(រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)
អាស៊ាន បង្ហាញអំពីការរក្សា និងពង្រឹងឯកភាពលើទំនាក់ទំនងរបស់អាស៊ានក្នុងគោលបំណងដោះស្រាយ ភាពស្មុគស្មាញភូមិសាស្ត្រនយោបាយ, ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន, ការចូលសមាជិកអាស៊ានរបស់ទីម័រឡេស្តេ, វិបត្តិនៅមីយ៉ាន់ម៉ា និងផ្សេងៗទៀត ដើម្បីមានដំណោះស្រាយប្រកបដោយបរិយាបន្ន និងចីរភាព។
នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” ប្រព្រឹត្តនៅប្រទេសម៉ាឡេស៊ី បង្ហាញថាក្នុងបរិបទនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ជម្លោះប្រដាប់អាវុធ តម្រូវឱ្យរក្សា និងពង្រឹងឯកភាព លើទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅដែលមានស្រាប់ និងថ្មីៗ ដើម្បីបរិយាបន្ន ចីរភាព ដែលមិនទុកនរណាម្នាក់ និងកន្លែងណាមួយចោល។ មួយវិញទៀតត្រូវតែមានការឯកភាពគ្នាលើគោលដៅ យុទ្ធសាស្ត្រ ចក្ខុវិស័យ និងភាពច្បាស់លាស់លើសកម្មភាពរួម។
សេចក្តីប្រកាសព័ត៌មាន បន្តលើពីសារៈសំខាន់នៃពាណិជ្ជកម្មក្នុងអាស៊ានតាមរយៈការសម្រួលដំណើរការនីតិវិធីឱ្យកាន់តែរលូន ការដកចេញនូវរបាំងនានា ការបន្សំក្របខ័ណ្ឌបទបញ្ញត្តិ ការទទួលយកអន្តរកាលឌីជីថល និងបរិស្ថានបៃតងក្នុងការបង្កើតទីផ្សារ តំបន់ដែលគ្មានរបាំង និងមានភាពធន់។
សេចក្តីប្រកាសព័ត៌មាន ក៏បានបង្ហាញពីការគាំទ្ររបស់កម្ពុជាចំពោះសមាជិកភាពរបស់ទីម័រឡេស្តេក្នុងអាស៊ាននៅឆ្នាំនេះ ព្រោះជាការពង្រឹងសមត្ថភាពរួមរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈម និងអាចទទួលបានអត្ថប្រយោជន៍ពីសមាហរណកម្មក្នុងតំបន់។
សេចក្តីប្រកាសព័ត៌មាន បន្តលើកឡើងអំពីការបន្តពិភាក្សាលើការអនុវត្តការកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដើម្បីដោះស្រាយបញ្ហាជះឥទ្ធិពលលើសេដ្ឋកិច្ចសកល និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់។ កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ឱ្យឆាប់ទទួលបាននូវស្ថេរភាព និងសន្តិភាព។
ក្នុងពេលជាមួយគ្នានេះ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៦ បង្ហាញថា ចំពោះបញ្ហាមីយ៉ាន់ម៉ា ក៏ជាផ្នែកមួយនៃការជួយ និងដោះស្រាយផងដែរ តាមរយៈការផ្តល់ជំនួយមនុស្សធម៌, ការកៀរគរធនធានកសាងប្រទេសឡើងវិញ, វេទិកាផ្សះផ្សាភាពខុសគ្នាផ្នែកនយោបាយ និងកសាងទំនុកចិត្តលើការដំណោះស្រាយនយោបាយ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៩ ក៏បានបង្ហាញពីភាពបន្ទាន់នៃការដោះស្រាយការគំរាមកំហែងឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស ដោយត្រូវដោះស្រាយតាមរយៈការពង្រឹង កិច្ចសហប្រតិបត្តិការ ក្របខ័ណ្ឌគតិយុត្តរឹងមាំ និងសមត្ថភាពបច្ចេកវិទ្យាទំនើប។
ចំណែកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣៦ ក៏បានពិភាក្សាពីសមាជិកភាព ពេញសិទ្ធរបស់ទីម័រឡេស្តេក្នុងអាស៊ាន និងការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
មួយវិញទៀតសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញថាប្រទេសចិននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់អាស៊ាន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់តំបន់ និងជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំទីពីរ។ អាស៊ាន ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងចិន អាចប្រើប្រាស់បច្ចេកវិទ្យាទំនើបគាំទ្រដល់ការផ្លាស់ប្តូរ ថាមពល ពាណិជ្ជកម្មឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យថ្មីៗផ្សេងទៀត។
គួរបញ្ជាក់ថា ប្រទេសចិន ចង់បង្កើន និងរក្សាប្រយោជន៍ភូមិសាស្ត្រានយោបាយក្នុងតំបន់អាស៊ានទាំងផ្លូវទឹក ផ្លូវគោក ដូចជា ឡាវ កម្ពុជា ភូមា ជាប្រទេសដែលខ្លួនចាត់ទុកថាល្អសម្រាប់កិច្ចសហប្រតិបត្តិការ។
