ក្នុងពេល ១ឆ្នាំ រាជរដ្ឋាភិបាលបង្កើតសមិទ្ធផលជាច្រើន



លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញពី​សមិទ្ធផលដែល​សម្រេចបានជាច្រើន ក្នុង​រយៈពេល ១ឆ្នាំ នៃដំណើរការរបស់រាជរដ្ឋាភិបាល នៃនីតិកាលទី៧ រដ្ឋសភា។

សម្រាប់មួយនីតិកាលនៃរដ្ឋសភា មានរយៈពេល ៥ឆ្នាំ ហើយរាជរដ្ឋាភិបាលមានរយៈពេល ៥ឆ្នាំដូចគ្នា ក្នុង​សម្រេចកិច្ចការមានឧត្តមប្រយោជន៍ជូនសង្គមជាតិ និងប្រជាពលរដ្ឋកម្ពុជា។ តួយ៉ាងក្នុងរយៈពេល ១ឆ្នាំ​ដំបូងនៃនីតិកាលទី៧នេះ លោកនាយករដ្ឋមន្ត្រី អ្នកនាំពាក្យរដ្ឋាភិបាល និងស្ថាប័នផ្សេងៗ​របស់រដ្ឋ​​បាន​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល តាមទម្រង់ និងលក្ខណៈ​ប្រហាក់ប្រហែល​គ្នាដោយ​ផ្តោត​ទៅលើ​ខ្លឹមសារ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដែលមានសមិទ្ធផលនៃកម្មវិធីអាទិភាពទាំង៦ សមិទ្ធផល​​នៃវិ​ធានការគន្លឹះទាំង៥ និងសមិទ្ធផលនៃទំនាក់ទំនង​អន្តរជាតិល្អ។

លោក នាយករដ្ឋមន្ត្រី បានបង្ហាញអំពីសមិទ្ធផលជាច្រើនពាក់ព័ន្ធកម្មវិធីអាទិភាពទាំង ៦ មានដូចជា ៖ ការពង្រីក​សេវា​ថែ​ទាំ​សុខភាព​​ឆ្ពោះទៅរកការគ្របដណ្តប់​សុខភាព​ជា​សាកល, ការបណ្ដុះបណ្ដាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរង​ហានិភ័យ​ចំនួន​១លាន​៥សែន​នាក់, ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ គ្រួសារងាយ​រង​ហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន

លោកបន្តបង្ហាញពីសមិទ្ធផលថា​ការដាក់ចេញយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យមាន​លទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្លូវការ, ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង ការពង្រាយមន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅ​គ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្មនៅ​ទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍​របស់​កសិករ

ជាមួយគ្នានេះដែរ លោក នាយករដ្ឋមន្ត្រី បានបង្ហាញអំពីសមិទ្ធផលជាច្រើនពាក់ព័ន្ធវិធានការគន្លឹះទាំង៥ មានដូចជា ៖ ការជំរុញគុណភាពរដ្ឋបាលសាធារណៈ, ការលើកកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់​គុណភាព​សេវាសុខាភិបាល, ការពង្រឹងការអនុវត្តគោលនយោបាយ "ភូមិ ឃុំ មានសុវត្ថិភាព" និង ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌

លោកនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីសមិទ្ធផលផ្សេងៗបន្ថែមរួមមាន ៖​ វិធានការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ, ការបន្តលើទឹកចិត្តបន្ធូរបន្ថយ និងលើកលែងការបង់ពន្ធលើអចលនទ្រព្យដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លា, ការលើកលែងការធ្វើសវនកម្មដល់ទីកន្លែងសម្រាប់អ្នកជាប់ពន្ធតូច, រាជរដ្ឋាភិបាល បន្ត​ការលើកលែងពន្ធលើវិស័យកសិកម្, ការលើកលែងពន្ធមួយចំនួននៅក្នុងវិស័យទេសចរណ៍, ការគិតគូរ​អំពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ដែលកំពុងជួបបញ្ហាដែលនៅសេសសល់, ការបន្ត​លើកលែង​ពន្ធ​នៅក្នុងវិស័យអប់រំ

លោកនាយករដ្ឋមន្ត្រី បន្តបង្ហាញអំពីសមិទ្ធផលថា៖ កម្មវិធីផ្ដល់ដីការពារព្រៃ គឺដើម្បីរួមគ្នាអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព, ការដោះស្រាយបញ្ហាដីធ្លី និងការបែងចែកដីរដ្ឋជូនប្រជាពលរដ្ឋ, ការលើកទឹកចិត្ត និងបន្ធូរ​បន្ថយ​គោលការណ៍មួយចំនួននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

