ប្រទេសចិន និងប្រទេសកម្ពុជា បន្តគាំទ្រគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរបំផុតចំពោះកិច្ចសហប្រតិបត្តិការនយោបាយ, ការអភិឌ្ឍន៍ ពាណិជ្ជកម្ម ការវិនិយោគ, វិស័យការពារជាតិ សន្តិសុខ, សន្តិសុខមនុស្សជាតិ (បរិស្ថាន សុខាភិបាល), ការផ្លាស់ផ្លាស់ប្តូរប្រជាជននិងប្រជាជន វប្បវធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាច្រើន។
ការបន្តគាំទ្រគ្នាខាងលើនេះ បង្ហាញច្បាស់នៅក្នុងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងលទ្ធផលនេះក៏បានបង្ហាញថា លោក ស៊ី ជីនពីង បានចូលថ្វាយបង្គំគាល់ ឬជំនួបជាមួយព្រះករុណា រោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា, សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ចំពោះទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង មកកម្ពុជា ឃើញថាមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ ឯកសារ លើវិស័យជាច្រើនរួមមាន សន្តិសុខសកល, ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស, កសិកម្ម, ឧស្សាហកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់, ជំនួយអភិវឌ្ឍន៍, ពន្ធគយ, ចត្តាឡីស័ក, សុខាភិបាល, ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។ ចំនួនឯកសារនេះមិនរាប់បញ្ចូលឯកសាររវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និងធុរកិច្ចមួយចំនួន ដែលបានចុះហត្ថលេខា លើគម្រោងធំៗ រួមមានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, ការសាងសង់រោងចក្រ ថាមពល LPG 900 MW ក្នុងខេត្តកោះកុង និងគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែក។
បន្ទាប់មកនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ក៏មានផ្សាយពីសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងចិន ស្ដីពីការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ជាភាសារខ្មែរចំនួន ១១ ទំព័រ (ពុំមានបោះត្រា) មានចំណុចគោលធំៗដូចជា ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី, ការអនុវត្តគំនិតផ្ដូចផ្ដើមអភិវឌ្ឍន៍សកល(GDI), ការអនុវត្តគំនិតផ្ដួចផ្ដើមសន្តិសុខសកល(GSI) និង ការអនុវត្តគំនិតផ្ដួចផ្ដើមអរិយធម៌សកល(GCI)។
ជាធម្មតាគួរមានសន្និសីទ្ធសារព័ត៌មានលម្អិតមួយអំពីខ្លឹមសារលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកកម្ពុជាចំនួន ពីរថ្ងៃ ក្នុងឆ្នាំ២០២៥ និងប្រៀបធៀបលទ្ធផលដែលលោកធ្លាប់មកទស្សនកិច្ចលើកទី១ កាលខែតុលា ឆ្នាំ២០១៦។
អត្ថបទដោយ៖ ហេង រិទ្ធ