នាយករដ្ឋមន្ត្រី៖ កំណត់ ណែនាំការតាក់តែងឯកសារគតិយុត្តនៅកម្ពុជា


លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវឯកសារជាច្រើនទំព័រ​​ណែនាំ​អំពីនីតិវិធី និង​វិធាននៃ​ការតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត​ ក្នុងគោលបំណងគុណភាព ប្រសិទ្ធភាព លក្ខណៈ​ងាយ​ស្រួល​ក្នុងការតាក់តែងលិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា។

ចំពោះការដាក់ចេញឱ្យអនុវត្តគោលការណ៍ណែនាំអំពីនីតិវិធី និងវិធាននៃ​ការតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តនេះ គឺធ្វើតាមរយៈអនុក្រឹត្យលេខ ១៧០ ចេញថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ត្រង់​មាត្រា២ ចែងថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះគ្រប់ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល។ ចំណែកមាត្រា៤​ ចែងបន្តថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាម​​​ភារកិច្ច​រៀងៗខ្លួនចាប់ពី ថ្ងៃចុះ​ហត្ថលេខាតទៅ។

បើពិនិត្យត្រង់មាត្រា ២ នៃអនុក្រឹត្យខាងលើ ហើយធៀបទៅស្ថាប័នសភា និងស្ថាប័នតុលាការ គឺគួរត្រូវ​តែ​បង្កើតនូវឯកសារជាក់ស្តែងកំណត់អំពីគោលការណ៍ណែនាំអំពីនីតិវិធី និងវិធាននៃ​ការតាក់តែងលិខិត​បទដ្ឋាន​គតិយុត្ត​របស់ខ្លួន។

អនុក្រឹត្យលេខ ១៧០ ស្តីពីគោលការណ៍ណែនាំអំពីនីតិវិធី និងវិធាននៃ​ការតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត មានចំណុចគោលសំខាន់ៗចំនួន ១២ គឺមានដូចជា ១.គោលការណ៍ទូទៅ ២.គោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេង​ទៀត។

៣.ដំណើរការនៃការរៀបចំសេចក្តីព្រាងដើមនៃសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋាន​គតិយុត្ត​ផ្សេង​ទៀត ៤.ការរៀបចំសេចក្តីថ្លែងហេតុឬកំណត់មូលហេតុសង្ខេប ៥.វិធាននៃការតែងសេចក្តី​និង​ទម្រង់​នៃ​សេចក្តី​ព្រាង​ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ៦.ការបញ្ជូនសំណុំឯកសារទៅទីស្តី​ការគណៈ​រដ្ឋមន្ត្រី។

៧.ការពិនិត្យសំណុំឯកសារនៅទីស្តីការគណៈរដ្ឋមន្ត្រី ៨.ការរៀបចំសេចក្តីព្រាងច្បាប់និង​លិខិត​បទដ្ឋាន​គតិយុត្ត​​ផ្សេង​ទៀតក្រោយការប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងការចុះហត្ថលេខាអម ៩.ការបញ្ជូនសំណុំ​ឯកសារ​ទៅរដ្ឋសភា។

១០.ការប្រគល់ភារកិច្ចឱ្យទៅការពារសេចក្តីព្រាងច្បាប់នៅរដ្ឋសភានិងព្រឹទ្ធសភា ១១.នីតិវិធីនិងវិធាននៃ​ការសុំ​ធ្វើវិសោធនកម្មច្បាប់និងសេចក្តីព្រាងច្បាប់ និង១២.ការចូលជាធរមាននៃ​ច្បាប់​ក្រោយ​ពី​ការ​អនុម័ត​និង​ការយល់ព្រមរបស់ស្ថាប័ន នីតិប្បញ្ញត្តិ និងការចុះរាជកិច្ច។

ពាក្យថា លិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា ឬឋានានុក្រមច្បាប់នៅកម្ពុជា មានប្រភេទដូចជា រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សេចក្ដីសម្រេច ដីកា សារាចរ សារាចរណែនាំ ជាដើម។ ដូច្នេះការណែនាំខាងលើ គឺគួរពិចារណាមានការរៀបចំផ្សេងៗពាក់ព័ន្ធរដ្ឋធម្មនុញ្ញ។ ​

