មតិផ្សេងៗជុំវិញចោទបទញុះញង់លើអ្នកសារព័ត៌មានលោក ម៉ិច ដារ៉ា

ការលើកឡើងចម្រុះគ្នារបស់ស្ថាប័នតុលាការ រាជរដ្ឋាភិបាល និងរវាងអង្គការសង្គមស៊ិវិល ស្ថានទូតអាមេរិក ចំពោះការចោទ និងឃុំខ្លួនបណ្ដោះអាសន្ន​​លើលោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ពាក់ព័ន្ធ​បទល្មើស​ញុះញង់បង្កឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

សេចក្តីប្រកាសព័ត៌មានចេញថ្ងៃទ១ ខែតុលា ឆ្នាំ២០២៤ បង្ហាញថាលោក ម៉ិច ដារ៉ា ត្រូវបាន​សាលាដំបូង​​រាជធានីភ្នំពេញ​ចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នពីបទល្មើសញុះញង់​បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានខាងលើបង្ហាញពីអង្គហេតុបទល្មើសញុះញង់ថាលោក ម៉ិច ដារ៉ា បានបង្ហោះសារ ភ្ជាប់ជាមួយ​រូបភាពកាត់តរ​មណីយដ្ឋាន​បាភ្នំ ត្រូវបានវាយកម្ទេចចោល បំភ្លៃការពិត ក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ចុះកំហឹងឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ​តាម​បណ្តាញ​សង្គមFacebook, Twitter, Telegrame, whatsapp, និងSignal។ បើចូលទៅក្នុងហ្វេស​ប៊ុករបស់​លោក ម៉ិច ដារ៉ា ពុំឃើញ ឬត្រូវបានលុបចោល តែនៅក្នុងផេកហ្វេសប៊ុក​ព្រះខ័ន​ទើប​មានរូបភាព និងអក្សរយ៉ាងខ្លីបំផុតថា ការអភិវឌ្ឍន៍ដ៏អស្ចារ្យ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពេលដែលចាប់ខ្លួនលោក ម៉ិច ដារ៉ា ខេមបូចាបាន​ទាក់ទង​ទៅ​អាជ្ញាធរពាក់ព័ន្ធ រាប់ចាប់តាំងពី នគរបាល កងរាជអាវុធហត្ថ រហូតដល់ មន្ត្រីពន្ធនាគារ តែមិន​ទាន់ទទួលបានការឆ្លើយតបនៅឡើយ រីឯស្នងការខេត្តកោះកុង និងខេត្តព្រះសីហនុ អះអាងថា មិនបាន​ទទួលព័ត៌មានពីការចាប់ខ្លួននេះទេ។

បើពិនិត្យលើការអនុវត្តច្បាប់ និងនីតិវិធីតុលាលើអ្នកសារព័ត៌មានលោក ម៉ិច ដារ៉ា គឺមន្ត្រីនគរបាល​យុត្តិធម៌​ចាប់ខ្លួននៅខេត្ត​កោះកុង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤, ចោទប្រកាន់ពីបទល្មើសញុះញង់​បង្កឱ្យមាន​ភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ព្រមទាំងឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ គឺបើពេល​ត្រឹម​តែ ២ ថ្ងៃប៉ុណ្ណោះ។

យោងតាម ខេមបូចា បង្ហាញថាលោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មាន ដែលរាយការណ៍យ៉ាង​សកម្មពីកា​រជួញ​ដូរ​មនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងឆ្នាំ២០២៣ លោក​បាន​ឈ្នះ​ពានរង្វាន់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីការរាយការណ៍នៃអំពើជួញដូរមនុស្ស។

បើលើកឡើងពីកា​រជួញ​ដូរ​មនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា កាលពីដើមខែកញ្ញា ឆ្នាំ​២០២៤ រតនាគារសហរដ្ឋអាមេរិក បានចោទប្រកាន់ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយចំនួនរបស់លោក លី យ៉ុងផាត់ថា ដោយចោទថាជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាការជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែត។ ប៉ុន្តែលោក ហ៊ុន ឡាក់ អ្នកនាំ​ពាក្យ​សមាគមឧកញ៉ាកម្ពុជា បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI ថាមិនជឿជាក់លើ លោក លី យ៉ុងផាត់ ធ្វើ​សកម្មភាពជួញដូរមនុស្សដ៏អាក្រក់បែបនោះឡើយ ហើយការចោទពីអាមេរិក​គ្មានមូលដ្ឋាន​ច្បាស់​លាស់។

