ក្រសួងយុត្តិធម៌រកឃើញរឿងមិនត្រឹមត្រូវនៅតុលាការ ៣៣ករណី

ក្រសួងយុត្តិធម៌រកឃើញរឿងមិនត្រឹមត្រូវនៅតុលាការ ៣៣ករណី
រូបភាព ៖ ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌ បង្ហាញថាក្នុងចំណោម ២១០១បណ្ដឹង ដែលពលរដ្ឋប្តឹងមកតាមរយៈយុទ្ធនាការ​ទាំង២​របស់ខ្លួន​រយៈពេល ១ឆ្នាំមកនេះ បានរកឃើញភាពមិនប្រក្រតីកើតនៅតុលាការចំនួន ៣៣ករណី និងបានស្នើសុំតុលាការ​ឱ្យ​ដោះស្រាយទាំងអស់។

ចំពោះដំណោះស្រាយក្រសួងយុត្តិធម៌ជួយពលរដ្ឋដែលមានបញ្ហានៅតុលាការ គឺមានដូចជា «ស្នើសុំឱ្យ​ជំនុំជម្រះសាជាថ្មីចំនួន ១៦ករណី, ធ្វើអធិបញ្ជាឱ្យចោទប្រកាន់ចំនួន ៦ករណី និងផ្ទេរសមត្ថកិច្ច​ចំនួន ៤ករណី […] បញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ៧ករណី»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ចេញថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

គួរបញ្ជាក់ពាក្យថា ភាពមិនប្រក្រតី សំដៅទៅ​ទៅលើដំណើរការដោះស្រាយដែលមានលក្ខណខុសពី​ធម្មតា និង​មិនអនុវត្តតាមទម្លាប់។ ចំណែកពាក្យថា ភាពមិនប្រក្រតីនៅតុលាការ អាចមានន័យថា សំណុំរឿង​ទុក​ចោលយូរឆ្នាំ, សំណុំរឿង​ដោះស្រាយ​យឺតយ៉ាវ, សំណុំរឿង​អាចមានអំពើពុករលួយ, សំណុំរឿងដោះស្រាយ​ខុសនីតិវិធី, សំណុំរឿងចៅក្រម​សម្រេចសេចក្តីអាចពុំត្រឹមត្រូវ និងអាចមាន​បញ្ហា​ផ្សេងទៀតក្នុងសំណុំរឿង​ដែលជាហេតុនាំឱ្យមាន​ភាព​អយុត្តិធម៌​នៅក្នុងនីតិវិធីតុលាការ។

ទោះបីជាយ៉ាងណា ក៏នៅតែវិជ្ជាមានក្នុងផ្នែកនៃការពង្រឹងយុត្តិធម៌សង្គម ​ដែល​ក្នុង​រយៈ​ពេល ១ឆ្នាំ ជួយ​ពលរដ្ឋ​រងគ្រោះដោយសារ​​មិន​ប្រក្រតីភាពនៅក្នុងនីតិវិធីតុលាការឱ្យមាន​ប្រក្រតីភាព​ឡើង​វិញ ព្រោះថា​វិធីសាស្ត្រក្រសួង​យុត្តិធម៌ប្រើដូចជា ការស្នើសុំជំនុំជម្រះសាជាថ្មី, អធិបញ្ជាឱ្យចោប្រកាន់ ការផ្ទេរសមត្ថកិច្ច​តុលាការ និងបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាវិន័យ គឺជាវិធានាការល្អនាំឱ្យបង្ការ និងទប់ស្កាត់ភាព​ភាពមិន​ប្រក្រតី​នៅតាម​តុលាការ។

ទន្ទឹមនឹងការដោះស្រាយមិនប្រក្រតីភាពនៅតាមតុលាការគ្រប់ជាន់ថ្នាក់នេះ ក៏ឃើញថា​ក្រសួងយុត្តិធម៌ បាន​បង្កើតសំណុំរឿងអាទិភាពទាំង ៤ គឺសំណុំរឿង​អត្រានុកូលដ្ឋាន, សំណុំរឿងចរាចរណ៍, សំណុំរឿង​គ្រឿងញៀន និងសំណុំរឿងក្មេងទំនើង ដើម្បីឱ្យ​តុលាការទូទាំងប្រទេសមានការដោះស្រាយឱ្យ​បានលឿន និងប្រសិទ្ធភាពស្របច្បាប់។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ឃើញថាតួលេខ និងលទ្ធផលដែលដោះស្រាយ​ចេញ គឺមានចំនួនច្រើន​ខ្លាំងដែលបង្ហាញថាមន្ត្រីតុលាការខិតខំដោះស្រាយសំណុំរឿងក្តី​របស់ពលរដ្ឋ​យ៉ាង​​ខ្លាំងទៅតាមតួលេខ។

បន្ទាប់ពីក្រសួងយុត្តិធម៌បានចេញសេចក្តីប្រព័ត៌មានពីភាពមិនប្រក្រតីនៅតាមតុលារការខាងលើ គឺពុំ​ឃើញ​​មាន​ខាងស្ថាប័នតុលាការចេញលិខិត ឬការឆ្លើយតបឡើយអ្វីមួយឱ្យកត់សម្គាល់ឡើយ។ មួយវិញ​ទៀតមាត្រា៥១ ថ្មី រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានកំណត់ថា៖​ «អំណាចបែងចែក​ដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ»។ រដ្ឋធម្មនុញ្ញកម្ពុជាបន្ត​ចែងថា អំណាចតុលាការ ជាអំណាចឯករាជ្យ ហើយគ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬ​នីតិប្រតិបត្តិអាច ទទួលអំណាចតុលាការអ្វីបានឡើយ។

គួរបញ្ជាក់ឡើងវិញថា យុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ គឺទី១.យុទ្ធនាការជំរុញ និង​ពន្លឿន​ការដោះ​ស្រាយ​រឿង​ក្តីនៅ​តាម​តុលាការ និង​ទី២.យុទ្ធនាការត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​​នៅ​​តាម​​តុលាការ ដាក់ចេញនៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៤​ ដោយលោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​​​យុត្តិធម៌ ក្នុង​គោល​បំណង​លើក​កម្ពស់​សេវា​យុត្តិធម៌ និងប្រសិទ្ធភាពនៃ​ប្រព័ន្ធយុត្តិធម៌។

ក្រសួងយុត្តិធម៌ លើកទឹកចិត្តពលរដ្ឋដែលយល់សំណុំររឿងរបស់ខ្លួននៅតុលាការយឺតយ៉ាវ ឬមិនប្រក្រតី សូម ទាក់ទងក្រុមការងារទទួលពាក្យបណ្តឹង តាមរយៈលេខទូរសព្ទ ០99444181 (តេឡេក្រាម)។ ជាការ​ល្អ​ក្នុងករណីមានលេខទូរសព្ទច្រើនប្រព័ន្ធសម្រាប់ទាក់ទងដាក់ពាក្យ និងផ្សព្វផ្សាយអំពី​ក្រុមការងារ​នេះឱ្យ​កាន់តែទូលាយ។

Post a Comment

Previous Post Next Post