សេចក្តីព្រាងច្បាប់ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ដល់ទីស្តីការ​គណៈរដ្ឋមន្រ្តី

រូបភព៖ ទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក មានគោលបំណង​ភាពខ្វះ​ចន្លោះ​​ក្រម​នីតិវីធីព្រហ្មទណ្ឌ រក្សាតម្លៃ​​នៃ​វត្ថុ​ចាប់​យក ការពារផលប្រយោជន៍​​ម្ចាស់នៃ​វត្ថុ​ចាប់យក កំពុង​ពិនិត្យ​ដើម្បី​ដាក់ជូននាយករដ្ឋមន្ត្រីសម្រេច មុន​នឹង​បញ្ជូនទៅ​រដ្ឋសភា​អនុម័ត។

បើតាមការផ្សព្វផ្សាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លើកឡើងថា សេចក្តីព្រាង​ច្បាប់​ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក មាន ៤ ជំពូក និង ១៥មាត្រា អនុវត្ត​ចំពោះវត្ថុ​ទាំង​អស់​ដែលត្រូវបានចាប់យកនៅគ្រប់ដំណាក់កាលនៃនីតិវិធីនៅក្នុងរឿងក្តីព្រហ្មទណ្ឌ។

ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជក់ថា បាន​ពិភាក្សាខ្លឹមសារមួយចំនួនពាក់ព័ន្ធ​ទៅនឹងភាពខ្វះចន្លោះ​ខ្លឹមសារ​ក្រមនីតិវីធីព្រហ្មទណ្ឌ ដែលមិនបានកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច យន្តការ និងនីតិវិធី​នៃ​ការចាត់ចែង​បណ្តោះអាសន្ន​នូវវត្ថុចាប់យក ដែលជាវត្ថុតាង វត្ថុឃាត់ទុក ឬវត្ថុបង្កក ឬវត្ថុផ្សេងៗទៀតនៅក្នុង​រឿងក្ដី​ព្រហ្មទណ្ឌ។

ទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមថា ការពិភាក្សា​សេចក្តីព្រាងច្បាប់នេះ ដើម្បីឱ្យក្រមនីតិវីធី​ព្រហ្មទណ្ឌ​កាន់តែ​មាន​ខ្លឹមសាររក្សាផលប្រយោជន៍ស្របច្បាប់ម្ចាស់នៃវត្ថុចាប់យក ផលប្រយោជន៏សាធារណៈ រក្សាតម្លៃ​សេដ្ឋកិច្ច​វត្ថុ​​ចាប់យក និង​កាត់បន្ថយបន្ទុកចំណាយក្នុងការគ្រប់គ្រងនិងថែរក្សានៃវត្ថុចាប់យក។

នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ មាត្រា ១១៩ ចែងថា «វត្ថុដែលមានគ្រោះថ្នាក់ចំពោះមនុស្ស ឬចំពោះទ្រព្យសម្បត្តិ ដូចជាអាវុធឬជាតិផ្ទុះព្រមទាំងវត្ថុ ដែលត្រូវ បានកាន់កាប់ដោយខុសច្បាប់ មិនអាចប្រគល់ឱ្យវិញបានទេ។ វត្ថុទាំងនោះត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ ឬត្រូវបំផ្លាញ។»

ការរឹបអូសទុកជាសម្បត្តិរដ្ឋ ឬត្រូវបំផ្លាញ ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ពុំមានកំណត់អំពីប្រភេទ ទម្រង់ ចំពោះ​វត្ថុ​ឡើយ។ ចំពោះសេចក្តីព្រាង​ច្បាប់​ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ក៏ពុំទាន់​មាន​ការផ្សព្វផ្សាយ​ជាសាធារណៈអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះឡើយ ដែលជាហេតុធ្វើឱ្យអ្នក​សិក្សា​មាន​ចម្ងល់ និងបន្តរងចាំដល់សេចក្តីព្រាងច្បាប់នេះ ត្រូវបានប្រកាសឱ្យប្រើជាសាធារណៈ។

ចំណែកក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ត្រង់ផ្នែកទោសបន្ថែម មាត្រា ១៧៨ ចែងថា «កាលបើវត្ថុ​រឹបអូស​មិនត្រូវបានចាប់យកទេ ហើយនិងមិនអាចប្រគល់ឱ្យបានទេនោះ ទណ្ឌិត​ត្រូវ​ចេញ​សង​តម្លៃ​នៃ​វត្ថុ​រឹបអូសនេះ។ តម្លៃនេះត្រូវបានកំណត់ដោយតុលាការ។ វិធានការដើម្បីប្រមូល​ប្រាក់​នេះ ត្រូវធ្វើឡើងដូច​ក្នុង​រឿងបង្ខំដល់រូបកាយដែរ»។

