ការឃោសនានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំទម្រង់នៃការចំហែក្បួនឃោសនា និងកម្មវិធីតុមូល ដោយ​​​មានរបៀប​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ខណៈដែលវិធីឃោសនាហាក់បី​មានចំនួនតិច។

ការឃោសនាសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ មានរយៈពេល ៨ថ្ងៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ដើម្បីអាចហែក្បួនឃោសនាបាន គឺគណបក្ស​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរទៅគណៈកម្មការ​រាជធានីខេត្តរៀបចំការបោះឆ្នោត(គធ.ខប) យ៉ាងតិចឱ្យបាន៣ថ្ងៃ មុន​ថ្ងៃហែក្បួន។

ការហែក្បួនឃោសនា បានយ៉ាងច្រើន ២ដង ហើយ​មិន​អាច​ការហែក្បួនឆ្លងរាជធានី ខេត្ត មិនត្រូវ​បាន​អនុញ្ញាត​ឡើយ។ ក្នុងករណីហែក្បួនឆ្លងរាជធានី ខេត្ត ដែលមិនបានអនុញ្ញាត គណបក្សនោះ​ត្រូវបិទ​ឧបករណ៍បំពង សំឡេង និងផ្អាករាល់សកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន។

គណៈកម្មការ​រាជធានីខេត្តរៀបចំការបោះឆ្នោត(គធ.ខប) ត្រូវសម្របសម្រួល​ជាមួយអាជ្ញាធរមាន​សមត្ថកិច្ច​​ពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុង​ពេលឃោសនាបោះឆ្នោត។ គ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់មុនថ្ងៃបោះឆ្នោត ២៤ម៉ោង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ធ្លាប់អំពាវនាវថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់​ជំហរ​អព្យាក្រឹត ឥតលម្អៀងក្នុង សកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយ នីមួយៗអាចអនុវត្តកម្មវិធី និងការហែក្បួន​ឃោសនាបោះឆ្នោតរបស់ខ្លួន​ប្រព្រឹត្ត​ទៅដោយស្មើភាពគ្នា។

នៅក្នុងកម្មវិធីតុមូល ដែលជាផ្នែកមួយនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ មាន​សំណួរចំនួន ៣ សួរ​ទៅ​គណបក្សនីមួយៗដូចជា ១-តើគណបក្សនមាន​គោលនយោបាយ​យ៉ាង​ដូចម្តេច​ដើម្បីបម្រើ​សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន? ២-តើគណបក្សមាន​គោលនយោបាយ​​យ៉ាងដូចម្តេចក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន? ៣-តើគណបក្ស​មាន​​​​​គោលនយោបាយ​យ៉ាងដូចម្តេចលើវិស័យទេសចរណ៍នៅមូលដ្ឋាន?។ សូម​បញ្ជាក់ថា ក្នុងកម្មវិធី​តុមូល​​នេះ គណបក្សកម្លាំងជាតិ​ពុំបានចូលរួមឡើយ។

ការហែក្បួន កម្មវិធីតុមូល និងការផ្សាយវីដេអូរបស់គណបក្ស ដែលជាមធ្យោបាយសម្រាប់​ធ្វើ​ការឃោសនា​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ពិតជាល្អ ត្រឹមត្រូវ តែហាក់បីមានចំនួនតិចនៅឡើយ។ ប្រសិន​មានកម្មវិធី តស៊ូមតិ ការសួរសំនួរពីពលរដ្ឋ ការសរសេរអត្ថបទ និងផ្សេងៗទៀត ដែលជំរុញឱ្យ​ការសន្យារបស់គណបក្សនយោបាយអាចអនុវត្តបានពេញលេញពេលជាប់ឆ្នោត។

គណបក្ស​ចូលរួម​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ មានចំនួន៥ ដូចជា គណបក្ស​ប្រជានជន​​កម្ពុជា គណបក្ស​ឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សខ្មែរ​រួបរួមជាតិ។

សន្លឹកឆ្នោតដែលត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិទី៤ មាន ២ប្រភេទគឺ​ពណ៌​ផ្ទៃមេឃ និង ពណ៌ស។ ពណ៌ផ្ទៃមេឃ ប្រើក្នុងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ។ ចំណែក​ពណ៌ស ​ប្រើក្នុង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត។ ដោយសារមានសន្លឹកឆ្នោត ២ប្រភេទ គឺត្រូវមានហិបឆ្នោតចំនួនពីរ​សម្រាប់ដាក់សន្លឹកឆ្នោតនីមួយៗ។ នេះ​បើយោងតាមបណ្ណប្រកាសលេខ​០២ ​របស់ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។​

អ្នកមានសិទ្ធិទៅបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិទី៤ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ១១៦២២នាក់ ហើយត្រូវបោះឆ្នោតជ្រើសរើសសមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ចំនួន៤៤៩នាក់ និងត្រូវ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ចំនួន​៣៦២១នាក់ ដែលជា​អ្នកអនុវត្ត​កិ​ច្ចការនៅថ្នាក់ក្រោមជាតិនៅទូទាំងប្រទេសកម្ពជា។

នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ ឆ្នាំ២០០៨ ត្រង់មាត្រា២០ ចែងថា៖ «ក្រុមប្រឹក្សានីមួយៗ [ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ] ត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ច​របស់ខ្លួន»។

Post a Comment

Previous Post Next Post