ជាង៧ម៉ឺនសំណុំរឿង សាលាដំបូងដោះស្រាយក្នុងពេល​ ៦ខែ



សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស​ ចាត់ការ​សំណុំរឿងបានចំនួន ៧៨ ៣៦៥ នៃចំនួនសំណុំរឿងសរុប ១២១ ៥៥៣ ដោយប្រើពេល ៦ខែ តែប៉ុណ្ណោះ។ នេះបើយោងតាម​សេចក្តី​ប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ចេញថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

សំណុំរឿងដែលបានដោះស្រាយរួចទាំង ៧៨៣៦៥ មានប្រភេទសំណុំរឿងដូចជា រឿងព្រហ្មទណ្ឌ រឿង​រដ្ឋប្បវេណី និងរឿងក្តីដទៃទៀត។ ក្នុងចំណោមសំណោមសំណុំរឿងទាំងនេះ គឺមិនបានកំណត់​អំពី​ប្រភេទរឿងនីមួយៗមានសំណុំរឿងប៉ុន្មានឡើយ និងជាពិសេសប្រភេទបទល្មើសអ្វីខ្លះ។ មួយវិញទៀតក៏គួរមាន​ថារឿងដែលបានដោះស្រាយទាំងអស់ស្ថាពរ ឬទេ​ ព្រោះអាចបង្កទៅជាការស្ទះសំណុំរឿងនៅតុលាការ​ជាន់​ខ្ពស់បន្ត។ 

បើពិនិត្យទៅលើចំនួនសំណុំរឿងសរុប គឺសំណុំរឿងដែលកំពុងត្រូវបានដោះស្រាយនៅតាមសាលាដំបូងមាន ៤៣១៨៨ សំណុំរឿងទេ។ ក្នុងទិដ្ឋាភាពច្បាប់ សង្គម វប្បធម៌ សាសនា សំណុំរឿង ៤៣១៨៨ សំណុំរឿង គឺបង្ហាញពីបញ្ហាជាច្រើនជាច្រើន​របស់​ពលរដ្ឋដែលកំពុងមានសម្ពាធពាក់ព័ន្ធវិស័យតុលាការ។

នៅក្នុងដំណើរការនីតិវិធីនៅតុលាការ គឺពេលចប់ការដោះស្រាយវិវាទនៅសាលាដំបូងរាជធានី ខេត្ត រួច ដែលចេញជាសាលក្រម, ប្រសិនភាគីណាមិនពេញចិត្តទៅនឹងខ្លឹមសារសាលក្រមនោះ គឺអាចប្តឹងឧទ្ធរណ៍​ចំពោះសាលក្រម​របស់សាលាដំបូងនោះ​ទៅ​តុលាការជាក់ខ្ពស់ គឺសាលាឧទ្ធរណ៍បន្តទៀត ដើម្បីបដិសេធ​សាលាក្រមនោះដែលប៉ះពាល់ប្រយោជន៍​របស់​ភាគី។ សាលាឧទ្ធរណ៍ នឹងទទួលពិនិត្យ និងដោះស្រាយ​​​​ការប្តឹងបន្ត។

សាលាដំបូងរបស់កម្ពុជានៅទូទាំងប្រទេស គឺមានចំនួន ២៥ តាមរាជធានី ខេត្តនីមួយៗ ខណៈដែលមន្ត្រីតុលាការមានចំនួន ១៩៤៣នាក់ រួមមានចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសាការី ធ្វើការនៅតាមសាលាដំបូងរាជធានីខេត្តនីមួយៗ គិតត្រឹមឆ្នាំ២០២៣។ ចំនួនមន្ត្រី

រយៈពេល ​៦ខែ ដែលសាលាដំបូងរាជធានី ខេត្ត អនុវត្តកន្លងមកនេះ គឺព្រោងពេលដែលក្រសួងយុត្តិធម៌​បានដាក់ចេញនូវយុទ្ធនាការចំនួន ២ រួមមាន៖ (១)-យុទ្ធនាការជំរុញ និងពន្លឿន​ការដោះស្រាយ​រឿងក្តី​នៅ​តាមតុលាការ និង (២)- យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បី​ពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

ជាមួយ​រយៈពេល ៦​ ខែនេះដែរ គណៈបញ្ជាការដឹកនាំយុទ្ធនាការទាំង ២ បានទទួល​ពាក្យ​បណ្ដឹង​ពី​ ពលរដ្ឋចំនួន ១ ៤៧៤ បណ្តឹង ដែល​ប្តឹង​ពីបញ្ហាយឺតយ៉ាវក្នុង​នីតិវិធី​តុលាការចំនួន ៧៨៦ បណ្តឹង និង​ប្តឹង​ពី​ភាពមិនប្រក្រតី​ក្នុង​នីតិវិធី​តុលាការចំនួន ៦៩៨ បណ្ដឹង

