![]() |
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា អង្គុយកណ្តាលដឹកនាំកិច្ចប្រជុំ។ (រូបភាព៖ រដ្ឋសភា) |
មូលដ្ឋានកំណត់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ត្រូវបានកំណត់ក្នុងមាត្រា៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមជរដ្ឋសភានិងព្រឹទ្ធសភា ឆ្នាំ២០១១ ចែងថា «បញ្ហាសំខាន់ៗរបស់ប្រទេសជាតិមាន: ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬ ករណីប្រធានសក្ដិបណ្តាលឲ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬករណីផ្សេងៗទៀត ដែលគណៈកម្មាធិការសមាជយល់ឃើញថា ជាបញ្ហាសំខាន់របស់ប្រទេសជាតិ»។
បើពិនិត្យទៅលើប្រធានទាំង ៣ សម្រាប់សមាជរដ្ឋសភានិងព្រឹទ្ធសភា ឆ្នាំ២០២៥ គឺអាចត្រង់ចំណុចជាករណីផ្សេងៗទៀត ដែលគណៈកម្មាធិការសមាជយល់ឃើញថា ជាបញ្ហាសំខាន់របស់ប្រទេសជាតិ។
សមាជរដ្ឋសភានិងព្រឹទ្ធសភា រៀបចំដោយគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា មានលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានសមាជ, លោកស្រី ឃួន សុដា ប្រធានរដ្ឋសភា ជាអនុប្រធានសមាជ, លោក អ៊ុច បូររិទ្ធ, លោក ជាម យៀប, លោក ធន់ វឌ្ឍនា, លោក វង សូត ជាសមាជិក និងជំនួយការមួយចំនួន។
គណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា បានបង្កើតក្រុមចំនួន ៣ ផ្សេងៗគ្នាសិក្សាលើប្រធានបទនីមួយៗ។ ក្រុមទី១ សិក្សាលើប្រធានបទប្រព័ន្ធគាំពារសង្គម មានលោក យស ផានីត្តា, លោក ឈាង វុន, លោកស្រី មាន សំអាន និងលោកស្រី ឡោក ខេង។ ក្រុមទី២ សិក្សាលើប្រធាបទសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលោក អ៊ុំ សារឹទ្ធ, លោកស្រី និន សាផុន, លោកស្រី មាន សំអាន, លោកស្រី ឡោក ខេង, លោក យស ផានីត្តា និងលោក ឈាង វុន។ ក្រុមទី៣ សិក្សាលើប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលោក អ៊ុំ សារឹទ្ធ, លោកស្រី និន សាផុន, លោកស្រី មាន សំអាន, លោកស្រី ឡោក ខេង, លោក យស ផានីត្តា និងលោក ឈាង វុន។ សម្រាប់ក្រុមនីមួយៗមានតួនាទីសិក្សា រៀបចំរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជ។
តាមមាត្រា ១០ មាត្រា ១១ មាត្រា ១២ នៃច្បាប់រៀបចំសមាជរដ្ឋសភាព្រឹទ្ធភាព តម្រូវឱ្យលោក ហ៊ុន សែន ប្រធានសមាជ ត្រូវអញ្ជើញសមាជិករដ្ឋសភា ព្រឹទ្ធសភា លើសពីពាក់កណ្តាលមានវត្តមានចូលរួមប្រជុំសមាជ។ សម្រាប់ការគាំទ្រសេចក្តីសម្រេចសមាជរដ្ឋសភានិងព្រឹទ្ធសភាលើប្រធានបទទាំង៣ ខាងលើ គឺត្រូវយកតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកសមាជទាំងមូល។ បើពិនិត្យស៊ីជម្រៅលើចំនួនគាំទ្រការសម្រេចិត្តសមាជរដ្ឋសភានិងព្រឹទ្ធសភា គឺត្រូវការច្រើនខ្លាំង។
សេចក្តីសម្រេចរបស់សមាជរដ្ឋសភានិងព្រឹទ្ធសភា លើប្រធានបទប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម ត្រូវតម្លៃជាសេចក្តីសម្រេចខ្ពស់បំផុតរបស់ប្រជាជាតិ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ និងចុះក្នុងរាជកិច្ច។ នេះបើយោងមាត្រា ១៣ នៃច្បាប់រៀបចំសមាជរដ្ឋសភាព្រឹទ្ធភាព។ ពាក្យថា តម្លៃជាសេចក្តីសម្រេចខ្ពស់បំផុតរបស់ប្រជាជាតិ គឺជាពាក្យមួយគន្លឹះសំខាន់ក្នុងការអនុវត្ត និងគួរមានការបកស្រាយឱ្យច្បាស់លាស់ ព្រោះបើនៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺបិទផ្លូវតវ៉ា។
សម្រាប់កិច្ចដំណើរការទូទៅក៏ដូចកិច្ចការដ្ឋបាលក្នុងការរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា គឹមានអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវទទួលបន្ទុកជាអគ្គលេខាធិការដ្ឋានសមាជ។ នេះផ្អែកតាមប្រការ ៧ នៃបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ឆ្នាំ២០១១។
គួរបញ្ជាក់ថានៅក្នុងរបាយការណ៍តាមដានការប្រជុំពេញអង្គនៃរដ្ឋសភាលើសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចេញថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ បង្ហាញថា «[…] សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការធ្វើឱ្យមានប្រសិទ្ធភាព ការងាររបស់ស្ថាប័ននីតិប្បញ្ញត្តិ ឱ្យមានការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀត ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន តាមរយៈការឆ្លើយតប និងដោះស្រាយជាបន្ទាន់នូវរាលបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និងប្រជាជាតិខ្មែរទាំងមូល ក្នុងនាមជាអ្នកតំណាងភូមិភាគ ព្រមទាំងការចូលរួមចំណែកក្នុងការដឹកនាំប្រទេសជាតិជាមួយរាជរដ្ឋាភិបាល»។