គ្មានការិយាធិបតេយ្យ នាំមកនូវជំនឿទុកចិត្តលើការផ្តល់សេវាសាធារណៈ


សូមស្គាល់អំពីការិយាធិបតេយ្យ

ដំបូងយើងត្រូវដឹងថា រដ្ឋាភិបាលមានការទទួលខុស ២ធំ ចំពោះប្រជាពលរដ្ឋេរបស់ខ្លួន ដោយ​ទី១ រក្សាសន្តិសុខាសង្គម និងទី២ ការផ្តល់សេវាសាធារណៈ។ ការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ ជាទូទៅអនុវត្ត​ប្រព័ន្ធ​ផ្តល់សេវាសាធារណៈមួយ​ដែល​​ត្រូវស្របតាមស្ថានភាពសង្គមជាក់ស្តែង និងតម្រូវការ​របស់ពលរដ្ឋ ព្រមទាំងគ្មានការិយាធិបតេយ្យ។ ដើម្បីឱ្យការផ្តល់សេវាសាធារណៈល្អ គឺត្រូវតែមាន​ដាច់ខាត​នូវសសរ​ស្តម្ភ ២ គឺប្រព័ន្ធការងារ និង​ធនធាន​មនុស្ស​។ ប្រព័ន្ធការងារល្អមួយ គឺត្រូវតែមានមូលដ្ឋានច្បាប់ (យ៉ាងតិច អនុក្រឹត្យ ប្រកាស សេចក្តី​ណែនាំ)​កំណត់ច្បាស់លាស់​ត្រឹមត្រូវ, ការចែងអំពីដំណើរការ​ការងារ និង​ការដំណោះស្រា​យបញ្ហាបានលម្អិត ​គ្រប់​ជ្រុង​ជ្រោយ។ ចំណែកធនធានមនុស្ស គឺជាតួអង្គ​អនុវត្ត​ប្រព័ន្ធ​​ការងារ​ឱ្យ​មានដំណើរការរលួន និងបត់បែន​ឱ្យ​ប្រព័ន្ធកាន់តែមានប្រសិទ្ធភាព។ ជុំវិញរឿង​ផ្តល់​សេវា​សាធារណៈ​បានល្អបំផុតនេះ គឺការិយាធិបតេយ្យ ជាបញ្ហាចោទមួយដែល​តួអង្គអនុវត្ត​ការផ្តល់​សេវា​សាធារណៈ​​បាន​អនុវត្ត​ការិយាធិបតេយ្យ​ចំពោះកិច្ចការផ្តល់សេវាសាធារណៈ។ បញ្ហានេះ គឺកើតមានគ្រប់​សង្គម ព្រោះជាកន្លែង​ដែលអាចរកចំណូលបានយ៉ាងលឿនទាំងស្របច្បាប់ និងខុសច្បាប់។

ដើម្បីកាត់បន្ថយការិយាធិបតេយ្យនៅក្នុងសង្គម ក្នុងគោលបំណងផ្តល់សេវាសាធារណៈឱ្យបានល្អ​ប្រសើរសម្រាប់ប្រជាពលរដ្ឋ, ដំបូងយើងត្រូវស្គាល់ពាក្យថា​ការិយាធិបតេយ្យ (bureaucracy) តាម​ន័យ​អវិជ្ជ​មាន គេតែងប្រើ​ពាក្យ​​នេះ​ដើម្បី​សម្គាល់ប្រព័ន្ធរដ្ឋបាលសាំញ៉ាំ ដែល​អនុញ្ញាត​​ឱ្យមន្ត្រីរាជការ​ឆ្លៀត​យក​អំណាច ដែលរដ្ឋ​ប្រគល់​ឱ្យដើម្បី​​បម្រើ​បុព្វសិទ្ធិរបស់ខ្លួន ហើយ​ដែល​ធ្វើ​ឱ្យប៉ះពាល់ដល់ប្រយោជន៍​របស់​អ្នក​ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន។[1] ការិយាធិបតេយ្យ ក៏​អាច​មាន​អត្ថន័យច្បាស់ៗដូច​ខាង​ក្រោម​ថា[2]

- មានន័យថាក្រុមអ្នករដ្ឋការ អ្នកធ្វើការនៅការិយាល័យដែលប្រើអំណាចខុស​ច្បាប់ ធ្វើ​តែ​តាម​ទម្លាប់។

- គឺជាប្រព័ន្ធរដ្ឋាភិបាលដែលរាល់ការសម្រេចចិត្តសំខាន់ៗភាគច្រើនត្រូវធ្វើឡើងដោយមន្ត្រីរដ្ឋ​ជា​ជាង​ដោយអ្នកតំណាងជាប់ឆ្នោត។