បណ្តឹងស្នើសុំពន្លឿនការដោះស្រាយរឿង​ក្តីនៅ​តាម​តុលាការ ចំនួន ៧៨៦ បណ្តឹង ត្រូវបាន​តុលាកា​រដោះស្រាយរួច ៦៤០ បណ្តឹង។ ដូចច្នេះនៅសល់ ១៤៦ បណ្តឹង ដែលតុលាការពុំទាន់​ដោះស្រាយ។ ចំណែកបណ្តឹងស្នើសុំឱ្យមានការត្រួតពិនិត្យភាពមិនប្រក្រតីនៅ​តាម​តុលាការចំនួន ៦៩៨ បណ្ដឹង ត្រូវ​បាន​​តុលាការដោះស្រាយរួចប្រហែល ២០០បណ្តឹង។ ដូចច្នេះនៅសល់ជាង ៤០០ បណ្តឹង ដែល​តុលាការ​ពុំទាន់​ដោះស្រាយ។

គួរបញ្ជាក់ថានៅពាក់ព័ន្ធបណ្តឹងពីពលរដ្ឋនៅក្នុងរឿងមិនប្រក្រតីនៅ​តាម​តុលាការ គឺមាន ២៧ ករណីមាន​ភាពមិនប្រក្រតី ដូចជា ១៤ ករណី សង្ស័យអាចមានភាពមិនប្រក្រតី ហើយ​ស្នើសុំឱ្យ​តុលាការ​ពិនិត្យ​ឡើ​វិញ, ៩ ករណី បានចាត់ឱ្យមាន ការចុះ​ធ្វើ​អធិការកិច្ច និង ៤ ករណីទៀត ត្រូវបានរកឃើញ​ថា​មានភាព​មិន​ប្រក្រតី ដែលភាគីអាចស្នើសុំ​ការជំនុំជម្រះសាជាថ្មី។

ជាកិច្ចការល្អដែលថា មេធាវីស្ម័គ្រចិត្តទីប្រឹក្សាក្រសួងយុត្តិធម៌ ចំនួន ៩២រូប បានជួយការពារក្តី ដោយ​ឥតគិតថ្លៃជូនពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំមកតាម លេខាធិការដ្ឋាននៃ​គណៈបញ្ជាការដឹកនាំ​យុទ្ធនាការទាំង ២។

ជុំវិញបណ្តឹងទាំង ១ ៤៧៤ ពុំមានកំណត់អំពីប្រភេទនៃបណ្តឹង ប្រភេទនៃរឿងព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ឬផ្សេងៗ មូលហេតុ​នៃការប្តឹង និងចំណុចលម្អិតផ្សេងៗ​ទៀត​ឱ្យច្បាស់ទេ។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានខាងលើ សំណុំរឿងអាទិភាព ៤ ដែលដាក់ចេញដោយ​គណៈបញ្ជា​ការ​ដឹក​នាំ​​យុទ្ធនាការទាំង ២ រួមមានសំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង ត្រូវបានតុលាការដោះស្រាយ​បាន​យ៉ាងច្រើន និងមានការឃុំខ្លួនច្រើន​នាក់​ផង​ដែរ។ ដូច្នេះរងចាំមើល​អំពីវិធានការវិន័យ ឬវិធានការច្បាប់បែបណា​ទៅលើភាពមិនប្រក្រតី​នៅតុលាការ។

សំណុំរឿងអត្រានុកូលដ្ឋាន មុនពេលយុទ្ធនាការមានតែ ៤៩៨៣ សំណុំរឿង, តែគ្រាន់តែរយៈ ៦​ ខែ​សោះមានថែម ២១៨៤៥ សំណុំរឿង ដែលនាំឱ្យសរុប ២៦៨១៨ ក៏ត្រូវបានតុលាការដោះស្រាយ ចប់​សព្វគ្រប់ចំនួន ១៩៧៩៨ ស្មើនឹង ៩០% នៃសំណុំរឿងសរុប។ រយៈ ៦ ខែ កើនសំណុំរឿងខ្លាំង​បែប​នេះក៏ជាការមួយពិចារណា។

