![]() |
(រូបភាព ៖ ពលរដ្ឋចូលរួមកម្មវិធីបុណ្យពូជ) |
គណៈកម្មការសហគមន៍ពោធិរបងបានរៀបចំកម្មវិធីបុណ្យពូជ ក្នុងគោលបំណងលើកកម្ពស់ពូជកសិកម្មបុរាណខ្មែរ អភិរក្សពូជបុរាណខ្មែរ និងកសិកម្មធម្មជាតិមានអត្តប្រយោជន៍បរិស្ថាន និងសុខភាពមនុស្សជាតិ កាលពីនៅថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ។
កម្មវិធីបុណ្យពូជ នៅក្នុងភូមិពោធិរបង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានអ្នកចូលរួមប្រមាណ ៥០០នាក់ ព្រមទាំងមានលោក សួន ហៀង សមាជិកក្រុមប្រឹក្សាឃុំកំពង់ពោធិ៍ និង លោក លីវ សេង ហ៊ឹម អភិបាលនៃគណៈអភិបាលស្រុកក្រគរ រួមគ្នាដង្ហែគ្រាប់ពូជដំណាំចំនួន ៧០ប្រភេទ ក្នុងនោះរួមពូជស្រូវចំនួន ២១ប្រភេទ គ្រាប់ឈើចំនួន ៤ប្រភេទ ដើមឈើចំនួន ១៩ប្រភេទ និងផលិតផលខ្មែរផ្សេងៗទៀត។
គណៈកម្មការសហគមន៍ពោធិរបង បានបង្ហាញបញ្ហាប្រឈមមួយចំនួនអំពីកសិកម្មជាតិនៅតំបន់របស់គាត់ថា បញ្ហាដី, កង្វះទឹកកសិកម្ម, បំណុលគ្រួសារ ការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់នៃបច្ចេកវិទ្យាកសិកម្មទំនើប ធាតុចូលគីមីកសិកម្ម និងបាត់ភាពជាម្ចាស់លើប្រព័ន្ធស្បៀងអាហារ ដែលហេតុគួរតែមានគ្រប់ភាគីពាក់ព័ន្ធជួយគ្នាដោះស្រាយ។
គណៈកម្មការសហគមន៍ពោធិរបង បន្តថាការដំណោះស្រាយប្រកបដោយប្រសិទ្ធភាពគឺត្រូវ «ជំរុញឲ្យកសិករអនុវត្តការធ្វើកសិកម្មតាមបែបធម្មជាតិ, បង្កើតកសិដ្ឋានពហុប្រយោជន៍ ប្រើប្រាស់គ្រាប់ពូជបុរាណខ្មែរ ផលិតជីនិងថ្នាំ, កសិកម្មដោយខ្លួនឯង ព្រមទាំងអនុវត្តគោលការណ៍កសិក្សេត្របរិស្ថានទាំង បួនគឺ សេដ្ឋកិច្ច វប្បធម៌ សុខភាព និង បរិស្ថាន»។
សម្រាប់លោក អួត ឡុង តំណាងសហគមន៍ពោធិ៍របង បានលើកឡើងថា ប្រជាកសិករភាគច្រើន និយមការធ្វើកសិកម្មដែលពឹងផ្អែកទៅលើការទិញពូជពីគេ ជីគីមី ថ្នាំ និងសម្ភារៈទំនើបផ្សេងៗ គឺជាចំណុចដែលគួរយកមកពិចារណាផងដែរ។
ជុំវិញបញ្ហាវិស័យកសិកម្ម ដែលលើកឡើងដោយគណៈកម្មការសហគមន៍ពោធិរបង គឺជាផ្នែកតូចមួយនៃកសិកម្មទូទាំងប្រទេស។ ការចាប់ផ្ដើមយកចិត្តទុកដាក់រឿងតូចៗរបស់សហគមន៍កសិកម្មនៅមូលដ្ឋាននីមួយៗយកជាធាតុចូលបង្កើតជាគោលនយោបាយសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតំណាងរបស់រដ្ឋាភិបាល ក៏ដូចជាតំណាងរបស់ពលរដ្ឋទូទាំងប្រទេស គឺពិតជាសំខាន់ និងដោះស្រាយបានគ្រប់ជ្រុងជ្រោយ។