន​រៀល, សមមូលនឹងប្រមាណ ២,៥ លានដុល្លារអាមេរិក​»។

Post a Comment

Previous Post Next Post