- គឺជាទម្រង់នៃការគ្រប់គ្រងមួយ ដែលដំណើរការប្រព្រឹត្តទៅជួបបញ្ហា ឬឧបសគ្គដោយសារ​តែ​ការ​អនុវត្តនូវ នីតិវិធីដែលមិនចាំបាច់និងច្បាប់ទម្លាប់ស្មុគស្មាញ។

ការិយាធិបតេយ្យ បើនិយាយឱ្យខ្លី គឺជាការផ្តល់ ឬទទួលបាន​សេវាសាធារណៈ​ដោយ​មិន​ខ្វល់​អំពី​លក្ខខណ្ឌ និងច្បាប់​អ្វីទាំងអស់។

តួអង្គប្រព្រឹត្តការិយាអធិបតេយ្យ និងបញ្ហាប្រឈម

ការិយាធិបតេយ្យ ត្រូវបានអូសទាញយកមកប្រើច្រើនដោយអ្នកជំនួញ អ្នករកស៊ី អ្នកមាន​ទ្រព្យ​សម្បត្តិ​​ច្រើន ព្រោះគេយល់ការចំណាយថវិកា ទំនាក់ទនង គឺជារឿងធម្មតាដែលត្រូវផ្តល់ជូនអ្នកដែលជួយ​កិច្ចការរបស់ខ្លួនបានជោគជ័យ។ ការិយាធិបតេយ្យ គឹបង្កលក្ខណស្រួលដល់អ្នកមានថវិកា និងអ្នក​ទំនាក់​ជាមួយ​អ្នកផ្តល់សេវា តែវាគ្រោះថ្នាក់ទៅវិញទៅលើ​តួអង្គផ្តល់សេវានោះឱ្យមានទម្លាប់ទាមទារប្រយោជន៍ ឬ​តតែមានទំនាក់ទំនង​ទើបសេវានោះមានលក្ខណៈល្អប្រសើរ។

តួអង្គស្នូលនៃការិយាធិបតេយ្យ គឺអ្នកនៅកណ្តាល (តួអង្គទី៣) រវាងអ្នកផ្តល់សេវា និងអ្នក​ទទួល​សេវា ដែលមានគោលបំណងធ្វើឱ្យអ្នកដែលពឹងពាក់ខ្លួននោះសម្រេចជោគជ័យតាមបំណងប្រាថ្នា។ អ្នក​នៅ​កណ្តាលនេះ ត្រូវបានបែងចែកជា ២ប្រភេទ គឺអ្នកដែលមានវិជ្ជាជីវៈ និង​អ្នកគ្មានវិជ្ជាជីវៈ។ តួយ៉ាង​ដូច​មេធាវី សវនករ ភ្នាក់ងារពន្ធដារ និងផ្សេងៗទៀត គឺអ្នកមានវិជ្ជាជីវៈ ដែលត្រូវអនុវត្តកិច្ចការមានស្តង់ដារ និង​ការទទួលខុសត្រូវចំពោះមុខច្បាប់ជាខ្លាំង។ ចំណែកឯអ្នកនៅកណ្តាលដែលគ្មានវិជ្ជាជីវៈ គឺជាមនុស្ស​ទូទៅ​គ្មានកាតព្វកិច្ចអ្វីទាំងអស់ តែបង្ហាញវត្តមានចូលរួមជួយព្រោះមានបំណងច្បាស់លាស់ណាមួយ។ សម្រាប់អ្នកមានវិជ្ជាជីវៈ គឺជាអ្នកមានការទទួលស្គាល់ពីច្បាប់ និងសង្គម ដែលជាផ្នែកមួយជួយ​​ដោះស្រាយ​​បញ្ហា​ការិយាធិបតេយ្យបានល្អផងដែរ។ ផ្ទុយទៅវិញបើអ្នកមានវិជ្ជាជីវៈអនុវត្តខុសវិជ្ជាជីវៈ ខុស​ក្រមសីលធម៌ និងគោលការណ៍របស់ខ្លួន បង្កជាបញ្ហាធ្ងន់ធ្ងរយ៉ាងខ្លាំងលើសការិយាធិបតេយ្យទៅទៀត។ គួរ​បញ្ជាក់ថា អ្នកផ្តល់សេវា និងអ្នកទទួលសេវា ក៏អាចជាអ្នកដឹកនាំបង្កើតឱ្យមាន​ការិយាអធិបតេយ្យ​ផងដែរ។

