​គណបក្សកាន់អំណាចធំ៣នៅឥណ្ឌូចិនជួបពិភាក្សាការងារ

រូបភាព៖ Facebook Samdech Hun Sen of Cambodia ២២ កុម្ភៈ ២០២៥

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក តូ ឡឹម អគ្គលេខាធិការមជ្ឈិម​បក្ស​កម្មុយនីស្ត​វៀតណាម និងលោក ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានជួបពិភាក្សាការងារ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម​ នៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៤។

បើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់​គណបក្ស​ប្រជាជនកម្ពុជា របៀបវារៈរបស់បក្សទាំងបី ខាងលើក​យក​​មក​ពិភាក្សា មានដូចជា ការជំរុញការដោះស្រាយបញ្ហា​ព្រំដែនដែលនៅ​សេស​​សល់​​ឱ្យបានឆាប់រហ័ស, ការពង្រឹង​សារមគ្គីភាពក្នុងសហគមន៍អាស៊ាន ក្នុងនិម្មាបនកម្ម​សេដ្ឋកិច្ច, ក្នុង​សន្តិសុខ​តំបន់និងពិភពលោក និ​ងការ​បន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់។

ដោយឡែកគណបក្សប្រជាជនកម្ពុជា និងមជ្ឈិម​បក្ស​កម្មុយនីស្ត​វៀតណាម បានបង្ហាញពីចំណងសាមគ្គីភាព ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាមួយគ្នានូវនយោបាយ សន្តិសុខ ការពារជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងទេសចរណ៍។

គណបក្សប្រជាជនកម្ពុជា និងមជ្ឈិម​បក្ស​កម្មុយនីស្ត​វៀតណាម បន្ថែមថានឹងបន្តគាំទ្រគ្នាទៅវិញទៅមក និង​ជំរុញ​កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្ស សភា រាជរដ្ឋាភិបាល និងអង្គការមហាជនរវាង​ប្រទេសទាំង​ពីរ ដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក។

គណបក្សប្រជាជនកម្ពុជា និងមជ្ឈិម​បក្ស​កម្មុយនីស្ត​វៀតណាម ក៏បានលើកឡើងពី​អនុវត្ត​ស្មារតី​កុងសង់ស៊ីស​(ការយល់ព្រម​គ្នាជាឯកច្ឆន្ទ)​​ដើម្បីលើកកម្ពស់ចំណងមិត្តភាពសាមគ្គីភាពជាប្រពៃណីល្អ និងកិច្ចសហប្រតិបត្តិការ​​ជួយគាំទ្រ​គ្នាទៅ​វិញ​ទៅមក និងបានបង្កើនជំនឿ​ទុក​ចិត្ត​គ្នាទៅវិញទៅមកក្នុង​ភាព​ជា​មិត្ត​ជិតខាងល្អ។

គណបក្សប្រជាជនកម្ពុជា មជ្ឈិម​បក្ស​កម្មុយនីស្ត​វៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ បានឯកភាព​គ្នា​ជួប​ប្រជុំកំពូល នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៦។







Post a Comment

Previous Post Next Post