ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដាក់ទណ្ឌកម្ម២៣ករណីលើចៅក្រម ព្រះរាជអាជ្ញា

រូបភាព៖ តាមបណ្តាញសង្គមឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចឱ្យចៅក្រម ព្រះរាជអាជ្ញាទទួលអនុវត្តទណ្ឌកម្មវិន័យតាមមាត្រា ៥៥ ច្បាប់​​លក្ខន្តកៈចៅក្រម ព្រះរាជអាជ្ញា ចំនួន ២៣ករណី។ នេះបើយោង​តាម​សេចក្តីប្រកាសព័ត៌មាន​ស្តីពី​លទ្ធផល​នៃសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី៣៨ ចេញថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានខាងលើ បញ្ជាក់ថាទណ្ឌកម្មវិន័យដាក់លើចៅក្រម ព្រះរាជអាជ្ញា ក្រោម​រូបភា​ព​ជា​ការស្តីបន្ទោសដោយផ្ទាល់មាត់ចំនួន ៤ករណី, ស្តីបន្ទោសដោយ​ចុះក្នុង​សំណុំលិខិត​ផ្ទាល់ខ្លួន​​ចំនួន ១១ករណី, ផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិមួយ​រយៈ​តែមិន​ត្រូវ​ឱ្យ​លើសពី ២ឆ្នាំទេ ឬលុបឈ្មោះចេញពីតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិវិញ ក្នុងករណីដែលបាន​ចុះឈ្មោះរួច​ហើយ​ចំនួន ៣ករណី, ផ្លាស់ដោយបង្ខំ ១ករណី, ផ្លាស់ដោយបង្ខំតម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែមចំនួន ២ករណី, ផ្លាស់ដោយបង្ខំនិងទម្លាក់ឋានៈ ១ករណី និងព្យួរពីការងារមិនឱ្យមានបៀវត្សក្នុងរយៈពេល ៦ខែ ១ករណី។

ក្នុងចំណោម ២៣ករណីខាងលើ គឺមានទណ្ឌកម្ម​ធ្ងន់កម្រិតទី ២ នៃច្បាប់​​លក្ខន្តកៈចៅក្រម ព្រះរាជអាជ្ញា គឺ ការបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ១នាក់។

គួរបញ្ចាក់ថាសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពុំបានបញ្ជាក់អំពីរឿងរ៉ាវ ឬ​មូលហេតុ​នាំឱ្យមានការដាក់ទណ្ឌកម្មទៅលើករណីនីមួយៗចំពោះចៅក្រម ព្រះរាជអាជ្ញាឡើយ។ មួយវិញ​ទៀតការប្រើពាក្យ ករណី គឺពុំអាចកំណត់អំពីចំនួនចៅក្រម ព្រះរាជអាជ្ញា ចំនួនប៉ុន្មានរូបជាក់លាក់ត្រូវ​ទទួលរងទណ្ឌកម្មវិន័យ។ ដោយសារពាក្យ ករណី គឺអាចគិតថា ១ករណី មានចៅក្រម១រូប ឬ១ករណី មាន​ចៅក្រម២រូប ព្រះរាជអាជ្ញា១រូប។

ពាក់ព័ន្ធការដាក់វិន័យលើចៅក្រម ព្រះរាជអាជ្ញា គឺពុំទាន់ការផ្សព្វផ្សាយថាអាចមាន ឬគ្មាន​ការដាក់​វិន័យ​ទៅ​លើ​ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីនគរបាលយុត្តិធម៌ ដែលជាបុគ្គលមានតួនាទី​សំខាន់នៅ​ក្នុងនីតិវិធី​តុលាការ​​ដូចចៅក្រម ព្រះរាជអាជ្ញា។​