ស្ថានភាពបច្ចុប្បន្ន ដែលអាចចាត់ទុកថាជា ការិយាធិបតេយ្យ គឺមន្ត្រីផ្តល់សេវា មានពេលខ្លះពាក់​ឯកសណ្ឋាន​ មកជួបអ្នកពលរដ្ឋ​នៅហាងកាហ្វេ ឬផ្ទះរបស់ពលរដ្ឋ និយាយអំពីកិច្ចការងារផ្តល់សេវាប្រកប​ដោយប្រសិទ្ធភាព និងលឿនរហ័សជូន។ មួយវិញទៀត​នៅកន្លែងផ្តល់សេវា​សាធារណៈ ក៏អាចមាន​អ្នក​ចាំ​នៅ​ខាងក្រៅ​ទទួលជួយរត់ការផ្តល់សេវាឱ្យបានលឿនតាមការព្រមព្រៀង។

ការិយាធិបតេយ្យនេះ ដាច់ខាតមិនត្រូវឱ្យអ្នកផ្តល់សេវាសាធារណៈ​ចូលរួមអនុវត្ត ព្រោះនាំឱ្យ​មាន​​ទម្លាប់​ខុសពីច្បាប់លក្ខន្តិកៈមន្ត្រី និងជាការបង្ហាញពីការផ្តល់សេវាមានលក្ខណៈលម្អៀង។ បើចង់​ស្រប​​ច្បាប់ និងមិនលម្អៀង គឺ​អាចធ្វើបានតាមរយៈការបង្កើតច្បាប់ចែងឱ្យបានច្បាស់លាស់ ឱ្យបង្ហាញ​ថា​សង្គម​​​​មានការទទួលស្គាល់ការិយាអធិបតេយ្យ​នៅក្នុងការផ្តល់សេវាសាធារណៈ។

សម្រាប់វិស័យឯកជន តែងតែអនុវត្តការិយាធិបតេយ្យ គឺជារឿងធម្មតា និង​ប្រយោជន៍​សម្រាប់​ពួក​គេ ដែលនាំឱ្យសម្រេចកិច្ចការងារបានលឿន និងស្រប​គោលបំណងរបស់​គេ​នីមួយៗ​​ដែលបាន​គ្រោង​ទុក​ជា​មុន។ ប៉ុន្តែសម្រាប់ការផ្តល់សេវាឯកជនដោយក្រុមហ៊ុនឯកជន គឺការិយាប្រជាធិបតេយ្យនេះ គឺពិបាក​នឹងកើតឡើងណាស់ កម្រិតអំពី​ការអនុវត្តជាខ្លាំង។ ប្រសិនជាអាចកើតឡើង គឺគេមានច្បាប់ទម្លាប់ និង​ការ​ទទួល​ខុសត្រូវការផ្តល់សេវា​ដែលតម្រូវឱ្យមាន​ការិយាធិបតេយ្យ និងដំណាក់កាលចុងក្រោយ គឺត្រូវចូល​ក្នុងប្រព័ន្ធរបស់គេគ្រប់គ្រងវិញ។ ឧទាហរណ៍៖ សកម្មភាពមន្ត្រីឥណទាន​ផ្តល់សេវាកម្ចីនៅផ្ទះ​ពលរដ្ឋ។

បញ្ហាប្រឈមធំមួយដែលកើតចេញពីការិយាធិបតេយ្យនេះ ស្តែងឡើងតាមរយៈរូបភាព អ្នកទទួល​សេវា​រង​សម្ពាធនៅពេលទៅទទួលសេវា, ចំណាយថវិកាច្រើន, ចំណាយពេលវេលារងចាំយូរ,​យល់​ថា​សកម្មភាពផ្តល់​សេវាស្មុគស្មាញ និង​ផ្សេងៗទៀត ដែលហេតុនាំការបាត់បង់ទំនុកចិត្តបន្តិចៗ​របស់​អ្នក​ទទួល​សេវា​ទៅលើ​អ្នកផ្តល់សេវា។

យន្តការ​បច្ចុប្បន្ននាំឱ្យគ្មានការិយាធិបតេយ្យ

យន្តការធានាឱ្យគ្មានការិយាធិបតេយ្យ គឺការបង្កើត​​ការិយាល័យ​​ច្រក​ចេញ​ចូលតែមួយ និង ប្រព័ន្ធ​បញ្ជរ​តែមួយជាតិ។