ជាការយឺតខ្លះដែលថា អនុក្រឹត្យលេខ ១៧០ ចេញថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ តែរងចាំអស់រយៈ​ពេល ៧ថ្ងៃ គឺនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ទើបមានការផ្សព្វផ្សាយជាសាធារណៈ។ ពាក់ព័ន្ធការផ្សព្វផ្សាយ​ជាសាធារណៈនេះ គួរតែប្រើវិធីសាស្ត្រ និងយន្តការថ្មី ដើម្បីជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់ទៅដល់​ពលរដ្ឋ​កម្ពុជា និងមន្ត្រីពាក់ព័ន្ធ។

គួរបញ្ជាក់ផងដែរថា កាលពី១១ឆ្នាំមុន រាជរដ្ឋាភិបាលក្រោមការដឹកនាំលោក ហ៊ុន សែន ពាក់ព័ន្ធ​គោលការណ៍​​ណែនាំអំពីនីតិវិធី និងវិធាននៃ​ការតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត គឺចេញ​ត្រឹមសារាចរលេខ ០៣ ចេញនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣។ ដូច្នេះរវាងរដ្ឋាភិបាលថ្មី បាន​ជ្រើស​រើស​ឧបករណ៍គតិយុត្ត ឬឋានានុក្រមច្បាប់ដែលជា អនុក្រឹត្យ មកចេញ គោលការណ៍​​ណែនាំអំពីនីតិវិធី និង​វិធាន​នៃ​ការតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលមើលទៅបង្ហាញអំពីការណែនាំដ៏​ម៉ឺង​ម៉ាត់ ច្បាស់លាស់ ព្រោះថ្នាក់ ឬឋាននុក្រមរបស់អនុក្រឹត្យនៅក្រោមច្បាប់។

បើយើងប្រៀធបៀបរវាង ការណែនាំអំពីការរៀបចំច្បាប់ លិខិតគតិយុត្តរវាងចាស់ និងថ្មី ឃើញថាមាន​ចំណុចគោលដូចគ្នា និងខ្លឹមសារប្រហាក់ប្រែលគ្នាច្រើន គ្រាន់តែការណែនាំថ្មី គឺមានលក្ខណៈ​លម្អិតជាមុន ព្រោះ​មានទំព័រសរុប ១៩០ទំព័រ, ត្បិតការណែនាំចាស់មាន ១៣០ទំព័រ គឺការណែនាំថ្មីច្រើន​ជាង ៦០​ទំព័រ។

បើយើងប្រៀធបៀបរវាង ការណែនាំអំពីការរៀបចំច្បាប់ លិខិតគតិយុត្តរវាងចាស់ និងថ្មី ឃើញថា ការណែនាំ​​អំពីការរៀបចំច្បាប់ លិខិតគតិយុត្តថ្មីនេះ គឺមានបន្ថែមនៅចំណុចថ្មីមួយចំនួនដូចជា ទម្រង់នៃ​សេចក្តីសម្រេចស្តីពីការកែសម្រួលសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, ទម្រង់នៃបទបញ្ជា​របស់​រាជរដ្ឋាភិបាល និងទម្រង់នៃប្រកាសរួម ត្រង់ចំណុទី៣ ស្តីពីវិធាននៃការតែងសេចក្តី​និង​ទម្រង់​នៃសេចក្តី​ព្រាង​ច្បាប់និង​លិខិត​បទដ្ឋានគតិយុត្តផ្សេងទៀត។

ផ្អែកតាមការរៀបរាប់ខាងលើ គឺពិតជាទាមទារឱ្យលោក លោកស្រី អាន ពិនិត្យដោយលម្អិតទៅលើ គោលការណ៍​​ណែនាំ​អំពីនីតិវិធី និងវិធាននៃ​ការតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដើម្បី​មានជាមូលដ្ឋានបន្ថែមក្នុងការរៀបចំឯកសារ តាមរយៈអនុក្រឹត្យលេខ ១៧០ ដែលចេញថ្មី។ ខាងក្រោម គឺអាចទាញយកទៅពិនិត្យបាន ៖







Post a Comment

Previous Post Next Post