កន្លងផុតរយៈពេល ៣ថ្ងៃ ដែលសេចក្តីប្រកាសព័ត៌មានស្តីពី​លទ្ធផល​នៃសម័យប្រជុំឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​លើកទី៣៨រួចនោះ គឺនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ប្រកាស​ពី​ទណ្ឌកម្មវិន័យទៅលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ផ្លាស់​ដោយ​បង្ខំ ទៅ​ជាអនុប្រធានសាលាដំបូងខេត្តណាមួយ ព្រោះបាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរនេះ។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបញ្ជាក់ថាកំហុស​ធ្ងន់ធ្ងររបស់លោកស្រី ពេជ ម៉ារ៉ែន គឺការសម្រេច​ដោះលែងទណ្ឌិតដែលជាប់ពន្ធនាគារពីបទឃាតកម្ម ពុំត្រឹមត្រូវតាមរូបមន្តច្បាប់ការដោះលែងដោយមាន​លក្ខខណ្ឌ ពោលគឺទណ្ឌិតមិនទាន់អនុវត្តទោសគ្រប់២/៣នៃទោសសរុប និងជាការរំលោភបំពានធ្ងន់ធ្ងរ​​លើ មាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

មុនពេលឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បង្ហាញអំពីរឿងរ៉ាវដាក់ទណ្ឌកម្មលើលោកស្រី ពេជ ម៉ារ៉ែន ប្រធាន​សាលាដំបូងខេត្តតាកែវ គឺនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ពេជ ម៉ារ៉ែន បានបង្ហោះវីដេអូឃ្លីប​តាម​បណ្តាញសង្គម ដោយបានលើកឡើងថា “...ខ្លួនមានកំហុសបន្តិចបន្តួច បែរជាត្រូវចាប់ទោសអូស​ដំណើរ ដោយគ្មានការលើកលែង ដោយគ្មានការសណ្តោស និងដោយគ្មានការទុកឱកាសឱ្យខ្លួនជាដើម ទោះបី​ខ្លួនខិតខំកែលម្អហើយក៏ដោយ...”។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សា​វិន័យ​​នៃ​​ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចេញថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

លក្ខណៈគ្រប់ជ្រុង​ដែល​ចៅក្រម ព្រះរាជអាជ្ញា រងទណ្ឌកម្មវិន័យ និងពលរដ្ឋបានយល់ដឹងច្បាស់​ពីមូល​ហេតុ​នាំឱ្យដាក់ទណ្ឌកម្មមួយៗលើករណីនីមួយៗឱ្យបានច្បាស់​និងបើកសិទ្ធិឱ្យចៅក្រម ព្រះរាជអាជ្ញា តវ៉ាង​ករណីខ្លួនពុំសុខចិត្ត ព្រោះការតែងតាំងចៅក្រម ព្រះរាជអាជ្ញា​ ដោយព្រះរាជក្រឹត្យ​ជាសាធារណៈ ហើយ​​បើមានការទទួលខុសត្រូវបែបណាមួយក៏ត្រូវបង្ហាញជា​សាធារណៈ។

ជាតម្លាភាព និងវិជ្ជាមានខាង​តុលាការ​ដែលឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានរកឃើញ និងដាក់វិន័យ​តាម​​ច្បាប់​ទៅលើចៅក្រម ព្រះរាជអាជ្ញា រូបណាប្រព្រឹត្តអំពើល្មើសវិន័យ ល្មើសច្បាប់ ឱ្យទទួលរងទណ្ឌកម្ម​ដែល​ខ្លួនបំផ្លាញ​កិត្តិយស កេរ្តិ៍ឈ្មោះតុលាការ។ ការដាក់ទណ្ឌកម្មទាំង ២៣ករណីខាងលើ សង្ឃឹមថា​ជួយ​តឿន​សតិ​បុគ្គលពាក់ព័ន្ធកិច្ចការតុលាការ និងជាពិសេសចៅក្រម ព្រះរាជអាជ្ញា ​កាន់តែផ្តល់សេវាយុត្តិធម៌​ជូន​​ប្រជាពលរដ្ឋឱ្យបានល្អ និងស្មើគ្នា។

Post a Comment

Previous Post Next Post