![]() |
សកម្មភាពយុវជនរៀបចំថតវីដេអូឯកសាររឿងព្រៃជំនឿ នៅភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ (រូបភាព៖ អង្គការភាពយន្តឈូករ័ត្ន) |
លោក ស៊ុំ ស៊ីថែន ប្រធានប្រតិបត្តិអង្គការភាពយន្តឈូករ័ត្ន និងជាប្រធានគម្រោង «តស់ ថតឯកសារនៅកម្ពុជា» លើកឡើងថា តាមរយៈគម្រោង «តស់ ថតឯកសារនៅកម្ពុជា» កាលពីឆ្នាំ២០២៥ បានជ្រើសរើសយុវជនជនជាតិដើមភាគតិចកួយ ៦រូប មកពីស្រុកសណ្តាន់ និងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយផ្តល់ការបណ្តុះបណ្តាល និងឱកាសអនុវត្តផ្ទាល់ពីការថតវីដេអូឯកសារស៊ីជម្រៅពាក់ព័ន្ធស្ថានភាព និងបញ្ហាប្រឈមនៅក្នុងសហគមន៍ជនជាតិដើមភាគតិច។
លោក ស៊ុំ ស៊ីថែន បញ្ជាក់ថា៖ «យើងជឿថាការលាតត្រដាងពីជីវភាពសមាជិកសហគមន៍ ឬអ្នកភូមិរបស់ពួកគេ [ជនជាតិដើមភាគតិចកួយ] ក៏ដូចជាផលប៉ះពាល់ពីការអភិវឌ្ឍន៍ដោយមិនបានគិតជ្រុងជ្រោយ នឹងជួយឱ្យបរិយាកាសសហគមន៍របស់ពួកគាត់មានការកែប្រែវិជ្ជមាន និងជ្រួតជ្រាបដល់អាជ្ញាធរដែនដី ក៏ដូចជាភាគីពាក់ព័ន្ធនានា»។
លោក ស៊ុំ ស៊ីថែន បន្ថែមថាជាលទ្ធផលនៃគម្រោង «តស់ ថតឯកសារនៅកម្ពុជា» បានទទួលស្នាដៃសាច់រឿងជាវីដេអូចំនួន ២រឿង គឺរឿងកន្ត្រកកួយ និង រឿងព្រៃជំនឿ ក្នុងគោលដៅចាក់បង្ហាញនៅមហោស្រពភាពយន្តខ្លីចតុមុខ ប្រព័ន្ធផ្សព្វផ្សាយនានា និងផ្សាយដល់ដៃគូនៅក្រៅស្រុក ដើម្បីនាំឱ្យមានការទទួលស្គាល់ទូលំទូលាយ។
សម្រាប់លោក ឃុត សុន ជនជាតិដើមភាគតិចកួយ និងជាសិក្ខាកាមរបស់គម្រោង «តស់ ថតឯកសារនៅកម្ពុជា» លើកឡើងថា លោក និងសិក្ខាកាមផ្សេងទៀតបានទទួលចំណេះដឹងទាក់ទងផ្នែកថតវីដេអូ ថតរូប ការកាត់ត និងជំនាញស្រាវជ្រាវពិតជាជួយបង្កើនសមត្ថភាពក្នុងការផលិតវីដេអូរឿងព្រៃជំនឿ រយៈពេល ៦នាទី បង្ហាញពីតម្លៃអត្តសញ្ញាណ និងវប្បធម៌របស់ជនជាតិដើមភាគតិចដែលផ្សាភ្ជាប់ជាមួយព្រៃ។
លោក ឃុត សុន បញ្ជាក់ពីសារៈប្រយោជន៍នៃវីដេអូដែលបានរៀបចំថា៖ «វីដេអូ ដែលយើងខ្ញុំផលិតក៏ផ្ដល់អត្ថប្រយោជន៍ក្នុងការជួយផ្សព្វផ្សាយពីវប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិចកួយដែរ»។
ចំណែកលោក យៀ ឈឺន ជនជាតិដើមភាគតិចកួយ និងជាសិក្ខាកាមក្នុងគម្រោង «តស់ ថតឯកសារនៅកម្ពុជា» លើកឡើងថា លោក និងសិក្ខាកាមផ្សេងទៀតបានផលិតវីដេអូរឿងកន្ត្រកកួយ រយៈពេល ៤នាទី ដោយប្រើវិធីស៊ើបអង្កេត និងបច្ចេកទេសផលិតបាននូវវីដេអូសកម្មភាពលម្អិតពីការរៀបចំធ្វើកន្ត្រករបស់ជនជាតិដើមភាគតិចកួយ រាប់ចាប់តាំងពីសកម្មភាពចាប់ផ្ដើមធ្វើដំបូងរហូតដល់សម្រេចជាផលិតផល ក្នុងគោលដៅជួយផ្សព្វផ្សាយសកម្មភាពរស់នៅ និងការប្រកបរបររបស់ ជនជាតិដើមភាគតិច។
លោក យៀ ឈឺន បន្តថា៖ «ខ្ញុំបានយល់ដឹងអំពីរបៀបនៃការស៊ើបអង្កេត និងជួយឲ្យខ្ញុំបានយល់ដឹងច្រើនហើយខ្ញុំបានជួយដល់សហគមន៍ផងដែរ»។
ចំពោះ រឿងកន្ត្រកកួយ និង រឿងព្រៃជំនឿ របស់យុវជនជនជាតិដើមភាគតិចកួយ គ្រោងនឹងផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ តស់ ថតឯកសារនៅកម្ពុជា (Let's Document Cambodia) នៅចុងខែឧសភា និងចាក់បង្ហាញនៅក្នុងមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២៥ ក្នុងខែតុលាខាងមុខ។
គួរបញ្ជាក់ថា អង្គការភាពយន្តឈូករ័ត្ន - Sunflower Film Organization (SFO) មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០១៩ ជាអង្គការមិនរកប្រាក់ចំណញ ដោយផ្តោតទៅលើជំនាញផលិតភាពយន្តកម្សាន្ត និងឯកសារទៅដល់យុវជន ជាពិសេសយុវជនជនជាតិដើមភាគតិច ដើម្បីបុព្វហេតុសហគមន៍ និងអាជីពផ្ទាល់ខ្លួនរបស់យុវជន។ មកដល់ឆ្នាំ២០២៥នេះ អង្គការបានបណ្តុះបណ្តាលយុវជននៅភ្នំពេញ និងតាមខេត្តនានាមិនតិចជាង ២០០នាក់ និងផលិតវីដេអូឯកសារខ្លីជាង ២០រឿង៕
អត្ថបទដោយ៖ ហេង រិទ្ធ