ការិយាល័យ​​ច្រក​ចេញ​ចូលតែមួយ គឺជាការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ​(​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់) សម្រាប់ប្រជាពលរដ្ឋអាចទទួលសេវាសាធារណៈជាមូលដ្ឋាន និង​សេវាសាធារណៈ​មួយចំនួនទៀតដែលថ្នាក់ជាតិប្រគល់ជូន។ សេវាសាធារណៈដែលមាន​ផ្តល់ជូន​​ពលរដ្ឋ​តាមរយៈ​ការិយាល័យច្រកចេញចូលតែមួយ គឺត្រូវបានកំណត់នៅក្នុង ប្រកាសអន្តរ​ក្រសួង​ស្តីពី​ការផ្តល់​សេវា​រដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ឆ្នាំ២០១៦ មានចំនួន ៣៨​ទំព័រ។ ការិយាល័យច្រកចេញចូលតែមួយ មានទម្រង់ជាការផ្តល់​សេវាសាធារណៈតាមរយៈទម្រង់ដោយផ្ទាល់ ដែលតម្រូវឱ្យពលរដ្ឋស្នើសុំសេវាត្រូវ​មក​​ទីកន្លែងផ្តល់សេវា និងបំពេញតាមបែបដែលបានកំណត់។ បើដូចនៅក្រសួង ស្ថាប័នមួយចំនួន ក៏មា​ន​បង្កើតកន្លែង​ច្រកចេញចូលតែមួយ ឬកន្លែងអង្គភាពរដ្ឋបាល​ក្នុងការស្នើសុំសេវា និងការទទួល​សេវា​សាធារណៈទៅវិញ។

ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការផ្តល់សេវាសាធារណៈ​នៅថ្នាក់ជាតិ (ក្រសួង ស្ថាប័នធំៗ) រៀបចំ​ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ តាមរយៈទម្រង់ឌីជីថល។​ប្រព័ន្ធបញ្ជរតែមួយជាតិ[3] មានតួនាទី​សម្រប​សម្រួល​ឱ្យមាន​ការផ្តល់​សេវាសាធារណៈ​ថ្នាក់ក្រសួង ស្ថាប័ន​ឱ្យលឿនរហួស​មាន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​ការិយាធិបតេយ្យ​ក្នុងការរត់ការពីស្ថាប័នមួយទៅ​ស្ថាប័ន​មួយទៀតពាក់ព័ន្ធ​ការស្នើសុំ​អាជ្ញាប័ណ្ណ លិខិត​អនុញ្ញាត និង​ឯកសារ​ផ្សេងៗ​​បម្រើសសេវាពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ។

សម្រាប់ការិយាល័យច្រកចេញចូលតែមួយ ឃើញថាមានការអនុវត្ត​ចាប់តាំងពីឆ្នាំ២០០៣​នៅ​ខេត្តបាត់ដំបង និងខេត្តសៀមរាប ជាការសាកល្បង។ ចំណែក​ប្រព័ន្ធបញ្ជរ ឃើញថាដាក់ឱ្យអនុវត្ត​នៅឆ្នាំ ២០២៤ ដែលនឹងត្រូវចាយពេលបន្ថែមទៀតឱ្យគម្រោងនេះគ្រប់ជ្រុងជ្រោយ។

សន្និដ្ឋាន
មន្ត្រីរដ្ឋ ជាពិសេសមន្ត្រីផ្តល់សេវាសាធារណៈ ត្រូវតែលើកទឹកចិត្តឱ្យគាត់​ផ្តល់សេវាសាធារណៈ​ជូន​ពលរដ្ឋ ដោយតម្លាភាព សមធម៌ លឿនរហ័ស និងចំណាយថវិការតិច​បំផុត។ ករណី​មន្ត្រី​អនុវត្ត​ការិយាធិបតេយ្យ ត្រូវតែមានការទទួលខុសតាមច្បាប់​លក្ខន្តិកៈ​មន្ត្រីយ៉ាងធ្ងន់ធ្ងរ។ តាម​រយៈ​នេះ គួរមាន​ក្រុម​ត្រួតពិនិត្យ និង​ដោះស្រាយមួយ ដែលដើរតួនាទី​សំខាន់​ធានា​ឱ្យគ្មាន​​ការិយា​ធិបតេយ្យ​។



អត្ថបទទស្សនយុវជន, ដោយ ហេង រិទ្ធ

[1] ក្រុមប្រឹក្សាជាតិភាសាខ្មែរ, សទ្ទានុក្រម វិទ្យាសាស្ត្រនយោបាយនិងការទូត ឆ្នាំ២០១៤ ទំព័រ១២

[2] Youtube: The SUN Dictionary ការិយាធិបតេយ្យ_Bureaucracy, 8 Aug 2022 https://www.youtube.com/watch?v=oiuMk_a4aa4

[3] ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ ក្រោមអធិបតីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤


Post a Comment

Previous Post Next Post