ផ្អែកត្រឹមមូលដ្ឋាននៃក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលអាចយកជាមូលដ្ឋាន​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ដែលមាន ១៥មាត្រា សង្ឃឹមថា​គ្រប់​ជ្រុង​ជ្រោយ និងពេញលេញដូចគោលបំណងច្បាប់ ព្រមទាំងស្របតាមក្រមទាំង ២ នេះ។

បើមើលទៅលើ ស្ថាប័នដែលជាអ្នកផ្ដូចផ្ដើមនៃការតាក់តែងសេចក្តីព្រាង​ច្បាប់​ស្តីពីការចាត់ចែងជាបណ្តោះ​អាសន្ននូវវត្ថុចាប់យក គឺក្រសួងយុត្តិធម៌។ ការ​ផ្សព្វផ្សាយ​ខ្លឹមសារលម្អិត​នៃ​សេចក្តី​ព្រាងច្បាប់នេះ ពុំមាន​ដូចការតាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម​ កាលពី​ខែកក្កដា ឆ្នាំ២០២២ ឡើយ។ ប្រសិន​បើ​ក្រសួងយុត្តិធម៌បង្ហាញនូវខ្លឹមសារលម្អិតជាច្រើនជុំវិញវិញ​ការតាក់​តែង​សេចក្តីព្រាងច្បាប់នេះ គឺពិត​ជាល្អ​សម្រាប់​ប្រជាពលរដ្ឋ និងអ្នកសិក្សាស្រាវជ្រាវច្បាប់ ក៏ដូចជាផ្នែកមួយដែលលើកកម្ពស់ការផ្សព្វផ្សាយ​ច្បាប់ជូនសាធារណជន។

សូមបញ្ជាក់ផងដែរថា មុនពេលមានសេចក្តីព្រាងច្បាប់នេះ គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួ​យុត្តិធម៌ កាលពីឆ្នាំ​២០១៩ ធ្លាប់បានបង្កើត គណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង មានលោក គឹម សន្តិភាព រដ្ឋលេខាធិការ​​ក្រសួងយុត្តិធម៌ ជាប្រធាន។ បន្ទាប់មកនៅឆ្នាំ ២០២៤ ក្រសួងទាំង ២ ដដែលក៏បង្កើត ​ការបង្កើត​​គណៈកម្មការគ្រប់គ្រង​​និង​ ​ចាត់ចែង​វត្ថុតាង ក៏បង្កើតមួយទៀតមកជំនួស​ការបង្កើតកាលពីឆ្នាំ២០១៩នោះ ព្រោះឃើញថា​មានការកែខ្លឹមសារខ្លះ និងប្រធានថ្មី គឺលោក សូរ ចាន់ធី រដ្ឋលេខាធិការ​​ក្រសួងយុត្តិធម៌។

ពាក្យ សេចក្តីព្រាងច្បាប់ គឺជាអត្ថបទច្បាប់កំពុងរៀបរៀងចេញពីគំនិតផ្តើមរដ្ឋាភិបាល ដែលមាន​ក្រសួង ឬស្ថាប័នជាអ្នករៀបចំលម្អិត។ នៅកម្ពុជា ដើម្បីបង្កើតច្បាប់បាន នីតិករ ឬស្ថាប័នជំនាញ​ត្រូវរៀបចំ​ជា​សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់(ដំណាក់កាលទី១), ដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រី​(ដំណាក់​កាល​ទី២), បន្តទៅរដ្ឋសភា(ដំណាក់កាលទី៣), បន្តទៅព្រឹទ្ធសភា​(ដំណាក់កាលទី៤) និងបន្តទៅ​ព្រះមហាក្សត្រប្រកាសឱ្យប្រើ(ដំណាក់កាលទី៥) ជានីតិវិធីអនុម័តច្បាប់​ទូទៅ។

ដូច្នេះ សេចក្តីព្រាង​ច្បាប់​ស្តីពីការចាត់ចែងជាបណ្តោះ​អាសន្ននូវវត្ថុចាប់យក គឺស្ថិតនៅក្នុងដំណាក់កាល​ទី២ នៃនីតិវិធីបង្កើតច្បាប់ ដែលកំពុងនៅក្នុង​ទីស្តីការ​គណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច។

Post a Comment

Previous Post Next Post