ទីសំចត និងដៃគូគាំទ្រប្តេជ្ញាលើស្ទួយសិល្បៈវប្បធម៌ និងការយល់ដឹងបរិស្ថាន

រូបភាព ៖ ហ្វេសប៊ុក សិល្បៈពនេចរ

ទីសំចត​ សហការជាមួយ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងAnicca Foundation ព្រមទាំងដៃគូគាំទ្រជាច្រើន បាន​រៀបចំ​ពិព័រណ៍​សិល្បៈ​នៃ​គម្រោង​សិល្បៈ​ពនេចរ​ ក្នុងគោលបំណង​លើ​ស្ទួយសញ្ញាណ​វប្បធម៌​បេតិកភណ្ឌ​ខ្មែរ ជនជាតិដើម​ភាគតិច និង​ការយល់ដឹងបរិស្ថានតាម​រយៈកិច្ចការ​សិល្បៈ។


ពិព័រណ៍នេះ បានសម្ភោធក្នុងផ្ទះហ៊ីរ៉ូស៊ីម៉ា រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយ​មាន​ការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, មន្ត្រីជាន់​ខ្ពស់​នៃ​ភ្នាក់ងារស្វីស​ដើម្បី​ការអភិវឌ្ឍនិង​កិច្ចសហប្រតិបត្តិការ, លោក សឿង សារឿន នាយកប្រតិបត្តិ​វេទិកានៃ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា, លោកស្រី ប៉ុក ម៉ារីណា ស្ថាបនិកនៃAnicca Foundation, ក្រុមសិល្បករ​ទីសំចត និងអ្នកចូលរួមជាច្រើនទៀតបានទស្សនាស្នាដៃ​ដ៏វិចិត្រ​របស់​សិល្បករ​​និង​សិស្ស។

ពិព័រណ៍​សិល្បៈ​នៃ​គម្រោង​សិល្បៈ​ពនេចរ ក្នុងឆ្នាំ២០២៥ មានប្រធានបទ “សិល្បៈ សហគមន៍ បរិស្ថាន” ដោយ សិល្បករ​និង​សិស្សានុសិស្ស​នៃសាលាចំនួនបី​ក្នុង​ខេត្ត​កំពង់ចាម ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បង្ហាញនូវស្នាដៃរូបគំនូ​ដ៏វិចិត្រ​និងមានភាពច្នៃប្រតិដ្ឋ បង្ហាញពីសារអប់រំ ដាសតឿនផង​អំពី​បម្រែបម្រួល​​អាកាស​ធាតុ យល់ដឹងអំពីបរិស្ថាន សិទ្ធិជនជាតិដើមភាគតិច និងតួនាទី​របស់​សហគមន៍​ក្នុង​ការរៀបចំ អភិរក្ស និងអភិវឌ្ឍន៍។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថាគាំទ្រចំពោះ​គម្រោង​សិល្បៈពនេចរ និងបន្ត​លើក​​ទឹកចិត្តដល់គម្រោងសិល្បៈ​ពនេចរ​នេះ ឱ្យបន្តបេសកកម្មផ្សព្វផ្សាយ​និង​ចែករំលែក​​​ចំណេះដឹង​សិល្បៈ​ដល់​មូលដ្ឋាន​ដែលមិនសូវទទួល​បាន​ឱកាសសិល្បៈ។

លោកស្រី ហ៊ុន សាវង ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ លើកឡើង​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គាំទ្រ និង​លើក​ទឹកចិត្តចំពោះ​គម្រោង​សិល្បៈ​ពនេចរ ឱ្យបន្តបេសកកម្ម​ ចូលរួមចំណែកដ៏សំខាន់បំពេញ​បន្ថែមលើការផ្សព្វផ្សាយ​និងចែករំលែក​ចំណេះ​ដឹង​​​សិល្បៈ​​ទៅដល់​មូលដ្ឋានដែលមិនសូវទទួលបានឱកាសសិល្បៈ ។

គួរបញ្ជាក់ថាពិព័រណ៍​សិល្បៈ​នៃ​គម្រោង​សិល្បៈ​ពនេចរ បើកជូនសាធារណជនមកទស្សនាដោយឥតគិតថ្លៃ​ចាប់​ពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥ មានទីតាំងនៅផ្ទះហ៊ីរ៉ូស៊ីម៉ា

Post a Comment

Previous Post Next Post