លោកនាយករដ្ឋមន្ត្រី បន្តបង្ហាញអំពីសមិទ្ធផលថា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ តាមបណ្តោយ​ព្រំដែន គឺជាកិច្ចការដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍតាមបណ្តោយព្រំដែន, ការបង្កើត​មូលនិធិកសាង​ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងផ្លូវក្រវាត់ព្រំដែន, និង រាជរដ្ឋា​ភិបាល នឹងបង្កើតឱ្យមានដំណើរកម្សាន្តដោយឥតគិតថ្លៃនៅរៀងរាល់ចុងសប្ដាហ៍ ទៅតាមខេត្តជាប់ព្រំដែន ចាប់ពី​ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤

ពាក់ព័ន្ធការអនុវត្តគោលនយោបាយ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានលើកឡើងថា ឆ្នាំទី១ ជាឆ្នាំ​សម្រាប់​ប្រកាស​ដាក់​ចេញ​នូវគោលនយោបាយ។ ឆ្នាំទី២ តទៅនឹងផ្តោត​ទៅលើ​ការតាម​ដាន​វឌ្ឍនភាព​នៃការអនុវត្តគោលនយោបាយ និងស្វែងយល់បន្ថែម​ពីតម្រូវការផ្សេងៗទៀតរបស់ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់។

ជុំវិញសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល ឃើញថាមានការបង្កើតបានច្បាប់ចំនួន ៦ ច្បាប់ មានដូចជា ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច, ច្បាប់​ស្តីពី​​ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ច្បាប់ស្តីពីការអនុម័តយល់​ព្រមលើ​កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និង​រដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួម, ច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារសម្រាប់ធ្វើ វិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស និង ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។

ក្នុងរយៈពេល ១ឆ្នាំ ដូចគ្នានិងរាជរដ្ឋាភិបាល​ឃើញថាស្ថាប័នសភា និងស្ថាប័នតុលាការ ពុំមានការ​ផ្សព្វផ្សាយ​​​អំពីសមិទ្ធផលរបស់ខ្លួនឡើយ។ ពេលមានការផ្សព្វផ្សាយរបស់ស្ថាប័នទាំងពីរបន្ថែម គឺកាន់តែ​ជំរុញ និងផ្តល់ជូនពលរដ្ឋកាន់តែយល់ដឹងអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលបន្ថែមទៀត ព្រោះស្ថាប័ន​ទាំងពីក្នុងរយៈពេល១ឆ្នាំមកនេះ ពិតជាមានសកម្មភាព និងលទ្ធផលច្រើន។

ពិនិត្យទៅលើទម្រង់ផ្សព្វផ្សាយអំពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល ឃើញថាមានសមិទ្ធផល​ជា​ច្រើន​ដែល​សម្រេចបានពីមួយខែទៅមួយ តាមរយៈក្រសួង ស្ថាប័ន នីមួយៗ តែការផ្សព្វផ្សាយហាក់បី​ពុំបាន​ត្រៀម​ខ្លួនទុកមុន ដើម្បីផ្សព្វផ្សាយឱ្យកាន់តែល្អបំផុត។ តាមជាក់ស្តែងគួរ​ តម្រូវវឱ្យក្រសួង ស្ថាប័ន អង្គភាព នីមួយៗចេញបកស្រាយ ឬសេចក្តីប្រកាសពីសមិទ្ធផលរបស់​ខ្លួនបន្ថែមឱ្យដឹងថាច្បាស់កិច្ចការខំប្រឹងប្រែង និង​លទ្ធផល រយៈពីមួយឆ្នាំមកនេះ។

ម្យ៉ាងទៀតដោយសារសមិទ្ធផលជាច្រើនដែលត្រូវសម្រេចបាន និងកំពុងបន្តទៅរកសមិទ្ធផលថ្មីជាក់ស្តែង​បន្ថែម គួរតែត្រូវផ្សព្វផ្សាយឱ្យបានរយៈពេលចន្លោះពី ៥ថ្ងៃ ទៅ ៨ថ្ងៃ ឱ្យប្រជាពលរដ្ឋទាំងអស់បានដឹងឮ និងចូល​រួមបន្ថែមឱ្យកាន់តែទៅមុខលឿន និងចំគោលដៅ។

Post a Comment

Previous Post Next Post