សំណុំរឿងចរាចរណ៍ មុនពេលយុទ្ធនាការមានតែ ១០៤១ សំណុំរឿង, តែគ្រាន់តែរយៈ ៦​ ខែ​សោះ​មាន​ថែម ២៤១៩ សំណុំរឿង ដែលនាំឱ្យសរុប ៣៤៦០ ក៏ត្រូវបានតុលាការដោះស្រាយ ចប់សព្វគ្រប់ចំនួន ២៤៣៨ ស្មើនឹង ៧០% នៃសំណុំរឿងសរុប។ រយៈ ៦ ខែ កើនសំណុំរឿង​បែប​នេះក៏ជាការ​មួយ​ពិចារណា។

គួរគូសបញ្ជាក់ថានៅក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ក្រសួងយុត្តិធម៌មានការប្តេជ្ញាថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន គឺលែងមានទៀតហើយ”។ ដែលជាចំណុចរសើបមួយនៅក្នុងសង្គម ខណៈដែលពលរដ្ឋ​​យល់​ឃើញថាការដាក់ទោសពាក់ព័ន្ធបទល្មើសចរាចរណ៍នៅមានកម្រិតស្រាល និងជាបទល្មើសឆក់យកជីវិតមនុស្សជាប្រចាំថ្ងៃ។

សំណុំរឿងគ្រឿងញៀន គឺគ្មានទិន្ន័យតួលេខដែលបង្ហាញអំពីសំណុំរឿងដោះស្រាយ គ្រាន់តែមាន​ការណែនាំ​ជាច្រើនដោយប្រកាន់គោលការណ៍តម្លាភាព ម៉ឺងម៉ាត់ និងត្រឹមត្រូវតាមច្បាប់ និង ស្អាតស្អំ។

សំណុំរឿងក្មេងទំនើង​ រយៈពេល ៤៧ថ្ងៃ ពីថ្ងៃទី២៣ ខែឧសភា ដល់ ថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២៤ គឺសាលាដំបូងបានចាត់ការសំណុំរឿង ២៩៧ មានជនសង្ស័យ ១៦១៦នាក់ ត្រូវអនុវត្តច្បាប់។ ប៉ុន្តែបើ​នៅក្នុងព័ត៌មានក្រសួងយុត្តិធម៌បង្ហាញថា ក្នុងចំណោមក្មេងចំនួន ១៦១៦ នាក់ ហើយតុលាការបាន​ធ្វើ​ការឃាត់​ខ្លួនចំនួន ១១៧៧ នាក់។ ពាក្យថាឃាត់ខ្លួនអាចសំដៅដល់ មន្ត្រី ប៉ូលិស ព្រះរាជអាជ្ញា។ ចំណែក​ការឃុំខ្លួនបណ្តោះអាសន្ន គឺចៅក្រមស៊ើបសួរ។ គួរពិចារណាការប្រើប្រាស់ពាក្យ ឃាត់ខ្លួននេះ គឺបានត្រឹម ២៤ម៉ោង ហើយចាំបាច់ ២៤បន្ថែម។

ក្មេងទំនើង ១១៧៧នាក់ ដែលកំពុងឃាត់ខ្លួននេះ មិនកំណត់អំពីចំនួននីតិជន អនីតិជន ប្រភេទ​បទល្មើស​ និង​ការ​ទទួលខុសត្រូវនៅឡើយទេ។ ជាពិសេស គឺកំណត់អំពីការដោះស្រាយ​ចំពោះក្មេងៗ​នីមួយៗ​បាន​ដល់​ដំណាក់​កាល​មួយណានៃនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាសិទ្ធិក្មេងៗទាំងអស់ឱ្យឆាប់បាន​សមាហរណកម្ម​​ចូលក្នុងសង្គម​វិញបានលឿង សំដៅគិតអំពីអនាគតក្មេងៗជាធំ។

ជុំវិញទិន្នន័យ និងឯកសាខាងលើឃើញពុំមានអង្គភាពសារព័ត៌មានធំៗ យកទៅផ្សព្វផ្សាយឱ្យ​មាន​ការវែក​ញែក ពិភាក្សាច្រើនទេ ព្រោះអាចថាការរៀបចំលិខិតពិបាកអាន ពិបាកស្វែងយល់ ដែលជាគួរណា​បែងចែក​ខ្លឹមសារ​លិខិត​ឱ្យតាមប្រភេទរឿង​ សរសេរលម្អិតឱ្យច្បាស់ ចៀសវាងការការញាត់​ចូលក្នុង​លិខិត​តែ​មួយ។

ផ្នែកតាមឯកសារស្តីពី ខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ ទំព័រ១៧ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ថា៖ «ការបន្តពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ត្រូវបានគ្រោងថវិកាចំនួន ១០,៣ ប៊ីលាន​រៀល, សមមូលនឹងប្រមាណ ២,៥ លានដុល្លារអាមេរិក​»។

Post a Comment

Previous Post Next Post