ក្រោយពីការចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្នលើលោក ម៉ិច ដារ៉ា មក សម្រាប់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងពី អ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បី​ញុះញង់ឱ្យពលរដ្ឋ​មានកំហឹង​ជា​មួយ​រាជរដ្ឋាភិបាល ប៉ុន្តែពុំមានឈ្មោះលោក ម៉ិច ដារ៉ា នៅក្នុងអត្ថបទដ៏វែងឡើយ

ជុំវិញសំណុំរឿងព្រហ្មទណ្ឌរបស់លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មាន ឃើញថាក្រសួងព័ត៌មាន ចេញ​សេចក្ដីថ្លែងការណ៍ ៥ចំណុច ថា អង្គហេតុដែលបានចោទប្រកាន់មិនពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មានទេ, ប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ និង ការពារ​លទ្ធិប្រជាធិបតេយ្យ។ សេចក្តីថ្លែងការណ៍ត្រង់ចំណុចទី៥ បង្ហាញថា សេរីភាពសារព័ត៌មាននៅ កម្ពុជាក៏មិនមែនស្ថិតនៅលើបបូរមាត់របស់ជនបរទេសវាយតម្លៃដែរ។

បើផ្អែកតាម អង្គការ​អ្នកសារព័ត៌មាន​គ្មានព្រំដែន កម្ពុជា​ជាប់លេខរៀងទី១៥១ ក្នុងចំណោម ១៨០ប្រទេស នៃ សេរីភាព​​​​សារព័ត៌មាន​ពិភព​លោក ឆ្នាំ២០២៤។ អង្គការនេះបន្ថែមថា សេរីភាព​សារ​ព័ត៌មាន​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

ក្នុងព័ត៌មានអន្តរជាតិ ឃើញថាសារព័ត៌មានបរទេសមួយចំនួនចុះផ្សាយពីការចាប់ខ្លួនអ្នកសារព័ត៌មាន ឈ្មោះ ម៉ិច ដារ៉ា ដែលមានដូចជា cnn, bbc, apnews, reuters, skynews, france24 thenewsyorktime, thediplomat, theguardian, theaustralian, និងផ្សេងៗជាច្រើនទៀត។

ចំណែកស្ថានទូតអាមេរិកប្រចាំកម្ពុជា លើកឡើងថា មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានដែលមានការគោរពពីអន្តរជាតិ ហើយសូមអំពាវនាវឱ្យ​មាន​ការដោះលែង​​រូបលោក ម៉ិច ដារ៉ា ហើយលើកទឹកចិត្តឱ្យអាជ្ញាធរមានសមត្ថកិច្ចទទួលស្តាប់នូវសំឡេង​និង​គំនិត​ចម្រុះ ព្រមទាំងជំរុញឱ្យមានសារព័ត៌មានឯករាជ្យនិងមានសេរីភាព។

បើពិនិត្យលើសេចក្តីថ្លែងការណ៍រួមរបស់សហគមន៍ ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលសរុប ៤៦ អង្គភាព មានគោលបំណងសូមអំពាវនាវឱ្យមានការដោះលែងអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ជាបន្ទាន់ ដែល​ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទល្មើសញុះញង់ និងឃុំខ្លួនបណ្តោះ​អាសន្ន ដោយសារយល់ថាការព្យាយាមបំបិទសំឡេងអ្នកសារព័ត៌មានដ៏លេចធ្លោ និង សកម្មម្នាក់​ក្នុង​ការស្រាវជ្រាវ និងតែងតែអំពាវនាវឱ្យអាជ្ញាធរទទួលខុសត្រូវយកចិត្តទុកដាក់ ក្នុងករណីរំលោភសិទ្ធិមនុស្ស​ជាច្រើន ។

ចំពោះលោក សយ សុភាព លើកឡើងថាសូម
អំពាវនាវលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយពិនិត្យតាមផ្លូវច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ ដើម្បីឱ្យ មានសេរីភាពរួចពីការចោទប្រកាន់ចំពោះលោក ម៉ិច ដារ៉ា ជាអ្នកសារព័តមានខំបំពេញតួនាទី។ ម្យ៉ាងទៀតក្រោយពេលមានវិធានការច្បាប់ព្រហ្មទណ្ឌលើ​លោក ម៉ិច ដារ៉ា គឺឃើញថាអ្នកសារព័ត៌មានឯករាជ្យជាច្រើនផ្តល់ទស្សនៈ និងចែករំលែងអំពីរឿងរ៉ាវនេះជាច្រើន។​

លោក ម៉ិច ដារ៉ា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល និងអាចនាំឱ្យលោក ជាប់​ពន្ធនាគារ​ចន្លោះពី៦ខែ ដល់ ២ឆ្នាំ ពីបទល្មើសញុះញង់បង្កឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

Post a Comment

Previous Post Next Post